សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច លើកឡើងថា ក្នុងដំណាក់កាលនេះ វាអាចនឹងល្អប្រសើរ ប្រសិនបើកម្ពុជា សម្រេចមិនបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជាបណ្ដោះអាសន្ននោះ។
សម្ដេចក្រុមព្រះមានបន្ទូលក្រោយពិធីសំណេះសំណាលជាមួយយុវជនអ្នករាជានិយមនាមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ថា បើកម្ពុជា បោះបង្គោលព្រំដែនជាមួយវៀតណាម ក្នុងកាលៈទេសៈនេះ កម្ពុជាក៏ត្រូវតែលើកនិយាយជាមួយឡាវ និងថៃ ផងដែរ។
សម្ដេចក្រុមព្រះបញ្ជាក់ទៀតថា ដំណាក់កាលនេះ កម្ពុជាគួរតែឯកភាពគ្នាជាមុន មុននឹងឈានទៅដល់ការបោះបង្គោលព្រំដែន ព្រោះកម្ពុជា អាចនឹងចាញ់ប្រៀបវៀតណាម៖ «អ្នកខ្លះគេមានយោបល់ថា បោះបង្គោលឱ្យហើយទៅវាល្អជាង។ ខ្ញុំគ្រាន់តែសុំជម្រាបថា បើសិនជាយើងពុំទាន់បោះបង្គោលវាស្រួលជាង កាលណាបោះបង្គោលហើយ យើងនិយាយជាមួយប្រទេសវៀតណាម ប្រទេសថៃ ប្រទេសឡាវ គឺគេមានកម្លាំងខ្លាំងណាស់ ហើយខ្ញុំមិននិយាយពីកម្លាំងនយោបាយទេ កម្លាំងអន្តរជាតិក៏គេខ្លាំងដែរ»។
ជុំវិញរឿងនេះដែរ លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គមយល់ថា ក្នុងដំណាក់កាលនេះ កម្ពុជាត្រូវមានឯកភាពផ្ទៃក្នុងលើផែនទីស្របច្បាប់ ដែលអង្គការសហប្រជាជាតិឲ្យមកជាមុនសិន បន្ទាប់មកត្រូវប្រើយន្តការអន្តរជាតិ ឬភាគីទី៣ ដើម្បីជួយផ្ទៀងផ្ទាត់ និងជួយជាសាក្សីមុននឹងសម្រេចបោះបង្គោលព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
