ចៅ​សង្កាត់​បក្ស​ប្រជាជន​នៅ​រតនគិរី​រង​ការ​ចោទ​ថា​រំខាន​ការ​ចុះ​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត

0:00 / 0:00

មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចោទ​ប្រកាន់​ចៅសង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្ត​រតនគិរី ថា​មាន​ចេតនា​ធ្វើ​ឲ្យ​យឺតយ៉ាវ​ការ​បំពេញ​ឯកសារ​ស្នើ​សុំ​ចុះ​បញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​របស់​គណបក្ស​នេះ ខណៈ​កាលបរិច្ឆេទ​កំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាន់​តែ​ខិត​ជិត​ដល់​ហើយ ក៏​ប៉ុន្តែ​មន្ត្រី​​សង្កាត់​ឡាបានសៀក បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ខណៈ​ចៅ​សង្កាត់​ឡាបានសៀក ខកខាន​ចេញ​លិខិត​បញ្ជាក់​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​របស់​ពលរដ្ឋ​ដែល​គ្រោង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​ចុះ​បញ្ជី​ឈ្មោះ​​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សម្រាប់​ការ​ប្រកួតប្រជែង​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​​សង្កាត់​អាណត្តិ​ទី​៥ នៅ​ខែ​មិថុនា ឆ្នាំ​២០១៧។

សេចក្ដី​រាយការណ៍​របស់​សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សង្កាត់​ឡាបានសៀក ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ សមាជិក​គណៈកម្មការ​ប្រតិបត្តិ​សង្កាត់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការ​បញ្ជាក់​ឈ្មោះ​បេក្ខជន​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ដើម្បី​យក​លិខិត​បញ្ជាក់​នេះ​សម្រាប់​​ជា​ឯកសារ​ស្នើ​សុំ​ចុះ​បញ្ជី​ឈ្មោះ​បេក្ខជន​ចូល​រួម​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ តាម​ការ​ណែនាំ​របស់ គ.ជ.ប ក៏ប៉ុន្តែ​ចៅ​សង្កាត់​បដិសេធ​ដោយ​សំអាង​ថា គណបក្ស​នេះ​មិន​ទាន់​មាន​ទីស្នាក់ការ​ត្រឹមត្រូវ។

មន្ត្រី​សម្របសម្រួល​ថ្នាក់​មូលដ្ឋាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក រិន កញ្ញា កត់សំគាល់​ថា ការ​ទាមទារ​របស់​ចៅ​សង្កាត់​មិន​មាន​ហេតុផល​ត្រឹមត្រូវ​ទាក់ទិន​ការ​ចេញ​លិខិត​រដ្ឋបាល​ជូន​ពលរដ្ឋ ជា​ពិសេស​លិខិត​បញ្ជាក់​ដែល​ពលរដ្ឋ​ស្នើ​សុំ​ដើម្បី​បំពេញ​បែបបទ​ចុះបញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​ឈរ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ។

លោក​ថា នេះ​ជា​ចេតនា​រារាំង និង​រំខាន​ការ​ចូលរួម​សកម្មភាព​នយោបាយ​របស់​ពលរដ្ឋ៖ «បែបបទ​រដ្ឋបាល​ពួកគាត់​យល់​ច្បាស់​ថា ពួកគាត់​ត្រូវ​ធ្វើ​អ្វី ប៉ុន្តែ​ជា​ចេតនា​មួយ​ដែល​ខ្ញុំ​យល់​ថា មាន​គោលបំណង​បង្អាក់​ដំណើរ​ការ»

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​សង្កាត់​ឡាបានសៀក ជាង ៣០​នាក់ បាន​ចូលរួម​សមាជ​បង្កើត​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ទើប​បង្កើត​ជា​លើក​ដំបូង​នៅ​សង្កាត់​នេះ​ដើម្បី​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ពេល​ខាង​មុខ​នេះ។

ស្មៀន​សង្កាត់​ឡាបានសៀក អ្នកស្រី ស៊ឹម សុភាព បដិសេធ​ថា ការ​ចោទ​ប្រកាន់​របស់​សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គ្មាន​ការ​ពិត ពីព្រោះ​មន្ត្រី​សង្កាត់​ត្រូវ​ការ​ពេល​វេលា​ត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​ស្នើ​សុំ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ដើម្បី​ផ្ទៀងផ្ទាត់​មុន​នឹង​ចេញ​លិខិត​បញ្ជក់​ជូន​ពលរដ្ឋ។ ក៏ប៉ុន្តែ​សកម្មជន​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ចុង​ម៉ោង​ធ្វើ​ការ ទើប​ចៅ​សង្កាត់​ទុក​ឯកសារ​នោះ​បន្ត​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់​ទៀត។

អ្នកស្រី​បន្ត​ថា ជា​គោលការណ៍​មន្ត្រី​សង្កាត់​មាន​ពេល​បី​ថ្ងៃ​សម្រាប់​ការ​ចេញ​លិខិត​បញ្ជាក់​រដ្ឋបាល​ជូន​ពលរដ្ឋ៖ «អត់​ទេ! មេ​ឃុំ​អត់​បាន​និយាយ​អ៊ីចឹង​ទេ គាត់​និយាយ​ថា ឯកសារ​ហ្នឹង​ឲ្យ​ទុក​ជាមួយ​ស្មៀន​ដើម្បី​ឆែក​​ជាមួយ​បញ្ជី​បោះឆ្នោត​សិន បើ​មាន​ឈ្មោះ​បាន​យើង​ហ៊ាន​ចុះ​ហត្ថលេខា​លើ​លិខិត​បញ្ជាក់​ហ្នឹង»

ផ្ទុយ​ពី​ការ​អះអាង​នេះ សមាជិក​គណៈកម្មការ​ប្រតិបត្តិ និង​ជា​បេក្ខជន​ត្រៀម​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សង្កាត់​ឡាបានសៀក លោក ឌឿ សុខា បញ្ជាក់​ថា ចៅ​សង្កាត់​ពិត​ជា​បដិសេធ​មិន​ចេញ​លិខិត និង​អះអាង​ថា រង់ចាំ​សួរ​បញ្ហា​នេះ​ទៅ​ថ្នាក់​ខេត្ត។ លោក​ថា នេះ​ជា​ចេតនា​អូស​បន្លាយ​ពេល​វេលា​ចុះ​ឈ្មោះ​របស់​សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន៖ «ខ្ញុំ​ថា​ទិសដៅ​ហ្នឹង​គឺ​ធ្វើ​ឲ្យ​រំខាន នៅ​ពេល​នេះ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​សោះ គេ​ធ្វើ​ឲ្យ​ពន្យារ​ពេល​ទៅ»

​ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី លោក ប៉ែន ឈុនឌី អះអាង​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ថា​នឹង​សម្របសម្រួល​ករណី​នេះ​ដើម្បី​បញ្ចប់​បញ្ហា។

គ.ជ.ប កំណត់​កាលបរិច្ឆេទ​ចុះ​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ​សម្រាប់​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៧។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រចាំ​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា មន្ត្រី​សង្កាត់​ឡាបានសៀក កំណត់​ពេល​ចេញ​លិខិត​ជូន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន ២២​នាក់​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​បាន​ស្នើ​សុំ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។