លោក ស៊ាន ប៉េងសែ ថា​លោក​មិន​ដែល​បាន​ឲ្យ​ផែនទី​ទៅ​លោក សុខ ទូច

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រទេស​បារាំង និង​ក្នុង​ពិភពលោក លោក ស៊ាន ប៉េងសែ បដិសេធ​ថា លោក​មិន​ដែល​បាន​ផ្ញើ​ផែនទី​កម្ពុជា ដែល​គណៈកម្មាធិការ​លោក​មាន​តាំង​ពី​ឆ្នាំ​១៩៦៣ ទៅ​ឲ្យ​លោក​បណ្ឌិត សុខ ទូច នៃ​រាជបណ្ឌិត្យសភា ដូច​ការ​អះអាង​នោះ​ទេ។

លោក ស៊ាន ប៉េងសែ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ទី​១០ សីហា ថា រូប​លោក​ផ្ទាល់ និង​សមាជិក​គណៈកម្មាធិការ​របស់​លោក​មិន​ដែល​បាន​ទទួល​ការ​ស្នើ​សុំ​ផែនទី​ណា​មួយ​ពី​រាជបណ្ឌិត្យសភា ដើម្បី​យក​ទៅ​ប្រើប្រាស់​ផ្ទៀងផ្ទាត់​ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម នោះ​ឡើយ។

លោក​បន្ត​ថា គណៈកម្មាធិការ​លោក​បាន​ប្រគល់​កិច្ចការ​នានា​ដល់​អគ្គហិរញ្ញិក​លោក ហម ប៊ុនឆាយ ដើម្បី​ទទួល​ខុស​ត្រូវ​រឿង​ផ្ញើ​ផែនទី​នោះ៖ «ខ្ញុំ​មិន​ដែល​បាន​ជូន​ផែនទី​នេះ​ទៅ​លោក សុខ ទូច ទេ។ ការ​ចែក​ចាយ​ផែនទី​នេះ គឺ​ចាត់ចែង​ដោយ​លោក ហម ប៊ុនឆាយ ហើយ​បើ​តាម​ខ្ញុំ​ដឹង ផែនទី​នេះ​អាច​ផ្ញើ​ជូន​ទៅ​អ្នក​ណា​ដែល​បាន​សរសេរ​សំបុត្រ​សុំ ឬ​ទាក់ទង​មក​គាត់ ហើយ​ខ្ញុំ​អត់​បាន​ដែល​ស្គាល់​លោក សុខ ទូច ពី​មុន ឬ​ក្រោយ​នេះ​មិន​ដែល​ស្គាល់​ទេ»

លោក ស៊ាន ប៉េងសែ ក៏​បាន​គូស​បញ្ជាក់​ថា ផែនទី​របស់​លោក​មាន​នោះ គឺ​ជា​ផែនទី​កម្ពុជា ខ្នាត ១/១០០.០០០ ចំនួន ១២៦​ផ្ទាំង ដែល​បាន​រៀបចំ​ដោយ​ប្រទេស​បារាំង ចន្លោះ​ពី​ឆ្នាំ​១៩៣៣ និង​ឆ្នាំ​១៩៥៣ ហើយ​បាន​វិទ្យាស្ថាន​ភូមិសាស្ត្រ​បារាំង បោះ​ពុម្ព​ផ្សាយ ហើយ​ថា គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រទេស​បារាំង និង​ក្នុង​ពិភពលោក គ្មាន​ទំនាក់ទំនង និង​ការ​ទទួល​ខុស​ត្រូវ​បែប​ណា​មួយ​ជាមួយ​ភ្នាក់ងារ​ណា ឬ​ក្រុម​ណា​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។