គណៈកម្មការ​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​គ្រោង​ផ្សព្វផ្សាយ​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឲ្យ​ទូលំទូលាយ

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​គណៈកម្មការ​ហិរញ្ញវត្ថុ ធនាគារ សវនកម្ម​រដ្ឋសភា មាន​គម្រោង​ផ្សព្វផ្សាយ​សេចក្ដី​ព្រាង​ច្បាប់​ថវិកាជាតិ​ឲ្យ​បាន​ទូលំទូលាយ។ គម្រោង​នេះ​កើតឡើង​បន្ទាប់ពី គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកាជាតិ ដោយ​គ្រោង​ចំណាយ​ចំនួន ជិត​៤​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៤ លើស​ថវិកាជាតិ​ឆ្នាំ​២០១៣ ជិត​១១% ។ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ថវិកា​នេះ នឹង​ត្រូវ​បញ្ជូន​ទៅកាន់​គណៈកម្មការ​ធនាគារ ហិរញ្ញវត្ថុ និង សវនកម្ម រដ្ឋសភា នៅ​សប្ដាហ៍​ក្រោយ។

តំណាងរាស្ត្រ​គណបក្សប្រឆាំង ដែល​កំពុង​កាន់​តំណែង អនុប្រធាន​គណៈកម្មការ​ធនាគារ ហិរញ្ញវត្ថុ សវនកម្ម​រដ្ឋសភា លោក សុន ឆ័យ សន្យា​ថា​នឹង​ត្រួស​ត្រាយផ្លូវ បើក​ឲ្យ​សង្គម​ស៊ីវិល​និង​ពលរដ្ឋ បាន​ចូលរួម​ពិនិត្យ​និង​បញ្ចេញយោបល់ ទាក់ទង​នឹង​ច្បាប់ ថវិកាជាតិ។ លោក សុន ឆ័យ នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា មានប្រសាសន៍ថា នា​ពេល​កន្លងទៅ​ច្បាប់​ថវិកាជាតិ​ត្រូវ​បាន​រៀបចំ​ឡើងជា​ប្រយោជន៍ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា យក​ទៅ​ប្រើប្រាស់​ដោយ​មិន​មាន​គោលដៅ​ច្បាស់លាស់ និង ពុករលួយ ប៉ុន្តែ​ឆ្នាំនេះ មិន​ដូច​មុន​ៗ​ឡើយ។ សំឡេង

ទោះជា​បែប​ណា​ក្ដី គណៈរដ្ឋមន្ត្រី​រំពឹង​ថា​ថវិកា​ទាំងនោះ នឹង​បង្កើន​ប្រសិទ្ធភាព​លើ​ចំណាយ​ប្រតិបត្តិការ​ជា​សាធារណៈ​នានា និង ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​អាទិភាព​សំខាន់ៗ​រួមមាន ៖​វិស័យ​អប់រំ សន្តិសុខ ការពារ​ជាតិ ពាណិជ្ជកម្ម បរិស្ថាន និង​ជំរុញ​អភិបាលកិច្ច​ល្អ។ ម្យ៉ាងទៀត​រដ្ឋាភិបាល ដាក់​ទិស ដៅ​ធានា កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគរយ ដើម្បី​បង្កើត​ការងារ​ជូន​ពលរដ្ឋ កាត់បន្ថយ​ភាព​ក្រីក្រ និង​បង្កើន​ទំនុក​ចិត្ត​របស់ ប្រជាពលរដ្ឋ​លើ​ស្ថាប័នរដ្ឋ។ រដ្ឋាភិបាល​ក៏​រំពឹង​ដែរ​ថា ទុន​បម្រុង​អន្តរជាតិ​របស់​កម្ពុជា នឹង​កើន​ដល់​ជាង​៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ខណៈ​ដែល​ឆ្នាំ​២០១៤​ទុន​បម្រុង​នេះ​មាន​ចំនួន​ជាង​៤​ពាន់​៥​រយ​លាន​ដុល្លារ។ ទុន​បម្រុង​នេះ អាច​ធានា​ឲ្យ​ការ​នាំចូល​ប្រមាណ​៤​ខែ​កន្លះ និយាយ​ឲ្យ​ស្រួល​ស្ដាប់​បើ​សេដ្ឋកិច្ច​កម្ពុជា​គាំង​ទុន​បម្រុង​នេះ​អាច​ចិញ្ចឹម​ពលរដ្ឋ​បាន​៤​ខែ​កន្លះ។

កាលពី​ឆ្នាំ​២០១៣ សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ច្បាប់​ថវិកា​ឆ្នាំ​នោះ​អនុម័ត​ដោយ​ឆាប់រហ័ស និង មិន​មាន​ការចូលរួម​យោបល់​ពី​សំណាក់​សង្គម​ស៊ីវិល និង ពលរដ្ឋ​ឡើយ។ កាលពី​ឆ្នាំ​២០១២ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដឹកនាំ​ដោយ​លោក សុន ឆ័យ បាន​សួរនាំ​មន្ត្រី​រដ្ឋាភិបាល​ពី​ចំណូល​បាន​មក​ពី​លក់​សំបុត្រ​ប្រាសាទអង្គរវត្ត ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​របស់​លោក សុក គង់។ លោក សុន ឆ័យ បាន​បង្ហាញ​ភស្តុតាង មួយ​ចំនួន​ធំ​ដែល ជា​ទឡ្ហីករណ៍​បញ្ជាក់​ថា​ក្រុមហ៊ុន​នេះ​កិបកេង​ថវិកាជាតិ តែ​មន្ត្រី​រដ្ឋាភិបាល ធ្វើ​មិន​តប​លើ​ចំណុច​នេះ​ឡើយ។

លោក សុន ឆ័យ ប្រាប់​វិទ្យុ​អាស៊ីសេរីថា គណៈកម្មការ ធនាគារ​ហិរញ្ញវត្ថុ​សវនកម្ម​រដ្ឋសភា​នឹង ទៅ​ត្រួតពិនិត្យ​ក្រុមហ៊ុន លក់​សំបុត្រ​ចូល​មើល​ប្រាសាទអង្គរវត្ត នៅ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​ថវិកា​នេះ​ចូល​ដល់ដៃ​រដ្ឋសភា។

ចំណែក​ឯ​អ្នកស្រាវជ្រាវ ការអភិវឌ្ឍន៍​សង្គម លោក កែម ឡី វិញ​លើក​ឡើង​ថា ការ​ចងក្រង​ច្បាប់​ថវិកាជាតិ​នេះ មិន​មាន​ការចូលរួម​តាំងពី​ដំបូង​មក​ម្ល៉េះ ជាហេតុ​ធ្វើ​ឲ្យ​ការចាយវាយ​ថវិកាជាតិ​លើ​ខ្ទង់​មួយ​ចំនួន​នោះ​ខ្ជះខ្ជាយ និង​ឥតប្រយោជន៍។ សំឡេង

ទោះជា​បែប​ណា​ក្ដី រដ្ឋាភិបាល​ប៉ាន់​ស្មានថា កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគរយ។ ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន​កំណើន​ប្រមាណ​ជាង​៩% ដោយ​ការនាំចេញ​ផលិតផល​កាត់ដេរ​និង​កំណើន​ផ្នែក​សំណង់។ វិស័យ​សេវា កើន​ឡើង ៧,៥%​ដោយសារ​កំណើន​ផ្នែក​ពាណិជ្ជកម្ម​សណ្ឋាគារ និង ភោជនីយដ្ឋាន ផ្នែក​អចលនទ្រព្យ ផ្នែក​ធនាគារ និង​ភាព​ប្រសើរ​ឡើង​នៃ​ប្រព័ន្ធ នៃ​ការ​ផ្គត់ផ្គង់​សម្ភារៈ។ កំណើន​វិស័យ​កសិកម្ម មាន​ចំនួន​២,៦% ដោយសារ​ការ​ដាំដុះ និង​ការ​កើន​ឡើង​នៃ​ផលិតភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។