ប្រតិកម្ម​នានា​តប​ទៅ​នឹង​ការ​ចោទ​របស់​តំណាងរាស្ត្រ​បក្ស​ប្រជាជន​អំពី​បដិវត្តន៍​ពណ៌

0:00 / 0:00

អង្គការ​ស្ថាប័ន​មួយ​ចំនួន នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា បាន​ប្រតិកម្ម​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា បាន​ភ្ជាប់​ស្ថាប័ន​ទាំង​នោះ​ខ្លះ​ទៅ​នឹង​ចលនា​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។ អង្គការ​ស្ថាប័ន​ទាំង​នេះ​បដិសេធ​ថា មិន​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​ទេ។

មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្លើយ​តប​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​លោក ឈាង វុន ដែល​ចោទ​ថា ស្ថានទូត​អាមេរិក ផ្ដល់​យន្តការ​បដិវត្តន៍​ពណ៌​តាម​រយៈ​ការ​បណ្ដុះបណ្ដាល​យុវជន។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ចេ រ៉េម៉ាន (Raman Jay) នៅ​ថ្ងៃ​ដដែល​សរសេរ​សារ​ក្នុង​អ៊ីមែល​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក មាន​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​លើ​ការ​មិន​ប្រកាន់​បក្ស​ណា​មួយ ហើយ​ធ្វើការ​ជាមួយ​គ្នា​ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ដើម្បី​ជួយ​គាំទ្រ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា។

នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ឧសភា សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក ឈាង វុន បាន​ធ្វើ​បទ​បង្ហាញ​ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា អំពី​យន្តការ ១២ នៃ​បដិវត្តន៍​ពណ៌ និង​វិនាសកម្ម​នៃ​សង្គ្រាម ហើយ​ចោទ​ស្ថានទូត​សហរដ្ឋអាមេរិក​ថា មាន​តួនាទី​នៅ​ក្នុង​យន្តការ​បដិវត្តន៍​ពណ៌ តាម​រយៈ​បណ្ដុះបណ្ដាល​យុវជន៖ «ក្មួយ​បក​វ៉ឹបសៃថ៍​ស្ថានទូត​អាមេរិក មាន​កន្លែង​មួយ​នោះ គេ​ធ្វើ​ការ​បណ្ដុះបណ្ដាល។ គេ​យក​យុវជន​ទំនាក់ទំនង​ជា​មួយ​យុវជន។ គេ​យក​យុវជន​ទៅ​បណ្ដុះបណ្ដាល​ឲ្យ​ប្រើ​អ៊ីនធឺណិត ឲ្យ​ចេះ​ផ្សព្វផ្សាយ​នូវ​សារ​នយោបាយ ហើយ​មិន​តែ​ប៉ុណ្ណឹង​ទៀត គេ​ដាក់​ថា អ្នក​ទៅ​រៀន​នៅ​ទី​នោះ​បាន​ល្អ គេ​នឹង​បញ្ជូន​ទៅ​រៀន​នៅ​ស្រុក​អាមេរិក ថែម​ទៀត នរណា​មិន​ចង់​ទៅ​កូន​ខ្មែរ។ រៀន​របៀប​ប្រើ មិន​ធម្មតា​ទេ»

លោក​ក៏​ភ្ជាប់​ទៅ​នឹង​សកម្មភាព​របស់​គណបក្ស​ប្រឆាំង អង្គការ​មិន​មែន​រដ្ឋាភិបាល សហជីព​កម្មករ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ ថា​ជា​យន្តការ​បដិវត្តន៍​ពណ៌។ ក្នុង​នោះ លោក​ក៏​ចោទ​អង្គការ​មូលនិធិ​ធំៗ របស់​សហរដ្ឋអាមេរិក ដូច​ជា​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ ហៅ​កាត់​ថា អិន.ឌី.អាយ (NDI) ថា ស្ថិត​ក្នុង​យន្តការ​បដិវត្តន៍​ពណ៌ ជា​ពិសេស ពេល​ដែល​វិទ្យាស្ថាន​នេះ​រក​ឃើញ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មិន​ប្រក្រតី៖ «កាល​បោះឆ្នោត​ឆ្នាំ​២០១៣ ថ្ងៃ​ស ថ្ងៃ​ដែល​អត់​ធ្វើ​សកម្មភាព​មុន​បោះឆ្នោត​មួយ​ថ្ងៃ គាត់​យក​មក​ធ្វើ​ការ។ គេ​យក​មក​ស្រែក​ថា ទឹក​ខ្មៅ​លុប​ជ្រះ ហើយ​មុន​នោះ​ពីរ​បី​ខែ អង្គការ​មហា​អំណាច​មួយ​ស្រែក​ថា បញ្ជី​បោះឆ្នោត​ហ្នឹង​ខុស​ដល់​ទៅ​ជាង​មួយ​លាន​នាក់។ និយាយ​ឲ្យ​ចំ​ទៅ គឺ អិន.ឌី.អាយ ហ្នឹង។ អិន.ឌី.អាយ គាត់​លើក​អ៊ីចឹង ហើយ​ពួក​ហ្នឹង​យក​អា​ពីរ​ហ្នឹង គឺ​ទឹក​ខ្មៅ​ជ្រលក់​ដៃ​លុប​ជ្រះ បញ្ជី​បោះ​ឆ្នោត​ហ្នឹង​មាន​ឈ្មោះ​បំប៉ោង គេ​ភ្ជាប់​ចូល​គ្នា បើ​មាន​ឈ្មោះ​បំប៉ោង ទឹក​ខ្មៅ​លុប​ជ្រះ បាន​ន័យ​ថា អាច​ទៅ​បោះឆ្នោត​ម្ដង​ទៀត​បាន។ អា​ហ្នឹង​ហើយ​ដែល​គេ​លើក​យក​មក​ថា ជា​ការ​បន្លំ​សន្លឹក​ឆ្នោត។ សុទ្ធតែ​ជា​ការ​រៀបចំ​ឡើង»

ដោយ​ការ​បញ្ជាក់​ជំហរ​មិន​ប្រកាន់​បក្ស​ដូច​ស្ថានទូត​ដែរ នាយក​វិទ្យាស្ថាន អិន.ឌី.អាយ ប្រចាំ​កម្ពុជា លោក ចន ខាវ៉ាណុះ (John Cavanaugh) ក៏​បាន​ឆ្លើយ​តប​តាម​អ៊ីមែល​ថា រយៈ​ពេល​ជាង ២៥​ឆ្នាំ​មក​នេះ បាន​ចាប់​ដៃគូ​ជា​មួយ​គណបក្ស​នយោបាយ​នៅ​កម្ពុជា ដែល​មាន​បេក្ខជន អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ដើម្បី​លើក​ស្ទួយ​អភិបាលកិច្ច​មាន​តម្លាភាព និង​ការ​ចូលរួម​ផ្នែក​នយោបាយ ដែល​បម្រើ​ផលប្រយោជន៍​ប្រសើរ​បំផុត​ដល់​ពលរដ្ឋ​កម្ពុជា។

វិទ្យាស្ថាន អិន.ឌី.អាយ កំពុង​អនុវត្ត​កម្មវិធី ៤​ឆ្នាំ ដើម្បី​ពង្រឹង​តួនាទី​ពលរដ្ឋ​ក្នុង​ដំណើរ​ការ​នយោបាយ និង​បង្កើត​បរិយាកាស​នយោបាយ​ដោយ​ស្ថាបនា និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កាន់​តែ​មាន​ការ​ទទួល​ខុសត្រូវ។ កម្មវិធី​នេះ​ចាប់​ពី​ឆ្នាំ​២០១៦ និង​គ្រប​ដណ្ដប់​ទាំង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ ២០១៧ និង​បោះឆ្នោត​ជាតិ ២០១៨។

ទន្ទឹម​គ្នា​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា ដែល​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង ១​ពាន់​នៅ​កម្ពុជា គឺ​លោក សឿង សារឿន ថ្លែង​ថា លោក​មិន​បាន​សង្កេត​ឃើញ​អង្គការ​សមាគម​ណា​មួយ​មាន​សកម្មភាព​ចូលរួម​ក្នុង​យន្តការ​បដិវត្តន៍​ពណ៌​ទេ ក្រៅ​ពី​ការ​ចូលរួម​អភិវឌ្ឍន៍៖ «សង្គម​ស៊ីវិល​កម្ពុជា​យើង គាត់​ប្រតិបត្តិ​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​ខ្លួន។ ខ្ញុំ​មើល​ឃើញ​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ CCC យើង​ដែល​ធ្វើ​ដោយ​ក្រុមប្រឹក្សា​កាល​ពី​ឆ្នាំ​២០១៣ ហ្នឹង យើង​ឃើញ​មាន​អង្គការ​ប្រហែល​ជា ១.៣៥០ អង្គការ​ជាតិ អន្តរជាតិ ដែល​មាន​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ហ្នឹង គាត់​បាន​វិនិយោគ​កញ្ចប់​ថវិកា​ចន្លោះ ៥០០ ទៅ ៧០០​លាន​ដុល្លារ គឺ​ស្មើ​ប្រហែល​ជា ២៥% នៃ​កញ្ចប់​ថវិកា​ជាតិ ហើយ​យើង​មើល​ទៅ​ឃើញ​ការ​អភិវឌ្ឍ​ចូលរួម​ជា​មួយ​រដ្ឋាភិបាល​គ្រប់​វិស័យ ជា​ពិសេស វិស័យ​អប់រំ សុខាភិបាល ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ក៏​ដូច​ជា​ការ​ចូលរួម​ការពារ​បរិស្ថាន​ព្រៃឈើ ។ល។»

លោក សឿង សារឿន បញ្ជាក់​បន្ថែម​ថា ការ​ចាត់​ទុក​យុទ្ធនាការ "ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ" របស់​សកម្មជន ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និង​អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី ថា​ជា​សកម្មភាព​បដិវត្តន៍​ពណ៌ អាច​ជា​ការ​យល់​ច្រឡំ​របស់​រដ្ឋាភិបាល។

លោក ឈាង វុន ថ្លែង​អំពី​បារម្ភ​អំពី​យន្តការ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ហើយ​ថា ចលនា​តវ៉ា​កន្លង​មក ជា​ពិសេស​ការ​តវ៉ា​ដោយ​ប្រើ​ពាក្យ​ស្លោក "ដូរៗ" កាល​ពី​ឆ្នាំ​២០១៣ គឺ​ជា​បដិវត្តន៍​ពណ៌៖ «ស្រុក​ខ្មែរ​គេ​ចង់​ធ្វើ​ដែរ បដិវត្តន៍​អាវ​ខ្មៅ ប៉ុន្តែ​ធ្វើ​មិន​ចេញ»

លោក ឈាង វុន ក៏​យោង​ទៅ​ការ​តវ៉ា​របស់​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ដែល​ស្លៀក​ពាក់​ខ្មៅ និង​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​សហជីព​កម្មករ ថា​ជា​សកម្មភាព​បដិវត្តន៍​ពណ៌។ ឆ្លើយ​តប​បញ្ហា​នេះ តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​បឹងកក់ រាជធានី​ភ្នំពេញ ដែល​តែង​នាំ​គ្នា​ស្លៀក​ពាក់​ខ្មៅ​ចេញ​តវ៉ា​រក​យុត្តិធម៌​ក្នុង​រឿង​ដី​ធ្លី និង​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី គ.ជ.ប សង្គម​ស៊ីវិល និង​តំណាង​របស់​ខ្លួន គឺ​អ្នកស្រី បូវ សោភា ថ្លែង​ថា ការ​លើក​ឡើង​របស់​លោក ឈាង វុន មិន​ស្រប​រដ្ឋធម្មនុញ្ញ ហើយ​ថ្លែង​តាម​គំនិត​ខ្លួន​ឯង៖ «បើសិនជា​គាត់​ថា ធ្វើ​យុទ្ធនាការ​ពាក់​អាវ​ខ្មៅ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ហ្នឹង​ជា​រូបភាព​បដិវត្តន៍​ពណ៌ ឲ្យ​គាត់ ឬ​មួយ​រាជរដ្ឋាភិបាល​ចែង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​មក​ថា អ្នក​ពាក់​អាវ​ខ្មៅ​ធ្វើ​ការ​តវ៉ា​ហ្នឹង គឺ​ឲ្យ​តែ​ពាក់​អាវ​ខ្មៅ គឺ​បដិវត្តន៍​តែ​ម្ដង​ទៅ ឬ​មួយ​ថា ខ្មៅ​ហ្នឹង​បដិវត្តន៍​ទៅ។ អា​ហ្នឹង​ជា​រឿង​ចង់​ឲ្យ​លោក ឈាន វុន គិត​សា​ថ្មី​ថា អ្វី​ដែល​លោក ឈាង វុន កំពុង​និយាយ​ហ្នឹង គឺ​ជា​ការ​លាប​ពណ៌​ប្រជា​ពលរដ្ឋ ហើយ​ចង់​បំភិតបំភ័យ​ប្រជាពលរដ្ឋ តែ​បែរ​ជា​ធ្វើ​គំនិត​មួយ​ផ្ទុយ​ស្រឡះ​ព​រដ្ឋធម្មនុញ្ញ ហើយ​ផ្ទុយ​ស្រលះ​ពី​ពួក​យើង​ធ្វើ។ ពួក​ធ្វើ​បាន​បញ្ជាក់​ជំហរ​ហើយ​ថា ធ្វើ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សង្គម​ស៊ីវិល និង​ផ្ដល់​យុត្តិធម៌​សម្រាប់​គាត់ តែ​ប៉ុណ្ណឹង»

អ្នកស្រី​ថា ការ​តវ៉ា​នឹង​ចប់​នៅ​ពេល​ណា​មាន​យុត្តិធម៌​សម្រាប់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល គ.ជ.ប និង​តំណាង​អ្នក​បឹង​កក់។ អ្នកស្រី​អះអាង​ថា ពាក្យ​ស្លោក និង​ខ្លឹមសារ​តវ៉ា​មិន​មែន​រៀបចំ​អង្គការ​សង្គម​ស៊ីវិល​ណា​មួយ​ទេ៖ «សង្គម​ស៊ីវិល ឬ​ស្ថាប័ន​អាមេរិក​ណា ខ្ញុំ​អត់​ដឹង​ទេ មិន​មែន​យក​ដី​នៅ​តំបន់​បឹងកក់​ទេ។ មិន​ជា​អ្នក​ប្លន់​ដី​ពួក​ខ្ញុំ​ទេ អ្នក​ដែល​ប្លន់​ដី​ពួក​ខ្ញុំ គឺ​គណបក្ស​ប្រជាជន និង​លោក ឡាវ ម៉េងឃីន ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន ដែល​ជា​ប្រធាន​ស៊ូកាគូ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណឹង។ បើ​សម្រាប់​ថា អ្នក​យក​ដី​ពួក​ខ្ញុំ​ជា​អ្នក​អាមេរិក ហើយ​គេ​រៀបចំ​ឲ្យ​ធ្វើ ហើយ​អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់​ហ្នឹង ក៏​គាត់​មិន​មែន​ជា​អ្នក​មក​យក​ដី​ផ្ទះសម្បែង​ខ្ញុំ ហើយ​ក៏​មិន​បាន​ដឹកដៃ​ខ្ញុំ​ឲ្យ​សរសេរ​សារ​បែប​ណា ចាប់​ពួក​ខ្ញុំ​ដាក់​គុក ហើយ​ស្រែក​ថា​ អយុត្តិធម៌ ក៏​មិន​មែន​សង្គម​ស៊ីវិល។ សុទ្ធតែ​ជា​រឿង​តវ៉ា​ដោយសារ​ទាមទារ​ដី​ធ្លី ដំណោះស្រាយ​ដីធ្លី​ប៉ុណ្ណឹង​ឯង»

រី​ឯ​សកម្មភាព​តវ៉ា​របស់​សហជីព​ខ្លះ ដែល​លោក ឈាង វុន ចាត់​ចូល​ក្នុង​យន្តការ​បដិវត្តន៍​ដែរ​នោះ ត្រូវ​បាន​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឆ្លើយ​តប​ថា សហជីព​ជា​ទូទៅ​ធ្វើ​ទៅ​តាម​ឆន្ទៈ​របស់​កម្មករ និង​ច្បាប់ ដោយ​មិន​មាន​ការ​ជំរុញ​ពី​អង្គការ​ណា​មួយ​ឡើយ៖ «អ្នក​ណា​ជំរុញ​ឲ្យ​ធ្វើ​អី ឬ​ក៏​ពាក្យ​បដិវត្តន៍​ពណ៌ យើង​មិន​ដែល​ឮ​ទេ ហើយ​ការងារ​ដែល​យើង​ធ្វើ​ពី​នោះ​មក​ដល់​ឥឡូវ ក៏​យើង​នៅ​ធ្វើ​ធម្មតា។ វា​គឺ​ជា​រឿង​មួយ​គត់ បើសិនជា​បញ្ហា​របស់​កម្មករ​មិន​ត្រូវ​បាន​ដោះស្រាយ គឺ​កម្មករ​គេ​ទាមទារ ហើយ​នីតិវិធី កាល​ដោះស្រាយ​នៅ​ក្រសួង នៅ​តុលាការ​អត់​យុត្តិធម៌ គឺ​ច្បាប់​តម្រូវ​ថា យើង​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម ហើយ​បើសិនជា​យើង​ធ្វើ​កូដកម្ម​ហ្នឹង​ថា ជា​បដិវត្តន៍​ពណ៌ អា​ហ្នឹង​ប្រហែល​ជា​មាន​ន័យ​ថា គាត់​ហ្នឹង​យល់​មិន​ច្បាស់»

ទាក់ទង​នឹង​សកម្មភាព​តវ៉ា​ដោយ​ប្រើ​ពាក្យ​ស្លោក "ដូរៗ" កាល​ពី​ឆ្នាំ​២០១៣ ដែល​លោក ឈាង វុន ចាត់​ទុក​ជា​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​នោះ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម បណ្ឌិត មាស នី យល់​ថា មិន​ទាន់​ដល់​កម្រិត​បដិវត្តន៍​ពណ៌​ទេ គឺ​គ្រាន់​តែ​ជា​ការ​ទាមទារ​ការ​សម្រុះសម្រួល​នយោបាយ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​ថា ការ​បារម្ភ​របស់​រដ្ឋាភិបាល​ត្រឹមត្រូវ ព្រោះ​ចំនួន​មនុស្ស​ប្រមូលផ្ដុំ​ច្រើន​នៅ​ពេល​នោះ ជា​ការ​បញ្ជាក់​ថា ប្រជាប្រិយភាព​រដ្ឋាភិបាល​ធ្លាក់​ចុះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។