សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនយុវជនគណបក្សសង្គ្រោះជាតិ ៣នាក់នៅថ្ងៃទី២ ខែសីហា ក្នុងសំណុំរឿងអំពើហិង្សានាពេលកន្លងទៅ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកថា ការចាប់ខ្លួនយុវជនទាំងបីនាក់ ជាការដើរថយក្រោយនៃកំណែទម្រង់ប្រព័ន្ធតុលាការ និងជាការគំរាមកំហែងដល់ដំណោះស្រាយនយោបាយនៅកម្ពុជា។
គណបក្សប្រឆាំង បានរៀបចំឯកសារវិសោធនកម្មច្បាប់ដាក់ជូនគណបក្សកាន់អំណាច តាមស្មារតីកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ទាក់ទិននឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
មុនពេលទទួលចម្លើយតបទាំងស្រុងពីគណបក្សកាន់អំណាច តុលាការបានចេញដីកាកោះហៅបេក្ខជនជាប់ឆ្នោតបក្សប្រឆាំង ៨នាក់ និងមន្ត្រីកិច្ចការសាធារណៈម្នាក់ ឲ្យចូលបំភ្លឺក្នុងតុលាការនៅថ្ងៃទី១១ ខែសីហា ខាងមុខ ព្រមទាំងចាប់ខ្លួនយុវជនបក្សប្រឆាំង ៣នាក់ យកដាក់គុកថែមទៀត។ អ្នកទាំងនោះ ត្រូវតុលាការចោទប្រកាន់ថា បានពាក់ព័ន្ធក្នុងសំណុំរឿងបង្កហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដា ដែលបណ្ដាលឲ្យសន្តិសុខស៊ីឈ្នួលបង្ក្រាបបាតុកររាប់សិននាក់រងរបួសជាដំណំនោះ។
អ្នកណាទៅដឹងថា ត្រីស្អុយអាចរស់ឡើងវិញនោះ សំណុំរឿងដែលសាធារណជនជឿថា អាចបញ្ចប់ដោយសារកិច្ចព្រមព្រៀងនយោបាយ បែរជាត្រូវរស់ឡើងវិញនៅពេលដែលបក្សប្រឆាំងអែនអនពន្យារពេលចូលស្បថក្នុងវាំង។
មន្ត្រីជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា តុលាការមានឆន្ទានុសិទ្ធិក្នុងការកោះហៅ ឬសម្រេចឃុំខ្លួនអ្នកដែលពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌ។ តែលោកជឿថា រឿងរ៉ាវចាប់ខ្លួនយុវជនបក្សសង្គ្រោះជាតិ ជាការគំរាមផ្នែកនយោបាយ។ លោកបន្តថា យុវជនទាំងបីនាក់ ទំនងជាចំណាប់ខ្មាំងថ្មី ដែលបក្សកាន់អំណាចចាប់ដើម្បីដូរជាមួយការចូលស្បថក្នុងព្រះបរមរាជវាំងរបស់គណបក្សប្រឆាំង។ លោកបញ្ជាក់ថា តុលាការកម្ពុជា នឹងមិនអាចជៀសផុតពីការរិះគន់បានទេ ទាក់ទងនឹងបញ្ហានេះ៖ «សំឡេង»។
លោកបញ្ជាក់ថា សំណុំរឿងនេះជាសំណុំរឿងនយោបាយ មិនអាចប្រកែកបានទេ។ បើចង់ដឹងថា សំណុំរឿងនេះពាក់ព័ន្ធនឹងបញ្ហានយោបាយ ឬអត់ មិត្តអ្នកស្ដាប់អាចពិនិត្យមើលដំណើររឿងនេះទាំងអស់គ្នា។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបេក្ខជនជាប់ឆ្នោតរបស់គណបក្សប្រឆាំងចំនួន ៧នាក់ និងមន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈម្នាក់ជាបន្តបន្ទាប់ កាលពីពាក់កណ្ដាលខែកក្កដា។ ឃុំខ្លួនអ្នកទាំង ៨នាក់បានមួយអាទិត្យ តុលាការក៏សម្រេចដោះលែងទាំងតក់ក្រហល់ គឺដោះលែងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបក្សជាប់ឆ្នោតទាំងពីរត្រូវរ៉ូវគ្នានោះ។ នៅថ្ងៃទី២៥ ខែកក្កដា លោក កឹម សុខា បានចូលខ្លួនបំភ្លឺក្នុងតុលាការ តែលោកអះអាងថា ចៅក្រមស៊ើបសួរសួរលោកតែ១សំណួរប៉ុណ្ណោះ។ សំណួរសួរថា តើពេលកើតហេតុលោកនៅឯណា? បើសិនជា លោក កឹម សុខា និយាយពិតមែន តើតុលាការមិនមានពេលគ្រប់គ្រាន់ដើម្បីសួរ លោក កឹម សុខា ឬក៏គ្រាន់ជាការសួរបង្គ្រប់កិច្ចនៅពេលដែលអ្នកនយោបាយចរចាគ្នាត្រូវ?
ទោះជាបែបណាក្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា បានពន្យល់ក្នុងសន្និសីទកាសែត បំភ្លឺអគ្គរដ្ឋទូតនានាថា រឿងរ៉ាវវាយចាប់អ្នកតំណាងរាស្ត្រទាក់ទងនឹងអំពើហិង្សានៅស្ពាននាគនោះ ជាសំណុំរឿងព្រហ្មទណ្ឌ មិនទាក់ទងនឹងនយោបាយទេ។ ហើយបេក្ខជនជាប់ឆ្នោតដែលត្រូវចាប់ខ្លួន ក៏មិនមែនជាអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិសភាដែរ។ ដូចនេះ វាជាឆន្ទានុសិទ្ធិរបស់តុលាការ។
រដ្ឋធម្មនុញ្ញចែងថា រដ្ឋសភាកម្ពុជា ត្រូវមានសមាជិកទាំងអស់យ៉ាងតិច ១២០រូប ហើយសមាជិកសភាជាអ្នកតំណាងរាស្ត្រ។ តំណាងរាស្ត្រជាតំណាងប្រជាជាតិខ្មែរទាំងមូល។ តំណាងរាស្ត្រទាំងអស់មានអភ័យឯកសិទ្ធិសភា។ ចុះបើបេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ មិនមែនជាតំណាងរាស្ត្រផង ហេតុអ្វីបានជាសភាដែលមានតែសមាជិកគណបក្សប្រជាជនកម្ពុជា ៦៨រូប ស្រាប់តែមានសមាជិករហូតដល់ ១២៣រូបទៅវិញ? សភាដែលមានតំណាងរាស្ត្រតែ ៦៨នាក់ ស្រាប់តែអនុម័តច្បាប់ជាច្រើន រួមមានច្បាប់ស្ដីពីថវិកាជាតិ ច្បាប់ពាក់ព័ន្ធនឹងវិស័យតុលាការ និងច្បាប់ផ្សេងៗទៀតជាច្រើន ហើយថែមទាំងប្រកាសថា ជាសភាស្របច្បាប់ថែមទៀត។
រដ្ឋធម្មនុញ្ញ មិនបានចែងថា អ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិនៅពេលណានោះទេ។ ដូចនេះ ទាំងមន្ត្រីតុលាការ ទាំងរាជរដ្ឋាភិបាល ទាំងរដ្ឋសភា មិនមានសិទ្ធិបកស្រាយអ្វីទាំងអស់ថា ពេលណាដែលអ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិនោះ។ ស្ថាប័នតែ១គត់ដែលមានសិទ្ធិអំណាចបកស្រាយច្បាប់នេះ នោះគឺស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញ បែរជាស្ងាត់ច្រៀបទុកឲ្យនគរបាលយុត្តិធម៌ចាប់ដាក់ខ្នោះបេក្ខជនជាប់ឆ្នោត ឬអាចនិយាយបានថា តំណាងរាស្ត្របក្សប្រឆាំងទាំងអស់មិនច្បាស់ថា ការធ្វើនេះត្រូវច្បាប់ ឬអត់?
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា សំណុំរឿងនេះជាសំណុំរឿងនយោបាយ។ លោកគិតថា ការចាប់ខ្លួននេះ ទំនងជាមិនមានឥទ្ធិពលធ្វើឲ្យបក្សសង្គ្រោះជាតិ ប្ដូរជំហរដូចពេលដាក់គុកអ្នកតំណាងរាស្ត្រនោះដែរ។ លោកបញ្ជាក់ថា ដំណោះស្រាយចុងក្រោយ នឹងអាចបញ្ចប់បាននៅពេលដែលតំណាងរាស្ត្រគណបក្សប្រឆាំងព្រមចូលស្បថក្នុងសភា៖ «សំឡេង»។
រីឯមន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនហ៊ានពន្យល់ថា តើការចាប់ខ្លួនយុវជនទាំងនោះ អាចប៉ះពាល់ដល់ការសម្រេចចិត្តចូលស្បថរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឬអត់នោះទេ? តែលោកបញ្ជាក់ថា មេដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងតាមដានបញ្ហានេះយ៉ាងដិតដល់។ នៅល្ងាចថ្ងៃទី២ ខែសីហា គណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍មួយចាត់ទុកថា ចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ជារូបភាពគំរាមកំហែងថ្មីមួយទៀត ដែលបក្សប្រជាជនកម្ពុជា ប្រើដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួន។
ចំណែកឯអ្នកជំនាញផ្នែកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី វិញយល់ថា ការព្យាយាមប្រើអំណាចតុលាការដើម្បីផ្គាប់ចិត្តអំណាចនីតិប្រតិបត្តិ ប្រាកដជាដួលផ្ងារជើងនៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ លោក ហ៊ុន សែន។ លោកបញ្ជាក់ថា គណបក្សទាំងពីរចាំបាច់ត្រូវតែរួបរួមគ្នាជាបន្ទាន់ ដើម្បីកែទម្រង់តុលាការឲ្យក្លាយជាតុលាការដែលពលរដ្ឋអាចជឿទុកចិត្តបាន៖ «សំឡេង»។
កាលពីថ្ងៃទី២៨ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងប្រាប់អ្នកកាសែតថា ការស្រុះស្រួលគ្នាធ្វើការក្នុងរដ្ឋសភា ជាសមិទ្ធផលថ្មីរបស់កម្ពុជា ដែលឈានទៅរកការអភិវឌ្ឍពិតប្រាកដ។ ចំណែកឯប្រធានគណបក្សប្រឆាំង លោក សម រង្ស៉ី ក៏សម្ដែងជំនឿចិត្តថា កម្ពុជា នឹងដើរលឿនទៅមុខប្រកបដោយការកែទម្រង់នោះដែរ។ ក៏ប៉ុន្តែ មេចលនាយុវជនគណបក្សសង្គ្រោះជាតិ បែរជាត្រូវតុលាការសម្រេចចោទប្រកាន់ពីបទចូលរួមកុបកម្មហិង្សាដោយចេតនា និងប្រមាថមន្ត្រីរាជការសាធារណៈ ហើយក៏ត្រូវតុលាការសម្រេចឃុំខ្លួនក្នុងគុកព្រៃស នៅល្ងាចថ្ងៃទី២ ខែសីហា។ បើសិនជាតុលាការចាត់ការសំណុំរឿងអំពើហិង្សានៅទីលានប្រជាធិបតេយ្យតាមច្បាប់មែននោះ ក្រុមបាតុករដែលវាយសន្តិសុខឯកជនទាំងអស់ អាចនឹងត្រូវមានទោស ហើយអ្នកបញ្ជាក៏ត្រូវមានទោសដូចគ្នាដែរ ព្រោះថា ពួកគេក៏ធ្លាប់វាយគេវាយឯងឲ្យរបួសជាច្រើនដងច្រើនសា។
បច្ចុប្បន្ន ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ បានវិវឌ្ឍពីការប្រើដំបងវាយក្បាលអ្នកតវ៉ា មកជាការកាន់ដំបងឆក់ ឆក់អ្នកតវ៉ាវិញម្តង។ ក្នុងសប្ដាហ៍នេះ បាតុករតវ៉ារឿងដីធ្លីពីរនាក់ បានសន្លប់ដោយសារឥទ្ធិពលដំបងឆក់នេះ។ សន្តិសុខមិនត្រូវបានចោទប្រកាន់ឡើយ ហើយនេះទំនងមកពីអ្នកសន្លប់មិនប្ដឹង។ ក៏ប៉ុន្តែអ្នកកាសែតដែលសន្តិសុខវាយឲ្យរបួសធ្ងន់សន្លប់បាក់ថ្គាមនោះ បានប្ដឹងទៅតុលាការដែរ តែស្ងាត់ឈឹងតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
