មេដឹកនាំ​គណបក្ស​ប្រឆាំង​បន្ទន់​ជំហរ​ក្នុង​ការ​ថ្លែង​សារ​ជា​សាធារណៈ

0:00 / 0:00

មេដឹកនាំ​គណបក្ស​ប្រឆាំង​បន្ទន់​ជំហរ​ក្នុង​ការ​ថ្លែងការណ៍​នយោបាយ​ជា​សាធារណៈ​បន្ទាប់​ពី​លោក ហ៊ុន សែន គំរាម​លុបចោល​កិច្ច​ចរចា​ទាំង​អស់​នោះ។ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ព្រមាន​ត្រង់ៗ​ទៅ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ឈប់​រិះគន់​រដ្ឋាភិបាល និង​ ជំរុញ​​ឲ្យ​តុលាការ​បន្ត​ចាត់ការ​លើ​បណ្ដឹង​អាជ្ញាអ្នក​​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ៧​រូប​​ទៀត​ផង។

រយៈពេល ៣​ថ្ងៃ​មក​ហើយ​ដែល​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មិន​ដឹង​មិន​លឺ​ចំពោះ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​ប្រសាសន៍​របស់​លោក ហ៊ុន សែន ម្តង​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា នៅ​វិមាន​រដ្ឋ​សភា នៅ​ពេល​ដែល​អ្នក​កាសែត​សួរ​ពួកគាត់​ពី​បញ្ហា​នេះ។

នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា វិញ ទាំង​លោក សម រង្ស៉ី និង​លោក កឹម សុខា ប្រើ​ពេល​ប្រហែល​ជាង ២​នាទី​ប៉ុណ្ណោះ​ដើម្បី​ថ្លែងការណ៍​ទៅ​កាន់​អ្នក​ចូល​រួម​ប្រមាណ​ជាង ១០០​នាក់​នោះ។ ប្រមុខ​ដឹកនាំ​ទាំង​ពីរ​មិន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​បន្តិច​ណា​ទេ តែ​ពួកគាត់​ប្ដេជ្ញា​ចិត្ត​ថា នឹង​ស្វែង​រក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា ឲ្យ​ខាន​តែ​បាន​នៅ​ថ្ងៃ​ណា​មួយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ការ​បន្ទន់​ជំហរ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​ដើរ​ផ្លូវ​ត្រូវ។ លោក​បន្ត​ថា បើ​ជា​មេ​បក្ស​ប្រឆាំង​នៅ​តែ​ប្រតិកម្ម​តប​នឹង​ប្រសាសន៍​របស់​លោក ហ៊ុន សែន ត​ទៅ​ទៀត​នោះ វិបត្តិ​នយោបាយ​នៅ​កម្ពុជា នឹង​មិន​អាច​បញ្ចប់​ឡើយ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ទៅ​បំភ្លឺ​ពី​បញ្ហា​ណា​ក្នុង​រដ្ឋសភា​ឲ្យ​បាន​ឆាប់ ដើម្បី​បង្ហាញ​ម្ចាស់​ឆ្នោត​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​បន្ទាប់​ពី​ចូល​ទៅ​អង្គុយ​នៅ​ក្នុង​សភា ជា​ជាង​បរិហារ​រដ្ឋាភិបាល​នៅ​តាម​ចិញ្ចើម​ផ្លូវ។

​មក​ដល់​ពេល​នេះ គណបក្ស​ប្រឆាំង​មិន​ទាន់​កោះហៅ​មន្ត្រី​រាជរដ្ឋាភិបាល​ណា​ម្នាក់​មក​ចោទ​សួរ​ជា​សាធារណៈ​នៅ​ក្នុង​រដ្ឋសភា​ឡើយ។ ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​បាន​ត្រឹមតែ​ហៅ​រដ្ឋមន្ត្រី​មួយ​ចំនួន​ដើម្បី​ឆ្លើយ​សំណួរ​ដោយ​បិទ​ទ្វារ​ប៉ុណ្ណោះ។ ក្រុម​ការងារ​ចរចា​នៃ​គណបក្ស​ទាំង​ពីរ​កំពុង​បន្ត​ចរចា​គ្នា​កែទម្រង់​ច្បាប់​បោះ​ឆ្នោត ហើយ​លោក សម រង្ស៉ី ក៏​នឹង​ត្រូវ​ការ​ជជែក​ជាមួយ​នឹង​លោក ហ៊ុន សែន បន្ត​ទៀត​ដើម្បី​រក​ផ្លូវ​ដោះលែង​អ្នក​នយោបាយ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៦​នាក់​ដែល​កំពុង​ជាប់​គុក​ព្រៃ​ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។