អនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសនៃសភាអាមេរិកកាលពីថ្ងៃពុធ ទី៦ ខែកក្កដា បានអនុម័តសេចក្ដីសម្រេចលេខ២១០ ទទួលស្គាល់ការចូលរួមរបស់ពលរដ្ឋខ្មែរ ឡាវ ម៉ុង (Hmong) និងម៉ុងតាញ៉ា (Montagnard) ដែលបានចូលរួមប្រយុទ្ធដើម្បីសេរីភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីសម័យសង្គ្រាមអំឡុងទសវត្សរ៍ឆ្នាំ១៩៦០។
អ្នកជំនាញតស៊ូមតិសម្រាប់កិច្ចការតំបន់អាស៊ីអាគ្នេយ៍ក្នុងរដ្ឋមីនីសូតា (Minnesota) លោក ស្កត់ វ៉កគើ (Scott Walker) មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា នេះជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកដែលទទួលស្គាល់ចំពោះការពលីជីវិតរបស់ពលរដ្ឋខ្មែរ និងឡាវ ក្នុងការជួយគាំពារកងទ័ពអាមេរិក ដើម្បីបុព្វហេតុសិទ្ធិសេរីភាព៖ «សេចក្ដីសម្រេចនេះបង្ហាញយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ពិតជាជ្រើសរើស ហ្វឹកហាត់និងបានចូលរួមវាយប្រយុទ្ធជាមួយប្រជាពលរដ្ឋនៅអាស៊ីអាគ្នេយ៍ដែលជាសម្ព័ន្ធមិត្ត។ នេះក៏ជាការទទួលស្គាល់ពលរដ្ឋខ្មែរ និងឡាវ ក្នុងការជួយគាំទ្រនូវកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក។ បន្ថែមពីនេះសេចក្ដីសម្រេចលេខ២១០ មិនត្រឹមតែទទួលស្គាល់អ្នកដែលរស់រានមានជីវិតនោះទេ ប៉ុន្តែគេក៏បាននឹកឃើញដល់អ្នកបាត់បង់ជីវិតផងដែរហើយពលរដ្ឋជំនាន់ក្រោយ នឹងបានឃើញឯកសារនៃសេចក្ដីសម្រេចនេះនៅក្នុងបណ្ណាល័យសភាអាមេរិក ដែលជាកំណត់ហេតុនៃប្រវត្តិសាស្ត្រមួយ»។
ចំណែកប្រធានអង្គការសភាអន្តរជាតិ ក្នុងរដ្ឋមីនីសូតា (Minnesota) លោក សេក កុសល សំដែងក្តីមោទនភាពចំពោះអតីតយុទ្ធជនខ្មែរ ត្រូវបានទទួលស្គាល់ក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ក្នុងបុព្វហេតុបានចូលរួមចំណែកក្នុងសង្គ្រាមនៅអាស៊ីអាគ្នេយ៍៖ «សេចក្ដីសម្រេច២១០ គឺជាការអបអរសាទរ និងជាភស្តុតាងមួយដែលថា ជាឯកសារតម្កល់នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលជាការទទួលស្គាល់គឺថា ប្រទេសកម្ពុជា ជាពិសេសទាហានខ្មែរយើងមានចំណែក មានវិភាគទាននៅក្នុងសហរដ្ឋអាមេរិក។ ដូចនេះយើងជាពូជសាសន៍មួយមានសារសំខាន់សម្រាប់ប្រទេសជាតិគេ។ ម្យ៉ាងវិញទៀត វាបង្ហាញថាសង្គ្រាមសម្ងាត់នៅឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៣ គឺជាសង្គ្រាមពិតមែនដែលខ្មែរយើងបានចូលរួម...»។
ក្រៅតែពីការអនុម័តសេចក្ដីសម្រេចលេខ២១០ អនុគណៈកម្មការទទួលបន្ទុកកិច្ចការបរទេសនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ទី៦ កក្កដា ក៏បានអនុម័តជាឯកច្ឆន្ទនូវសេចក្ដីព្រាងច្បាប់លេខ H.RES 728 ស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដែលជាការបញ្ជាក់ជំហរថា សហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ខ្លាំង និងយកចិត្តទុកដាក់អំពីស្ថានការណ៍រំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
