គម្រោង​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​ឋិត​ក្នុង​ដំណើរ​ការ​ចរចា​នៅ​ឡើយ

0:00 / 0:00

គម្រោង​ការ​ផ្ដល់​សិទ្ធិ​ជ្រក​កោន​ឲ្យ​ជន​ភៀស​ខ្លួន​ជាច្រើន​រយ​នាក់​ពី​ប្រទេស​អូស្ត្រាលី ក្រោម​គោលការណ៍​ស្ម័គ្រ​ចិត្ត​នោះ រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​ឆ្លើយ​តប​ជា​វិជ្ជមាន​ណា​មួយ​នៅ​ឡើយ។ យ៉ាង​នេះ​ក្ដី ប្រទេស​ទាំង​ពីរ​កំពុង​ដំណើរ​ការ​នីតិវិធី​ចរចា​គ្នា ដែល​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា ចរចា​មាន​ការ​លាក់​កំបាំង។

ដំណោះស្រាយ​រួម​ដើម្បី​ផ្ដល់​សិទ្ធិ​ជ្រក​កោន​ដល់​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ គឺ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ដ៏​ស្មុគស្មាញ មិន​ទាន់​រក​ចំណុច​រួម​បាន​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ កញ្ញា ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចរចា​គ្នា មុន​នឹង​បន្ត​ទៅ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នៅ​ឡើយ។ លោក​បញ្ជាក់​ថា ការ​ចរចា​នេះ វា​អាច​នឹង​ឈាន​ដល់​ចំណុច​ស្រុះស្រួល​គ្នា​ណា​មួយ​នៅ​ពេល​ខាង​មុខ។ យ៉ាង​នេះ​ក្ដី លោក កុយ គួង មិន​បញ្ជាក់​អំពី​ការ​អូស​បន្លាយ​ពេល​វេលា​នៃ​ការ​ចរចា​នោះ​ទេ។ ចំណែក​ឯ​មាន​ការ​លើក​ឡើង​ថា ជន​ភៀស​ខ្លួន​ទាំង​នោះ​មាន​ចំនួន​ប្រមាណ ១​ពាន់​នាក់ ហើយ​មន្ត្រី​ជាន់​ខ្ពស់​អូស្ត្រាលី សម្លឹង​ទីតាំង​ទឹក​ដី​ខេត្ត​ព្រះសីហនុ សម្រាប់​ជន​ភៀស​ខ្លួន​ទាំង​នោះ​ក៏​លោក​បដិសេធ។

លោក កុយ គួង៖ «ខ្ញុំ​សុំ​បញ្ជាក់​ឲ្យ​ច្បាស់​ដល់​ប្រជាពលរដ្ឋ​យើង ថា​រឿង​ការ​ចរចា​បញ្ហា​ជន​ភៀស​ខ្លួន​នេះ បើ​សិន​ជា​កើត​មាន​ពិត ថា​យើង​ទទួល​ក៏​យើង​ឈរ​លើ​គោលការណ៍​មនុស្សធម៌ និង​ស្ម័គ្រ​ចិត្ត​តែ​ប៉ុណ្ណោះ ស្ម័គ្រ​ចិត្ត​ត្រង់​នេះ គឺ​សំដៅ​លើ​ជន​ភៀស​ខ្លួន​ឯង មាន​ន័យ​ថា គាត់​ពិត​ជា​ចង់​មក​រួម​រស់​ជាមួយ​យើង​ដោយ​ស្ម័គ្រ​ចិត្ត គ្មាន​ការ​បង្ខិតបង្ខំ បាន​យើង​ទទួល ហើយ​ក៏​ទទួល​ដោយ​ឈរ​លើ​គោលការណ៍​មនុស្ស​ធម៌​តែ​ប៉ុណ្ណោះ​ឯង»

ថ្វី​ត្បិត​តែ​មាន​ការ​អះអាង​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា យ៉ាង​នេះ​ក្ដី ក៏ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​ពី​បណ្ដាញ​ព័ត៌មាន​នានា ឲ្យ​ដឹង​ថា ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី បាន​ទទួល​ស្គាល់​ជា​លើក​ដំបូង​ថា ការ​ចរចា​ជុំវិញ​ផែនការ​ដ៏​ចម្រូងចម្រាស​ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន ដែល​ព្យាយាម​ចូល​ដែន​សមុទ្រ​អូស្ត្រាលី មក​កាន់​ប្រទេស​កម្ពុជា ថា​ជា​ការ​ខក​ចិត្ត។ បណ្ដាញ​ព័ត៌មាន​ខ្លះ​ថា ប្រទេស​អូស្ត្រាលី នឹង​ផ្ដល់​ប្រាក់​ដល់​ប្រទេស​កម្ពុជា ៤០​លាន​ដុល្លារ​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ ខណៈ​ប្រទេស​ទាំង​ពីរ​មិន​ចង់​និយាយ​ព័ត៌មាន​លម្អិត​នៃ​ផែនការ​នោះ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ ផល បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រសិន​បើ​បាន​ចុះ​កិច្ច​ព្រមព្រៀង ជន​ភៀស​ខ្លួន​នឹង​មិន​ត្រូវ​ឃុំ​រយៈពេល​វែង​ក្នុង​អគារ​ទេ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ធនាគារ និង​សវនកម្ម លោក សុន ឆ័យ ថ្លែង​ថា ការ​យល់​ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី បើ​ទោះ​ជា​ស្ថិត​នៅ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត​ក៏ដោយ​ចុះ ក៏ប៉ុន្តែ​វា​បាន​នាំ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​លើ​បញ្ហា​មួយ​ចំនួន។ លោក​មិន​បដិសេធ​ចំពោះ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ​ទេ ក៏ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ដំណើរ​ការ​ចរចា​មាន​ការ​បើក​ចំហ ហើយ​ឲ្យ​គណបក្ស​ប្រឆាំង​ចូលរួម​ក្នុង​ដំណើរ​ចរចា និង​ព្រមព្រៀង​គ្នា​នេះ​ដែរ។

លោក សុន ឆ័យ៖ «ជា​គោលការណ៍​ប្រទេស​កម្ពុជា គឺ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​រាល់​កិច្ច​ព្រមព្រៀង​អន្តរជាតិ ហើយ​ប្រទេស​កម្ពុជា ហើយ​ប្រទេស​កម្ពុជា ក៏​ធ្លាប់​ឲ្យ​អាជ្ញាប័ណ្ណ ឬ​ការ​គោរព​កិច្ច​ព្រមព្រៀង​ពាក់ព័ន្ធ​នឹង​ជន​ភៀស​ខ្លួន​ដែរ។ ក្នុង​ករណី​នេះ បាន​ថា​យើង​សុំ​ទាំង​អូស្ត្រាលី ទាំង​រដ្ឋាភិបាល​ហ្នឹង សុំ​ឲ្យ​មាន​ការ​ផ្ដល់​ព័ត៌មាន​មក​យើង ដើម្បី​យើង​អាច​ចូលរួម​ពិនិត្យ​ផង។ ខ្ញុំ​ក៏​មិន​រិះគន់​រដ្ឋាភិបាល​អូស្ត្រាលី ទេ ព្រោះ​រដ្ឋាភិបាល​អូស្ត្រាលី ក៏​មិន​ត្រូវ​ជួយ​លាក់​បាំង​ដែរ ត្រូវ​តែ​ឲ្យ​គណបក្ស​ប្រឆាំង​ដឹង​រឿង​នេះ រឿង​ប្រជាជាតិ​ខ្មែរ​ទាំង​មូល ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​ជា​អន្តរជាតិ»

លោក សុន ឆ័យ មាន​ចម្ងល់​ថា ការ​បិទ​បាំង​នេះ​នាំ​ឲ្យ​កើត​មាន​ក្ដី​សង្ស័យ​ជាច្រើន ជុំវិញ​ថា​តើ​ប្រទេស​អូស្ត្រាលី នឹង​ផ្ដល់​លុយ​ឲ្យ​កម្ពុជា ឬ​ប្រហែល​ចំនួន​លុយ​តិច​ពេក ឬ​យ៉ាង​ណា? ទើប​រដ្ឋាភិបាល​ហាក់​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​កិច្ច​ព្រមព្រៀង​នោះ។ មួយ​វិញ​ទៀត ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ចាប់​អារម្មណ៍​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​នេះ ឬ​ប្រហែល​ជា​ការ​តប​ស្នង​នឹង​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ដែល​ទទួល​ស្គាល់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣?

កន្លង​មក រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បដិសេធ​មិន​ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​សុំ​សិទ្ធិ​ជ្រក​កោន និង​បណ្ដេញ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ចេញ​ពី​ប្រទេស​ទៀត​ផង។ ហេតុ​អី​បាន​ជា​នៅ​ពេល​នេះ ពិចារណា​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ដែល​គេ​មិន​ចង់​បាន ឬ​ក៏​មាន​បញ្ហា​នោះ​ទៅ​វិញ?

ទាក់ទង​ទៅ​នឹង​គោលការណ៍​ចរចា​ទទួល​យក​ជន​ភៀស​ខ្លួន​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង បាន​រិះគន់​ចំៗ​ថា ប្រទេស​អូស្ត្រាលី បាន​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ជន​ភៀស​ខ្លួន ហើយ​ថា​ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​នៅ​លើ​ពិភពលោក និង​មាន​អំពើ​ពុក​រលួយ​ដែល​មិន​មាន​លទ្ធភាព​ទទួល​ខុស​ត្រូវ និង​យក​ចិត្ត​ទុក​ដាក់​ជន​ភៀស​ខ្លួន​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។