នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់យុង (Nguyen Tan Dung) បានអញ្ជើញមេដឹកនាំនៃបណ្ដាប្រទេសតាមដងទន្លេមេគង្គក្រោម គឺ កម្ពុជា ថៃ ឡាវ ឲ្យចូលរួមកិច្ចប្រជុំគណៈកម្មការទន្លេមេគង្គ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៥ មេសា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
កាសែតវៀតណាម ឈ្មោះ វៀតណាម ញីវស៍ (Vietnam News) ចុះផ្សាយនៅថ្ងៃទី១ មេសា ថា មេដឹកនាំប្រទេសទាំង ៣ ដែលត្រូវបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃគណៈកម្មការទន្លេមេគង្គនោះ មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ថងស៊ីង ថាំម៉ាវុង (Thongsing Thammavong) នាយករដ្ឋមន្ត្រីឡាវ និងមេដឹកនាំប្រទេសថៃ គឺឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ស៊ូរ៉ាពង់ តូវីចាកឆៃគល់ (Surapong Tovichakchaikul)។
កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីប្រទេសឡាវ បានចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ស្ថិតនៅខ្សែទឹកទន្លេមេគង្គខាងលើក្បែរព្រំដែនកម្ពុជា ដែលត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកជំនាញបរិស្ថាន និងប្រទេសស្ថិតនៅខ្សែទឹកទន្លេមេគង្គក្រោម ថាទំនប់វារីអគ្គិសនីនេះ នឹងអាចបណ្ដាលឲ្យប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
