ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ៥នាក់ និងព្រះសង្ឃ ៣អង្គហើយ បន្ទាប់ពីចំណាយពេលជំនុំជម្រះអស់ពេលប្រមាណ ៥ម៉ោង ក្រោមបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្ន។
បើទោះជាមានការដោះលែងយ៉ាងនេះក៏ដោយចុះ ក៏សកម្មជនបក្សនយោបាយ រួមទាំងព្រះសង្ឃផង នៅតែត្រូវបានតុលាការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យដដែល។
លទ្ធផលដែលនរណាៗ ក៏បានដឹងដែរថា នឹងមានការដោះលែងក្រោយបញ្ចប់សវនាការកាលពីព្រឹកថ្ងៃទី១៣ មេសា នោះ គឺសន្តិសុខមិនត្រូវរឹតបន្តឹងដូចលើកមុនៗឡើយ ទាំងបរិវេណខាងក្នុងតុលាការ និងខាងក្រៅ គឺមានសភាពធូររលុង ទំនងហាក់បានដឹងរួចជាស្រេចថា ជាសវនាការធ្វើឡើងគ្រាន់តែដើម្បីគម្រប់កិច្ច។
នៅក្នុងបន្ទប់សវនាការ ទាំងតំណាងអយ្យការ លោក កែវ សុជាតិ និងប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក លឹម មករន្ទ ទាំងសំណួរ និងធ្វើសេចក្ដីសន្និដ្ឋានទំនងមើលទៅហាក់ដូចបានរៀបចំទុកមុនរួចជាស្រេច។ តំណាងអយ្យការ លោក កែវ សុជាតិ បញ្ជាក់នៅក្នុងសេចក្ដីសន្និដ្ឋានក្រោយពីសួរសំណួរដូចៗគ្នារបស់ប្រធានអង្គជំនុំជម្រះលោក លឹម មករន្ទ ទៅលើជនជាប់ចោទថា ស្ទើរពុំមានហេតុណាមួយដែលបន្តឃុំខ្លួនសកម្មជនទាំងនេះទៀតនោះទេ។
យ៉ាងណានៅក្នុងអង្គសវនាការហាក់ខ្វែងគំនិតគ្នាបន្តិចអំពីលិខិតឆ្លងដែនរបស់លោក មាជ សុវណ្ណរ៉ា ដែលប្រធានអង្គជំនុំជម្រះចាត់ទុកថា សេចក្ដីសន្និដ្ឋានរបស់លោក ចាន់ ចេន ជាមេធាវីការពារក្ដី ហាក់បញ្ច្រាសជាមួយនឹងចម្លើយរបស់លោក មាជ សុវណ្ណរ៉ា។ ក៏ប៉ុន្តែ នៅទីបំផុតលិខិតឆ្លងដែនដែលលោក មាជ សុណ្ណរ៉ា ថានឹងដាក់តម្កល់នៅតុលាការនោះ ត្រូវបានផ្ដល់ឲ្យវិញ។
មុននឹងសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក លឹម មករន្ទ បានស្នើឲ្យមេធាវី ការពារជនជាប់ចោទណាមួយក៏បានធ្វើសេចក្ដីសន្និដ្ឋានរួមចុងក្រោយ។ ក៏ប៉ុន្តែមេធាវីមិនបានធ្វើសេចក្ដីសន្និដ្ឋានរួមឡើយ។ ភ្លាមៗ ក្រោយពីមេធាវីធ្វើសេចក្ដីសន្និដ្ឋានហាក់រាងអូសបន្លាយត្រូវបានលោក លឹម មករន្ទ ជំទាស់ដោយសំអាងថា ធ្វើឲ្យខ្លី ព្រោះមិនមានពេលវេលាច្រើននោះទេ។ អ្នកឃ្លាំមើលសវនាការយល់ឃើញថា នេះជារបៀបធ្វើការលើកទីមួយហើយដែលតុលាការទំនងមើលទៅហាក់ព្យាយាមចង់ដោះលែងជនជាប់ចោទទាំងនេះឲ្យបានលឿន។
ក្រុមអ្នកសង្កេតការណ៍មកពីស្ថាប័នមិនមែនរដ្ឋាភិបាល ដែលឃ្លាំមើលការជំនុំជម្រះចាត់ទុកថា ការសម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ ទាំងសកម្មជនបក្សនយោបាយ និងព្រះសង្ឃនៅពេលនេះ ហើយដាក់ពួកគេឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនៅឡើយនោះ គឺវាពុំមែនជាសេចក្ដីសម្រេចដែលចេញពីការជំនុំជម្រះដោយផ្អែកលើគោលការណ៍យុត្តិធម៌របស់តុលាការនោះទេ។
លោក នី ចរិយា មន្ត្រីជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ថ្លែងក្រោយបញ្ចប់សវនាការកាលពីព្រឹកថ្ងៃទី១៣ មេសា ថា ការសម្រេចនៅពេលនេះ លោកយល់ឃើញថា វាពុំមែនជាឆន្ទានុសិទ្ធិដោយផ្អែកលើអង្គហេតុ និងនីតិវិធីរបស់តុលាការទេ។លោកបន្តថា ប៉ុន្តែផ្ទុយទៅវិញ លទ្ធផលនេះ គឺកើតចេញពីការសម្របសម្រួលផ្នែកនយោបាយតាមរូបមន្តវប្បធម៌សន្ទនារបស់មេដឹកនាំនៃគណបក្សទាំងពីរប៉ុណ្ណោះ។
លោក នី ចរិយា ថ្លែងទៀតថា ស្ថិតក្រោមហេតុផលនេះហើយ បញ្ជាក់កាន់តែច្បាស់ថា អ្នកនយោបាយកាន់អំណាចកំពុងតែប្រើប្រាស់ប្រព័ន្ធតុលាការដ៏ស្របច្បាប់ ដើម្បីធ្វើឲ្យដៃគូម្ខាងទៀតត្រូវចុះខ្សោយ៖ «យើងដឹងហើយថា រឿងនេះជារឿងនយោបាយ។ អ៊ីចឹងសេចក្ដីសម្រេចរបស់តុលាការ ថ្ងៃនេះមិនមែនជាសេចក្ដីសម្រេចរបស់តុលាការទេ គឺជាសេចក្ដីសម្រេចដែលកើតចេញពីការចរចាខាងនយោបាយទេ ជាពិសេសជាសេចក្ដីសម្រេចដែលបានមកពីការឯកភាពគ្នារវាងសម្ដេច ហ៊ុន សែន និងឯកឧត្ដម សម រង្ស៊ី»។
ព្រះតេជព្រះគុណ ស៊ឺន ហាយ មានថេរដីកាក្រោយចេញពីបន្ទប់ជំនុំជម្រះថា ព្រះអង្គនៅតែមិនសប្បាយព្រះទ័យ បើទោះជាត្រូវបានតុលាការ ដោះលែងឲ្យនៅក្រៅឃុំវិញក៏ដោយ។ ព្រះអង្គមានថេរដីកាបន្តថា ការផ្ដល់សេរីភាពឡើងវិញនៅពេលនេះ គឺពុំមានអ្វីដែលចម្លែកឡើយ ព្រោះបទចោទប្រឆាំងសកម្មជននយោបាយ និងព្រះសង្ឃ គឺជាល្បែងនយោបាយសុទ្ធសាធ៖ «យើងមិនមានជាអស្ចារ្យអីទេ យើងមិនទទួលកំហុស និងមិនមានកំហុសអីទេ។ អ៊ីចឹងរឿងដោះលែង ឬមិនដោះលែងគឺជារឿងធម្មតា»។
ដើម្បីបាននៅក្រៅឃុំនេះ លោក មាជ សុវណ្ណរ៉ា ត្រូវបានតុលាការសម្រេចឲ្យតម្កល់លុយចំនួន ១០លានរៀល និងក្រោមហេតុផលផ្សេងទៀត ដូចជាម្ដាយចាស់ជរាជាដើម។ ក្រៅពីនេះ សកម្មជន ៤នាក់ក្នុងចំណោមនោះ ត្រូវតម្កល់លុយក្នុងម្នាក់ ៣លានរៀល ជាថ្នូរបាននៅក្រៅឃុំនេះដែរ។
លោក មាជ សុវណ្ណរ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទដឹកនាំកុប្បកម្មនាំឲ្យមានអំពើហិង្សា នៅម្ដុំស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤។ ដោយឡែកសកម្មជននយោបាយ ៤នាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ពីបទចូលរួមកុប្បកម្មដោយហិង្សាក្នុងសំណុំរឿងដូចគ្នានេះដែរ។
លោក ជូង ជួងងី មេធាវីការពារក្ដីឲ្យជនជាប់ចោទចាត់ទុកថា ការសម្រេចរបស់តុលាការនេះ គឺពិតជាបានផ្ដល់យុត្តិធម៌សម្រាប់កូនក្ដីរបស់ខ្លួន។
ស្របពេលជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ដាច់ឡែកពីគ្នា ក្រោយបញ្ចប់សវនាការភ្លាម។ គណបក្សសង្គ្រោះជាតិ សាទរចំពោះសម្រេចតុលាការនៅពេលនេះ។ ដោយឡែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញ យល់ឃើញថា បើទោះជាការដោះលែងប៉ុន្មានថ្ងៃនេះ ត្រូវបានសាទរយ៉ាងណាក៏ដោយ តាមពិតអ្នកទាំងនោះមិនគួរត្រូវបានគេចាប់ខ្លួនតាំងពីដំបូងម្ល៉េះ។ ជាងនេះទៀត គួរឱ្យសោកស្ដាយ ដែលតុលាការនៅកម្ពុជា ត្រូវបានបន្តប្រើប្រាស់ក្នុងការបង្ក្រាបមតិជំទាស់ ជាជាងការការពារប្រជាពលរដ្ឋពីការរំលោភអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
