មេដឹកនាំសាសនាគ្រិស្ដចំនួនពីរទីតាំង នៅស្រុកបរកែវ ខេត្តរតនគិរី បានហៅបម្រាមរបស់មន្ត្រីធម្មការស្រុកថារំលោភច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតនៃប្រទេសកម្ពុជា។
ប្រតិកម្មនេះ កើតមានឡើងនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា គឺជាថ្ងៃទី៨ នៃយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជាតិ ខណៈពេលគណបក្សនយោបាយនានានៅខេត្តរតនគិរី បានរៀបចំការឃោសនារបស់ខ្លួន ដើម្បីស្វែងរកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។
អាចារ្យប្រដៅសាសនាគ្រិស្ដនៃព្រះវិហារ ភូមិកាចក់ ឃុំកក់ លោក រម៉ាម ភឺន សម្ដែងទុទ្ទិដ្ឋិនិយមថា បម្រាមរបស់មន្ត្រីធម្មការធ្វើឡើងមិនត្រូវតាមកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងរៀបចំបោះឆ្នោត និងធ្វើឲ្យប៉ះពាល់សិទ្ធិចូលរួមធ្វើនយោបាយរបស់ពលរដ្ឋខ្មែរគ្រប់និន្នាការ និងគ្រប់ជំនឿសាសនា។ លោកមានប្រសាសន៍ប្រៀបប្រដូចបម្រាមមិនឲ្យអ្នកជឿសាសនាគ្រិស្ដចូលរួមក្នុងសកម្មភាពនយោបាយ តើត្រូវបានធ្វើឡើងជាមួយប្រជាពលរដ្ឋខ្មែរអ្នកប្រតិបត្តិព្រះពុទ្ធសាសនាដែរឬយ៉ាងណា?៖ «គេបិទសិទ្ធិ គេថាមិនឲ្យយកសាសនាជាឈ្នាន់មិនអាចផ្សព្វផ្សាយគោលនយោបាយបានទេ។ ប្រសិនផ្សព្វផ្សាយគោលនយោបាយ ហើយសាសនានោះត្រូវបិទឲ្យអស់។ បើនិយាយអ៊ីចឹង យើងក៏អត់មានសិទ្ធិទៅបោះឆ្នោតដែរ។ គាត់ថា បើអ្នកណាពាក់ព័ន្ធនយោបាយមិនអាចផ្សព្វផ្សាយដំណឹងល្អទេ បិទចោលតែម្តង»។
កាលពីថ្ងៃពុធ ទី៣ ខែកក្កដា អ្នកដឹកនាំសាសនាគ្រិស្ដ និងឥស្លាម នៅតាមភូមិឃុំក្នុងស្រុកបរកែវ ត្រូវបានប្រធានការិយាល័យធម្មការ និងសាសនាស្រុក អញ្ជើញមកប្រជុំនៅវិហារសាសនាគ្រិស្ដភូមិកាម៉ាំង ឃុំឡាមិញ ស្រុកបរកែវ។ នៅក្នុងកិច្ចប្រជុំនោះ មន្ត្រីធម្មការបានកំណត់ឲ្យអ្នកប្រដៅសាសនាទាំងនោះកុំយកសាសនាជាឈ្នាន់នយោបាយ បើមិនដូច្នេះទេ ក្រុមអាជ្ញាធរនឹងបិទមិនឲ្យធ្វើសកម្មភាពផ្នែកសាសនាចំពោះវិហារសាសនាណាដែលប្រព្រឹត្តផ្ទុយការណែនាំនោះ។
ទាក់ទិនបម្រាមនេះដែរ អាចារ្យប្រដៅសាសនាភូមិយ៉ាសោម ឃុំស៊ឺង លោក ចាន់ បូរ៉ា កត់សម្គាល់ថា ការណែនាំនេះផ្ទុយច្បាប់ដូច្នេះ លោកមិនអាចអនុវត្តតាមបម្រាមនេះបានទេ។ លោកចាត់ទុកបម្រាមរបស់មន្ត្រីធម្មការថា ជាចេតនាគាបសង្កត់ និងរារាំងពលរដ្ឋខ្មែរអ្នកគោរពសាសនាគ្រិស្ដ មិនឲ្យចូលរួមបញ្ហានយោបាយជាមួយគណបក្សនយោបាយផ្សេងពីគណបក្សប្រជាជនកាន់អំណាច៖ «គាត់ថាអ៊ីចេះ បើសិនថ្ងៃណាឮពួកខ្ញុំផ្សព្វផ្សាយលើកឡើងពីបក្សគេផ្សេង គាត់ថានឹងបញ្ឈប់ការថ្វាយបង្គំរបស់ពួកខ្ញុំ។ ខ្ញុំតវ៉ាដែរថ្ងៃម្សិល ខ្ញុំម្នាក់ឯងអ្នកតវ៉ា ខ្ញុំថាបងហាមពួកខ្ញុំមិនឲ្យទៅផ្សព្វផ្សាយ បងហាមពួកខ្ញុំកុំឲ្យពាក់ព័ន្ធការនយោបាយគណបក្សផ្សេង។ ខ្ញុំសំណូមពរសូមខាងបងខាងធម្មការស្រុកបរកែវ ជួយឃាត់ជួយហាមគណបក្សនយោបាយផ្សេងៗ កុំឲ្យពាក់ព័ន្ធជាមួយពួកខ្ញុំ តើបងធានាបានអត់?»។
ឆ្លើយតបប្រតិកម្មរបស់អ្នកប្រដៅសាសនាគ្រិស្ដនេះ ប្រធានការិយាល័យធម្មការ និងសាសនាស្រុកបរកែវ លោក មឹង អៀង មានប្រសាសន៍បញ្ជាក់ថា បម្រាមនេះ គឺធ្វើតាមសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនាតែប៉ុណ្ណោះ។ លោកអះអាងថា អ្នកប្រតិបត្តិសាសនាទាំងអស់អាចទៅបោះឆ្នោតបាន ប៉ុន្តែលោកសម្ដែងការបារម្ភខ្លាចមន្ត្រីសាសនាទាំងនោះប្រើប្រាស់វិស័យសាសនាឃោសនាផ្នែកនយោបាយ ដែលធ្វើឲ្យប៉ះពាល់ដល់សារាចរណែនាំរបស់ក្រសួងធម្មការ៖ «ការងារនយោបាយខ្លាចក្រែងគាត់ជាអ្នកដឹកនាំសាសនា គាត់និយាយរឿងអូសទាញអ្នកនេះអ្នកនោះចូលទៅបម្រើនយោបាយកន្លែងនេះកន្លែងនោះ វាប៉ះពាល់ណា! ឬក៏គាត់និយាយពាក្យអ្វីមិនស្រួលដល់ថ្នាក់ដឹកនាំគណបក្សនយោបាយផ្សេងៗ ដៀមដាមស្អីទៅ វាអាចប៉ះពាល់ទៅវាពិបាក។ អ៊ីចឹងហើយ បានចេះតែហាមឃាត់គាត់ទៅថាយើងអ្នកដឹកនាំសាសនា យើងធ្វើយ៉ាងម៉េចដឹកនាំប្រជាជនឲ្យគាត់ធ្វើអំពើល្អតែប៉ុណ្ណឹងទេ»។
ផ្ទុយពីការលើកឡើងរបស់មន្ត្រីធម្មការស្រុក ប្រធានមន្ទីរធម្មការ និងសាសនាខេត្តរតនគិរី លោក ទេព ណារ៉ា ថ្លែងថា មន្ត្រីធម្មការថ្នាក់ស្រុកទំនងភ័ន្តច្រឡំទាក់ទិនសារាចរណែនាំរបស់ក្រសួងធម្មការ។ លោកសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់និន្នាការសាសនា អាចចូលរួមបញ្ហានយោបាយ និងមានសិទ្ធិបោះឆ្នោតដូចអ្នកកាន់សាសនាព្រះពុទ្ធដទៃទៀតដែរ៖ «គាត់មានសិទ្ធិធ្វើនយោបាយដូចប្រជាពលរដ្ឋទូទៅដែរ។ មិនឲ្យធ្វើការឃោសនានយោបាយក្នុងវិហារ អាហ្នឹងសុទ្ធគាត់យល់ច្រឡំ»។
ចូលរួមផ្តល់យោបល់ក្នុងបញ្ហានេះ ប្រធានផ្នែកអង្កេតនៃគណៈកម្មការសង្កេតការណ៍ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល (COMFREL) កញ្ញា គង់ រ៉ាវីន បញ្ជាក់ថា សារាចរណែនាំរបស់ក្រសួងធម្មការមិនទាក់ទិនសិទ្ធិចូលរួមបញ្ហានយោបាយរបស់ប្រជាពលរដ្ឋខ្មែរអ្នកប្រតិបត្តិសាសនានានាឡើយ។ កញ្ញាយល់ថា ការងារទាក់ទិនបញ្ហាបោះឆ្នោត និងសិទ្ធិចូលរួមក្នុងបញ្ហានយោបាយ មិនមែនជាតួនាទីរបស់មន្ត្រីធម្មការនោះទេ៖ «រឿងទាក់ទងនឹងការបោះឆ្នោត វាគួរខាង គ.ជ.ប ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គាត់ជាសមត្ថកិច្ចរឿងបោះឆ្នោត។ រឿងហាមគេមិនឲ្យធ្វើនយោបាយអ្វីក្នុងច្បាប់រដ្ឋធម្មនុញ្ញក្តី ក៏គេនិយាយពីរឿងប្រជាពលរដ្ឋគ្រប់រូប គាត់មានសិទ្ធិនយោបាយអ៊ីចឹង»។
ចំណែកប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ខ ខេត្តរតនគិរី លោក ប៉ែន ឈុនឌី មានប្រសាសន៍ដែរថា បទបញ្ជានីតិវិធី និងច្បាប់បោះឆ្នោត មិនបានហាមមិនឲ្យប្រជាពលរដ្ឋខ្មែរអ្នកកាន់សាសនាផ្សេងពីសាសនារដ្ឋចូលរួមក្នុងបញ្ហានយោបាយនោះទេ សូម្បីទីតាំងព្រះវិហារសាសនាគ្រិស្ដ ក៏អាចយកធ្វើជាកន្លែងឃោសនាបោះឆ្នោតបានដែរ ឲ្យតែម្ចាស់ទីតាំងឯកភាព និងជូនដំណឹងមកអាជ្ញាធរដែនដីតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា លើកលែងអ្នកប្រតិបត្តិសាសនាជាជនបរទេស គឺមិនមានសិទ្ធិចូលរួមឃោសនានយោបាយថ្នាក់ជាតិឡើយ៖ «សិទ្ធិរបស់គេ លើកលែងជនបរទេស។ បើតាមខ្ញុំយល់ សំខាន់ម្ចាស់ទីតាំង ហើយអាជ្ញាធរដែនដី បើម្ចាស់ទីតាំងគេអូខេហើយ អាហ្នឹងអត់ស្អីទេ»។
យ៉ាងនេះក្តី អាចារ្យប្រដៅសាសនាគ្រិស្ដចាប់អារម្មណ៍ថា បម្រាមរបស់មន្ត្រីធម្មការស្រុកមាននិន្នាការលម្អៀងទៅបម្រើឲ្យគណបក្សប្រជាជនកាន់អំណាច ហេតុនេះក្រុមអ្នកប្រដៅសាសនាទាំងនោះគ្រោងជួបប្រជុំគ្នា ដើម្បីធ្វើលិខិតបដិសេធបម្រាមរបស់មន្ត្រីធម្មការស្រុកវិញ។
នៅខេត្តរតនគិរី វិហារគ្រិស្តសាសនាមានជាង ៥០កន្លែង និងមានគ្រិស្តបរិស័ទជាង ២ពាន់នាក់។ ចំណែកវិហារសាសនាឥស្លាម មានជាង ១០កន្លែង និងអ្នកជឿសាសនាឥស្លាម ជាង ១ពាន់នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
