មន្ត្រីអង្គការសង្គមស៊ីវិល ឱ្យដឹងថា តំណាងមូលនិធិ ខូហ្វី អាណាន់ (Kofi Annan) គឺលោក អាឡាំង ដូស (Alan Doss) នឹងយកព័ត៌មានដែលប្រមូលបានពីអង្គការសង្គមស៊ីវិលដាក់ជូនលោក ខូហ្វី អាណាន់ ពិចារណាទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជា។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថ្លែងឱ្យដឹងអំពីបញ្ហានេះ បន្ទាប់ពីកិច្ចប្រជុំមួយនៅរសៀលថ្ងៃទី២៤ ខែឧសភា រវាងអង្គការសង្គមស៊ីវិល ដែលធ្វើការខាងកិច្ចការបោះឆ្នោតនៅកម្ពុជា និងលោក អាឡាំង ដូស៖ «មកនេះដូចជាប្រមូលព័ត៌មានទេ។ ប្រមូលព័ត៌មានបានពាក់ព័ន្ធអ្វីជាសេចក្ដីត្រូវការចាំបាច់របស់សង្គមស៊ីវិលនៅស្រុកខ្មែរនេះ ហើយគាត់ទៅដាក់របាយការណ៍មួយជូនទៅលោក ខូហ្វី អាណាន់ វិញ ដើម្បីឱ្យលោក ខូហ្វី អាណាន់ ហ្នឹងពិចារណាថា តើអាចជួយអ្វីខ្លះដល់សង្គមស៊ីវិលបាន។ អ៊ីចឹងនេះ គឺគាត់គ្រាន់តែចង់ស្វែងយល់ពីស្ថានភាពពាក់ព័ន្ធនឹងសន្តិសុខ ប្រជាធិបតេយ្យ ហើយនិងការបោះឆ្នោត ហើយក៏បានជម្រាបជូនគាត់ ពាក់ព័ន្ធបញ្ហាការបោះឆ្នោត យើងត្រៀមលក្ខណៈយ៉ាងម៉េចនៅក្នុងប្រទេសកម្ពុជាយើងនេះ ហើយនិងស្ថានភាពពាក់ព័ន្ធនឹងសន្តិសុខផងដែរ»។
តំណាងមូលនិធិ ខូហ្វី អាណាន់ លោក អាឡាំង ដូស ចាត់ទុកជំនួបស្វែងយល់របស់លោកជាមួយតំណាងសង្គមស៊ីវិល អ្នកនយោបាយ និងមន្ត្រី គ.ជ.ប ថា មានប្រយោជន៍ និងជួយឱ្យលោកយល់បានច្រើន។ លោករំពឹងថា ការបោះឆ្នោតនៅឆ្នាំក្រោយ នឹងមានភាពសេរី និងយុត្តិធម៌។ នៅក្នុងជំនួបជាមួយមន្ត្រីសង្គមស៊ីវិល មានតំណាងអង្គការ ខុមហ្វ្រែល (COMFREL) លោក គឹម ឈន អង្គការ និចហ្វិក (NICFEC) លោក សំ គន្ធាមី និងតំណាងមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង។
លោក យង់ គិមអេង ថ្លែងថា ពួកលោកបានលើកអំពីស្ថានការណ៍នយោបាយ ទាក់ទងនឹងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សបច្ចុប្បន្ន។ លោកថា បើស្ថានការណ៍នេះមិនបានធូរស្រាលវិញទេ វាអាចធ្វើឱ្យពលរដ្ឋភ័យខ្លាច ប៉ះពាល់ដល់ការចុះឈ្មោះបោះឆ្នោត និងធ្វើឱ្យពលរដ្ឋមិនសូវចាប់អារម្មណ៍ការបោះឆ្នោត។
តាមគម្រោង នៅព្រឹកថ្ងៃទី២៥ ខែឧសភា តំណាងមូលនិធិ ខូហ្វី អាណាន់ លោក អាឡាំង ដូស នឹងជួបមន្ត្រីរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងជួបលាមន្ត្រី គ.ជ.ប មុនពេលបញ្ចប់ទស្សនកិច្ចផ្លូវការរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
