កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​អាក្រក់​ជាង​គេ​ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ចំណោម​ប្រទេស​៦៦

0:00 / 0:00

របាយការណ៍​ស្រាវជ្រាវ​មួយ​ស្ដីពី​ការ​បោះ​ឆ្នោត​ចំនួន ៧៣​លើក​នៅ​ក្នុង​ប្រទេស​ចំនួន​៦៦ ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១២ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៣ បាន​ដាក់​ប្រទេស​កម្ពុជា ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ អាក្រក់​ជាង​គេ​ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ។

របាយការណ៍​នេះ​ចេញ​ផ្សាយ​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ ហាវឺធ (Harvard University) សហរដ្ឋ​អាមេរិក និង​សកលវិទ្យាល័យ ស៊ីតនី (Sydney) អូស្ត្រាលី។ របាយការណ៍​នេះ​បាន​ដាក់​ចំណង​ជើង​ថា ឌឹ អេឡិកតូរ៉ាល់ អ៊ិនធើគ្រីតធី ប្រូជិក (The Electoral Integrity Project) ហៅ​កាត់​ថា អ៊ី.អាយ.ភី (EIP)។

ការ​បោះ​ឆ្នោត​រើស​អ្នក​តំណាង​រាស្ត្រ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​របស់​ប្រទេស​កម្ពុជា បាន​ទទួល​ពិន្ទុ​ទាប​បំផុត និង​ទទួល​ចំណាត់​ថ្នាក់​អាក្រក់ ប្រៀបធៀប​ជាមួយ​ការ​បោះ​ឆ្នោត​រើស​សមាជិក​សភា និង​ប្រធានាធិបតី​ចំនួន ៧៣​លើក នៅ​ក្នុង​ប្រទេស​ចំនួន​៦៦ នៅ​លើ​ពិភពលោក គិត​ពី​ឆ្នាំ​២០១២ មក​ដល់​ឆ្នាំ​២០១៣។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា ចំនួន​ប្រទេស​មាន​៦៦ ប៉ុន្តែ​មាន​ប្រទេស​ខ្លះ​បាន​បោះ​ឆ្នោត​២​លើក។ ដូច្នេះ ចំណាត់​ថ្នាក់​នេះ គឺ​គិត​ជា​ចំនួន​បោះ​ឆ្នោត​មាន ៧៣​លើក ហើយ​ប្រទេស​កម្ពុជា បាន​ទទួល​ចំណាត់​ថ្នាក់​ទី​៦៩ ក្នុង​ចំណោម​ការ​បោះ​ឆ្នោត​ទាំង ៧៣​លើក​នោះ។

ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៦៩ ក្នុង​ចំណោម​ការ​បោះ​ឆ្នោត ៧៣​លើក​ក្នុង​ប្រទេស​៦៦ ឬ​បើ​និយាយ​ត្រឡប់​ពី​ក្រោម​មក​វិញ គឺ​ប្រទេស​កម្ពុជា បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៥ ក្នុង​ចំណោម​ការ​បោះ​ឆ្នោត​ដែល​អាក្រក់​ជាង​គេ។

ក្រុម​អ្នក​ស្រាវជ្រាវ និង​ការ​ចេញ​ផ្សាយ​របាយការណ៍​របស់ អ៊ី.អាយ.ភី បាន​សរសេរ​ថា ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៦៩ ដោយសារ​មាន​បញ្ហា​កើត​ឡើង​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ការ​ប្រមូល និង​ប្រកាស​លទ្ធផល និង​ភាព​ឯករាជ្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។

របាយការណ៍ អ៊ី.អាយ.ភី របស់​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី បាន​អះអាង​ថា គោល​បំណង​ក្នុង​ការ​ស្រាវជ្រាវ​ការ​បោះ​ឆ្នោត​ចំនួន ៧៣​លើក នៅ​ប្រទេស​ចំនួន​៦៦ នោះ ដើម្បី​វាយ​តម្លៃ​លើ​ការ​រៀប​ចំ​បោះ​ឆ្នោត​នៅ​ប្រទេស​ទាំង​នោះ ថា​តើ​បាន​ដល់​កម្រិត​ស្តង់ដារ​អន្តរជាតិ ហើយ​ឬ​នៅ? របាយការណ៍​នោះ​ចូល​រួម​ផ្តល់​ចម្លើយ និង​វាយ​តម្លៃ​លើ​ការ​រៀប​ចំ​បោះ​ឆ្នោត​ពី​អ្នក​ជំនាញ​ខាង​ការ​រៀប​ចំ​បោះ​ឆ្នោត​ចំនួន ៨៥៥​នាក់ ពី​ប្រទេស​នានា​នៅ​លើ​ពិភពលោក។ គម្រោង អ៊ី.អាយ.ភី ផ្តល់​ថវិកា​ធ្វើ​សកម្មភាព​ដោយ​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​របស់​អូស្ត្រាលី។

ចំពោះ​វិធី​សាស្ត្រ​ក្នុង​ការ​វាយ​តម្លៃ​ការ​បោះ​ឆ្នោត​នីមួយៗ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​បែង​ចែក​ការងារ​ដែល​ត្រូវ​វាយ​តម្លៃ​នោះ​មាន ៤៩​ផ្នែក ហើយ​ចែក​ជា ១១​មាតិកា ដើម្បី​ដាក់​ពិន្ទុ។ ប្រទេស​កម្ពុជា បាន​ទទួល​ពិន្ទុ​សរុប​ចំនួន​ជាង​៤៥ គឺ​ទាប​ជាង​គេ បាន​ចំណាត់​ថ្នាក់​លេខ​៦៩ ខ្ពស់​ជាង​ប្រទេស​៤ ប៉ុណ្ណោះ។ ប្រទេស​ទាំង​៤​នោះ​រួម​មាន បេឡារុស្ស (Belarus) កុងហ្គោ (Congo) ជីប៊ូទី (Djibouti) និង​ហ្គីណេ (Guinea)។ ប្រទេស​ដែល​បាន​ទទួល​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​តារាង​វាយ​តម្លៃ ថា​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ល្អ និង​ត្រឹមត្រូវ​ជាង​គេ គឺ​ប្រទេស​ន័រវេសន៍ (Norway) ដែល​បាន​ទទួល​ពិន្ទុ​ជាង​៨៦។ របាយការណ៍​ស្រាវជ្រាវ​ស្ដីពី​ការ​បោះ​ឆ្នោត​នេះ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ កន្លង​ទៅ។

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ មីនា ថា លោក​មិន​បដិសេធ តែ​ក៏​មិន​ទទួល​យក​ការ​វាយ​តម្លៃ និង​ចំណាត់​ថ្នាក់​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា របស់​ក្រុម​អ្នក​ស្រាវជ្រាវ​របាយការណ៍ អ៊ី.អាយ.ភី នោះ​ទេ ពីព្រោះ​លោក​មិន​បាន​ដឹង​អំពី​វិធី​សាស្ត្រ​ក្នុង​ការ​ស្រាវជ្រាវ​របស់​គេ និង​មិន​ដឹង​ភាព​ត្រឹមត្រូវ​របស់​របាយការណ៍​នោះ តើ​អាច​ជឿ​ជាក់​បាន​ឬ​អត់​ទេ?

លោក ទេព នីថា៖ «ស្រាវជ្រាវ​របស់​គាត់​យ៉ាង​ម៉េច​ទៅ ខ្ញុំ​អត់​ដឹង​ទេ។ ហើយ​បើ​គាត់​បាន​ព័ត៌មាន​តែ​ពី​ម្ខាង ហើយ​ប្រៀបធៀប​ការ​បោះ​ឆ្នោត​របស់​យើង​ជាមួយ​ប្រទេស​ផ្សេងៗ គឺ​មិន​ច្បាស់​ទេ។ ដូច​ជា​និយាយ​អំពី​បញ្ហា​បញ្ជី​បោះ​ឆ្នោត។ ហើយ គ.ជ.ប បាន​ជួល​ក្រុមហ៊ុន​ឯកជន​មួយ​ធ្វើ​សវនកម្ម​លើ​បញ្ជី​បោះ​ឆ្នោត។ អ៊ីចឹង​ទេ ការ​ជ្រើស​រើស​កន្លែង​ស្ទាបស្ទង់​នោះ ក៏​ត្រូវ​ឲ្យ​ចំ​កន្លែង​មាន​តុល្យភាព​ដែរ។ ហើយ​ការ​វាយ​តម្លៃ​របស់​អន្តរជាតិ ដល់​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​យើង ក៏​ឲ្យ​តម្លៃ​វិជ្ជមាន​ដែរ»

ប៉ុន្តែ ចំពោះ លោក ហង្ស ពុទ្ធា ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និកហ្វិក (NICFEC) មាន​យោបល់​ថា ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា ពិត​ជា​មាន​ចំណុច​ខ្វះ​ចន្លោះ​មួយ​ចំនួន​មែន។ ហើយ​ការ​ខ្វះ​ចន្លោះ​នោះ គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត កំពុង​តែ​ជជែក​គ្នា​ដើម្បី​កែ​ទម្រង់​ហើយ៖ «ខ្ញុំ​គ្មាន​សូចនាករ​ពិត​ប្រាកដ​របស់​ប្រទេស​ទាំងអស់​នោះ​ទេ។ តែ​យ៉ាង​ណា ក៏​ខ្ញុំ​ទទួល​ស្គាល់​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មាន​ភាព​មិន​ប្រក្រតី​ច្រើន។ ហើយ​គណបក្ស​ធំ​២ ដែល​មាន​ការ​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​នេះ ក៏​បាន​ទទួល​ស្គាល់​ថា មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ដែរ»

លោក ហង្ស ពុទ្ធា បាន​បន្ថែម​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា កាន់​តែ​មាន​ភាព​ត្រឹមត្រូវ និង​ទទួល​យក​បាន គេ​ត្រូវ​កែ​ទម្រង់​លើ​សមាសភាព គ.ជ.ប ត្រូវ​រៀប​ចំ​ច្បាប់​ហិរញ្ញវត្ថុ​ទាក់ទង​ការ​បោះ​ឆ្នោត កែ​ទម្រង់​ឲ្យ​មាន​ការ​បែង​ចែក​ប្រព័ន្ធ​ឃោសនា​ឲ្យ​បាន​សមភាព រៀប​ចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ និង​ងាយ​ស្រួល កែលំអ​យន្តការ​ដោះស្រាយ​វិវាទ​ក្នុង​ការ​បោះ​ឆ្នោត និង​ពង្រឹង​អព្យាក្រឹតភាព​របស់​មន្ត្រី​រាជការ ទាហាន ប៉ូលិស ឲ្យ​បាន​ត្រឹមត្រូវ។

របាយការណ៍​លទ្ធផល​ស្រាវជ្រាវ​ចេញ​ផ្សាយ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ និង​ចេញ​ផ្សាយ​របាយការណ៍​របស់ អ៊ី.អាយ.ភី បាន​រក​ឃើញ​ថា ការ​បោះ​ឆ្នោត​នានា​តែង​មាន​បញ្ហា​កើត​ឡើង​នៅ​ថ្ងៃ​បោះ​ឆ្នោត ដូច​ជា ដំណើរ​ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ ការ​គូស​សន្លឹក​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​មិន​ត្រឹមត្រូវ។ ចំពោះ​ប្រទេស​កម្ពុជា បញ្ហា​ប្រឈម​សំខាន់ គឺ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។