លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី២ មេសា អំពីការសង្ឃឹមរបស់លោកទាក់ទងបរិយាកាសបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា ខាងមុខ និងបានអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ រួមទាំងកងកម្លាំងប្រដាប់អាវុធ រក្សាស្ថានភាពអព្យាក្រឹត និងចូលរួមការពារអ្នកនយោបាយទាំងអស់ ដែលធ្វើសកម្មភាពនៅមូលដ្ឋានដោយមិនប្រកាន់ថា មកពីគណបក្សណាឡើយ។ ប៉ុន្តែមតិអ្នកនយោបាយ អ្នកវិភាគ និងប្រជាពលរដ្ឋមួយចំនួនបារម្ភថា នេះជាការនិយាយយកល្អរបស់មន្ត្រីថ្នាក់លើ តែមន្ត្រីថ្នាក់ក្រោមនឹងមិនអនុវត្តតាម។
អ្នកវិភាគនយោបាយ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនបានអបអរសាទរចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ទាក់ទងបរិយាកាសសេរី យុត្តិធម៌ អព្យាក្រឹត ក្នុងការបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា ខាងមុខ និងចាត់ទុកថា ជាសេចក្ដីប្រកាសមួយចម្លែក និងមានលក្ខណៈប្រែប្រួលភ្លាមៗ ក្រោយពីលោកធ្លាប់បានគំរាមថា បើមិនបោះឆ្នោតឲ្យគណបក្សប្រជាជន គឺស្រុកអាចមានសង្គ្រាម ឬលោកឈប់ធ្វើបុណ្យ និងជួយប្រជាពលរដ្ឋដែលទីទាល់ក្រជាដើម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ជាអ្នកវិភាគឯករាជ្យ និងតាមដានសភាពការណ៍នយោបាយនៅកម្ពុជា មានប្រសាសន៍នៅថ្ងៃទី៣ មេសា ថា ការមានយោបល់អំពីការបោះឆ្នោតបែបវិជ្ជមានរបស់លោក ហ៊ុន សែន នេះ ដោយសារមានប្រទេសមួយចំនួនបានទាមទារឲ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោតនេះឲ្យមានភាពសេរី និងត្រឹមត្រូវ យុត្តិធម៌។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «យើងត្រូវមើលខាងរូបភាពធំ។ តាមពិតរដ្ឋាភិបាលយើងរងការគាបសង្កត់ខ្លាំងអំពីរឿងការបោះឆ្នោតនេះ។ ការគាបសង្កត់គឺសុំឲ្យប្រទេសកម្ពុជា យើងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ការគាបសង្កត់នេះចេញមកពីប្រទេសធំៗ ដែលមានចំណងទាក់ទងសំខាន់ជាមួយប្រទេសយើង»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបន្ថែមថា នេះជាវិធីសាស្ត្រដើម្បីទាក់ទាញការគាំទ្រផង ពីព្រោះបើសិនជារដ្ឋាភិបាលនេះជាមួយគណបក្សប្រជាជនកម្ពុជា មិនយល់ព្រមឲ្យលោក សម រង្ស៊ី ចូលស្រុកវិញ ដើម្បីប្រកួតក្នុងការបោះឆ្នោតទេ គឺមានតែលោក ហ៊ុន សែន ខិតខំធ្វើយ៉ាងណាឲ្យមតិជាតិ និងអន្តរជាតិមើលឃើញថា ការបោះឆ្នោតនោះមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទើបបានគេទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះបាន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «ពិបាកនឹងសម្របសម្រួលណាស់។ ដូចជាការសុំឲ្យលោក សម រង្ស៊ី បានចូលរួមការបោះឆ្នោតឆ្នាំនេះ ដូចជាសហរដ្ឋអាមេរិក ប្រទេសបារាំង ជាដើម ក៏មានទាមទារដែរ។ ដូច្នេះកាលណាគ្មានការចូលរួម ហើយមានការបំបិទសិទ្ធិខ្លាំង ក្រែងលោគេពិបាកទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានរិះគន់ថា ដោយសារប្រញាប់ប្រញាល់ស្វែងរកសំឡេងគាំទ្រមុនមានការអនុញ្ញាតជាផ្លូវការពេកនោះ បានជាគណបក្សប្រជាជនកម្ពុជា កំពុងតែរំលោភក្នុងការប្រើសម្ភារៈរបស់រដ្ឋ ដើម្បីឃោសនាជាប្រយោជន៍គណបក្សរបស់ខ្លួន។
ចំណែកអ្នកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បានសរសើរថា ការប្រកាសមុនរបស់លោក ហ៊ុន សែន អំពីអព្យាក្រឹតភាពរបស់កម្លាំងប្រដាប់អាវុធនេះ និងការបង្កលក្ខណៈងាយស្រួលឲ្យសមាជិកគណបក្សនយោបាយចុះជួបប្រជុំ និងធ្វើសកម្មភាពនានានៅមូលដ្ឋាននេះ ជាការល្អ ដើម្បីចៀសវាងកុំឲ្យកើតមានអំពើហិង្សាផ្សេងៗ ក្នុងរយៈពេលដំណើរការបោះឆ្នោតជាតិនេះ។
អ្នកស្រី ពុង ឈីវកេក៖ «អនុសាសន៍ទាំងអស់នោះ បើបានល្អជាងហ្នឹង គួរតែដាក់ធ្វើច្បាប់អនុម័តដោយរដ្ឋសភា ព្រឹទ្ធសភា និងឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រអីទៅ ហើយបើទាំងអស់គ្នាគោរពច្បាប់នោះ អនុវត្តច្បាប់នោះវាល្អណាស់សម្រាប់ប្រទេសយើង។ ប៉ុន្តែអ្នកស្រីព្រួយបារម្ភថា ខ្លាចមន្ត្រីថ្នាក់ក្រោមមិនអនុវត្តតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី»។
ចំពោះលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា បើសិនជាអ្វីដែលលោក ហ៊ុន សែន លើកឡើងជាការពិតនោះ លោកសប្បាយរីករាយណាស់ ប៉ុន្តែសុំកុំនិយាយផ្សេងធ្វើសកម្មភាពផ្សេង ជាពិសេសបើសិនជាលោក ហ៊ុន សែន អនុញ្ញាតឲ្យលោក សម រង្ស៊ី បានចូលមកវិញ ដើម្បីចូលរួមការបោះឆ្នោតនោះ វាកាន់តែធ្វើឲ្យការបោះឆ្នោតនោះមានលក្ខណៈទូលាយ និងសេរីថែមទៀត។
លោក យឹម សុវណ្ណ៖ «ខ្ញុំសូមគាំទ្រគណបក្សកាន់អំណាច មេដឹកនាំគណបក្សកាន់អំណាចដែលបានចេញសារដ៏មានសារសំខាន់នេះ។ ក៏ប៉ុន្តែសុំឲ្យសារនេះឆ្លុះបញ្ចាំងឲ្យមានឆន្ទៈពិតប្រាកដ ដែលនាំឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ បើសិនជាសារទៅម្ខាង ហើយការអនុវត្តទៅម្ខាង នោះជាការសោកស្ដាយជាទីបំផុត។ បញ្ហាសំខាន់លើសនេះទៅទៀត គឺការធានាឲ្យលោកប្រធាន សម រង្ស៊ី ចូលរួមបោះឆ្នោតដោយសុវត្ថិភាព ហើយនិងការកែទម្រង់ គ.ជ.ប ជាពិសេសបញ្ជីឈ្មោះបោះឆ្នោតដែលកំពុងមានបញ្ហា ហើយត្រូវបានអន្តរជាតិ និងសង្គមស៊ីវិលកំពុងធ្វើការទិតៀនយ៉ាងខ្លាំងក្លា»។
សុន្ទរកថារបស់លោក ហ៊ុន សែន នេះ ធ្វើឲ្យប្រជាពលរដ្ឋទូទៅមានការចាប់អារម្មណ៍ដែរ។ ប្រជាពលរដ្ឋមួយរូបឈ្មោះ សោភ័ណ រស់នៅខេត្តសៀមរាប បាននិយាយថា ប្រជាពលរដ្ឋកម្របានឮលោក ហ៊ុន សែន អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានជួយបង្កលក្ខណៈងាយស្រួលឲ្យសមាជិកគណបក្សនយោបាយធ្វើសកម្មភាពជួបប្រជុំដោយសេរីណាស់៖ «នៅពេលមានការបោះឆ្នោតម្តងៗ បីបួនអាណត្តិកន្លងមក មិនដែលឃើញលោក ហ៊ុន សែន និយាយព្រមានរំលឹកអាជ្ញាធរអំពីការបោះឆ្នោតបែបនេះឡើយ ជាពិសេសដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មិនឲ្យលូកដៃ មិនឲ្យរារាំងប្រជាពលរដ្ឋ មិនឲ្យចូលប្រជុំជាមួយគណបក្សផ្សេងអ៊ីចឹង»។
ប្រជាពលរដ្ឋមួយរូបទៀតរស់នៅភ្នំពេញ ឈ្មោះ វីរៈ បាននិយាយថា លោកមានការចម្លែកណាស់នៅពេលលោកនាយករដ្ឋមន្ត្រីនិយាយអំពីអព្យាក្រឹតភាពរបស់កងកម្លាំងប្រដាប់អាវុធនេះ និងសុំឲ្យការពារអ្នកនយោបាយមកពីគណបក្សប្រឆាំងដែរ៖ «ខ្ញុំថា នេះជាចំណុចល្អមួយ។ ប៉ុន្តែខ្ញុំចំណាំមើលស្រុកខ្មែរយើង មេដឹកនាំច្រើនតែនិយាយហើយមិនធ្វើតាមសំដី។ គាត់និយាយអ៊ីចឹងមែន តែអ្នកក្រោមច្រើនមិនធ្វើតាមនាយករដ្ឋមន្ត្រីនិយាយ»។
កាលពីថ្ងៃទី២ មេសា កន្លងទៅ លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រឲ្យនិស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅកោះពេជ្រ សុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បង្កលក្ខណៈឲ្យអ្នកនយោបាយមកពីគ្រប់គណបក្សអាចចុះទៅជួបប្រជាពលរដ្ឋដោយសេរី និងមិនត្រូវហាមឃាត់ប្រជាពលរដ្ឋមិនឲ្យទៅចូលរួមការប្រជុំនយោបាយផ្សេងៗនោះឡើយ។
លោកក៏បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវរក្សាបរិយាកាសអព្យាក្រឹតក្នុងការបោះឆ្នោត សុំកុំឲ្យការបោះឆ្នោតនោះក្លាយជាការបែកបាក់ជាតិ និងមានការរើសអើងគណបក្សនយោបាយនៅក្នុងភូមិឃុំ បណ្ដាលឲ្យមានជម្លោះដោយសារគាំទ្រគណបក្សនយោបាយខុសគ្នាជាដើម៖ «បណ្ដាបក្សនយោបាយទាំងអស់ត្រូវតែមានសេរីភាពក្នុងការធ្វើសកម្មភាពនៅមូលដ្ឋាន។ សិទ្ធិប្រជាពលរដ្ឋត្រូវបានគោរព បើទោះបីជាគេស្រឡាញ់បក្សណាក៏ដោយចុះ។ ត្រូវតែយកចិត្តទុកដាក់ការពារឲ្យបាននូវសន្តិសុខ សុវត្ថិភាពនៃបណ្ដាបក្សនយោបាយដែលជួបប្រជុំជាមួយប្រជាពលរដ្ឋ ជាសមាជក្ដី ជាវេទិកាអីក្ដី ហើយសុំអំពាវនាវថា កុំឲ្យការបោះឆ្នោតនេះក្លាយទៅជាការបែកបាក់ជាតិ»។
ការបោះឆ្នោតរើសសមាជិកសភាអាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ កក្កដា ខាងមុខ។ មានប្រជាពលរដ្ឋគ្រប់អាយុអាចចូលរួមបោះឆ្នោតចំនួនជាង ៩លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ១៤លាននាក់ទូទាំងប្រទេស។ គណបក្សនយោបាយដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានប្រហែល ៥០ ប៉ុន្តែគេនៅមិនទាន់ដឹងថា មានគណបក្សនយោបាយចំនួនប៉ុន្មានចូលរួមប្រកួតក្នុងការបោះឆ្នោតនោះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
