និវត្តជន​ស្នើ​នាយករដ្ឋមន្ត្រី​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​និង​ផ្ទះ​ឲ្យ​បាន​ឆាប់

0:00 / 0:00

អតីត​កងកម្លាំង​ប្រដាប់អាវុធ ឬ​និវត្តជន​ជិត ៤០​នាក់ ស្ថិត​ក្នុង​ចំណោម​និវត្តជន​ច្រើន​ទៀត ចង់​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​សកម្មភាព​បែងចែក​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ ដែល​គ្រោង​ផ្ដល់​ជូន​ពួកគាត់ មាន​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ឆាប់ ព្រោះ​និវត្តជន​ខ្លះ​មាន​វ័យ​ជរា និង​មាន​ជំងឺ​រ៉ៃរ៉ៃ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ។

​បញ្ហា​នេះ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពន្លឿន​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពួកគាត់ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​បាត់បង់​ជំនឿ​ទៅ​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល។

អតីត​កងកម្លាំង​ប្រដាប់អាវុធ​ចូលនិវត្តន៍ ឬ​និវត្តជន​ឆ្នាំ​២០០៩ ចំនួន ៣៧​នាក់ ស្ថិត​ក្នុង​ចំណោម​និវត្តជន​ច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស កំពុង​ទន្ទឹង​រង់ចាំ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ បែងចែក​ដី​សម្បទាន​សង្គមកិច្ច ឬ​លំនៅឋាន​ជូន​ពួកគាត់​ដោយ​អន្ទះសា ព្រោះ​បច្ចុប្បន្ន​នេះ​មាន​និវត្តជន​ខ្លះ​ដែល​ត្រូវ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ មាន​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ បាន​បាត់​ដំណឹង​សូន្យ​ឈឹង។

ផ្តើម​ពី​បញ្ហា​នេះ អតីត​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ ឬ​និវត្តជន គឺ​លោក​វរសេនីយ៍ត្រី ឌិន តុង ដែល​អះអាង​ជា​តំណាង​ឲ្យ​និវត្តជន​ចំនួន ៣៧​នាក់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​ឧសភា ថា និវត្តជន​ពួកគាត់​ទាំង ៣៧​នាក់ នៅ​មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ ដែល​រដ្ឋាភិបាល​ត្រូវ​ផ្ដល់​ជូន​នោះ​ទេ។ លោក​ថា គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ចន្លោះ​ពី ៦ ទៅ ៧​ឆ្នាំ​ទៅ​ហើយ ហើយ​ក៏​មាន​និវត្តជន​មួយ​ចំនួន​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ។

តំណាង​និវត្តជន លោក ឌិន តុង បាន​សំណូម​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ពន្លឿន​បែងចែក​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ​ជូន​និវត្តជន​ពួកគាត់​ឲ្យ​បាន​ឆាប់ ព្រោះ​បច្ចុប្បន្ន​នេះ​ជីវភាព​គ្រួសារ​កំពុង​ជួបប្រទះ​ការ​ខ្វះខាត៖ «កាល​ពី​អាណត្តិ​លោក ស្បោង សារ៉ាត់ នៅ​ជា​អភិបាល​ខេត្ត​ព្រះសីហនុ ខ្ញុំ​បាន​ទៅ​សួរ​នាំ​គាត់​ម្ដង​រួច​ហើយ លើ​បញ្ហា​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ​ជូន​និវត្តជន​ពួក​ខ្ញុំ​នា​ដើម​ឆ្នាំ​២០១៤ ដែល​ត្រូវ​ផ្ដល់​ជូន​នៅ​តំបន់​អូរ​ត្រជាក់ចិត្ត ប៉ុន្តែ​ឈ្មោះ​ពួក​គាត់​ទាំង ៣៧​នាក់ មិន​មាន​ឈ្មោះ​នៅ​ទី​នោះ​ទេ ហើយ​ត្រូវ​គេ​ដាក់​ឈ្មោះ​ឲ្យ​ទៅ​យក​ចំណែក​ដី​នៅ​កោះ​ខ្ចង ឬ​តំបន់​អូរចំណា​វិញ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ឆ្នាំ​២០១៥ មាន​រយៈពេល ៦​ឆ្នាំ​ទៅ​ហើយ នៅ​តែ​បាត់​ដំណឹង មិន​ដឹង​ជា​ឯកសារ​របស់​និវត្តជន​ពួក​ខ្ញុំ​ទាំង ៣៧​នាក់​ទៅ​ដល់​ណា? ហើយ​ពេល​ណា​ទើប​ពួក​ខ្ញុំ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ​ទេ សូម​ឲ្យ​សម្ដេច ហ៊ុន សែន ជួយ​ពួក​ខ្ញុំ​ផង»

អតីត​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ លោក​វរសេនីយ៍ត្រី ឌិន តុង ថ្លែង​បន្ត​ថា ក្នុង​ចំណោម​អតីត​កម្លាំង​ប្រដាប់​អាវុធ​ដែល​ចូលនិវត្តន៍ កាលពី​ឆ្នាំ​២០០៩ ចំនួន ៣៧​នាក់ គឺ​មាន ២​នាក់ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ ហើយ​ពួកគាត់​ទាំង​ពីរ​រូប​នេះ​ទំនង​ជា​គ្មាន​សង្ឃឹម​ថា អាច​ទទួល​បាន​សម្បទាន​ដី​សង្គមកិច្ច​នៅ​មុន​សេចក្ដី​ស្លាប់ មក​ដល់​នោះ​ទេ​បើ​សិន​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​យឺតយូរ​បន្ត​ទៀត​នោះ៖ «សំណើ​ពួក​ខ្ញុំ គឺ​ស្នើសុំ​សម្ដេច​នាយក ហ៊ុន សែន ជួយ​ដោះស្រាយ ឬ​អន្តរាគមន៍​ផ្ដល់​ដី​សង្គមកិច្ច និង​ផ្ទះ ជូន​និវត្តជន​ពួក​ខ្ញុំ​ទាំង ៣៧​នាក់​ឲ្យ​បាន​ឆាប់​ផង ព្រោះ​មាន​និវត្តជន​ខ្លះ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ។ និវត្តជន​ពួក​ខ្ញុំ​ទាំង ៣៧​នាក់ គឺ​បាន​ចូលនិវត្តន៍​តាំង​ពី​ឆ្នាំ​២០០៩ រហូត​មក​ដល់​ឆ្នាំ​២០១៥ ទៅ​ហើយ នៅ​មិន​ទាន់​ទទួល​បាន​ដី​និង​ផ្ទះ​ទៀត។ ដូច្នេះ​សុំ​សំណូមពរ​ឲ្យ​សម្ដេច​នាយក​ជួយ​កកូរកកាយ​រឿង​នេះ​ជូន​និវត្តជន​ពួក​ខ្ញុំ​ដោយ​អនុគ្រោះ​ផង»

​បញ្ហា​នេះ​ដែរ លោក ឃុន សាវឿន មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​បាន​ដឹងឮ ឬ​ទទួល​បាន​បណ្ដឹង​ចំពោះ​ភាព​យឺតយ៉ាវ​នៃ​ការ​បែងចែក​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ ជូន​និវត្តជន ឬ​អតីត​កងកម្លាំង​ប្រដាប់អាវុធ ដែល​ត្រូវ​ទទួល​បាន​ចំណែក​ដី​នា​ខេត្ត​ព្រះសីហនុ នេះ​ដែរ។

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បាន​ទទូច​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ជួយ​ពន្លឿន​សកម្មភាព​បែងចែក​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ​ជូន​មន្ត្រី​រាជការ​ចូល​និវត្តន៍​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ផ្សះផ្សា​វិបត្តិ​ផ្លូវ​ចិត្ត​របស់​ពួកគាត់៖ «តាម​ខ្ញុំ​ស្ដាប់​ការ​រៀបរាប់​របស់​និវត្តជន គឺ​ពួកគាត់​មាន​ការ​សោកស្ដាយ​ចំពោះ​រដ្ឋាភិបាល នៅ​ពេល​ពួកគាត់​ចូល​និវត្ត​ ហាក់​មិន​បាន​ជួយ​ឈឺ​ឆ្អាល​ពី​សុខទុក្ខ​ពួកគាត់​ទេ។ បញ្ហា​នេះ បើ​រដ្ឋាភិបាល​ពិត​ជា​មាន​គោល​ការ​បែងចែក​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ ជូន​និវត្តជន​ពិត​មែន គួរតែ​ផ្ដល់​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ និង​ត្រូវ​កំណត់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ដែល​អាច​ឲ្យ​ពួកគាត់​យក​ដី​សង្គមកិច្ច និង​ផ្ទះ​នោះ​លក់​ដូរ​បាន»

លោក ឃុន សាវឿន បាន​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល គួរ​ពិនិត្យ និង​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច​ជូន​និវត្តជន ឬ​អតីត​កម្លាំង​ប្រដាប់​អាវុធ ដោយ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​បច្ចុប្បន្ន​នេះ អតីត​កងកម្លាំង​ចូលនិវត្តន៍ ឬ​បាត់បង់​សមត្ថភាព​ការងារ​ដោយ​ពិការភាព និង​គ្រួសារ​យុទ្ធជន​ពលី​មរណៈ​មួយ​ចំនួន មាន​ជីវភាព​រស់​នៅ​តោកយ៉ាក ឬ​ក៏​មាន​និវត្តជន​ខ្លះ បាន​ដើរ​សុំទាន​តាម​ទីប្រជុំជន​ដោយសារ​តែ​ជីវភាព​រស់​នៅ​ខ្វះខាត។ លោក​ថា បញ្ហា​នេះ គឺ​ជា​ការ​ទទួល​​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ព្រោះ​ពួកគាត់​បាន​ជួយ​បំពេញ​ការងារ​ជូន​ជាតិ មាន​ស្នាដៃ​ធំធេង មុន​ត្រូវ​បាត់បង់​កម្លាំង​ពលកម្ម ឬ​គ្មាន​កម្លាំង​ធ្វើការ​បម្រើ​រដ្ឋ​លែង​កើត។

​ឆ្លើយ​តប​បញ្ហា​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ថ្លែង​ថា កន្លង​មក​ការ​បែងចែក​សម្បទាន​ដី​សង្គមកិច្ច​ជូន​និវត្តជន មាន​ទីតាំង​នៅ​ខេត្ត​នេះ នៅ​តំបន់​អូរ​ត្រជាក់ចិត្ត ក្នុង​ស្រុក​ស្ទឹងហាវ ដោយ​និវត្តជន​ម្នាក់ៗ ត្រូវ​ទទួល​បាន​ផ្ទះ​មួយ​ខ្នង និង​ដី​កសិកម្ម​ចំនួន ១​ហិកតារ។ ប៉ុន្តែ​ដោយសារ​តែ​ការ​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​ជូន​និវត្តជន នា​ខេត្ត​ព្រះសីហនុ គឺ​និវត្តជន​នៅ​ទូទាំង​ប្រទេស​ត្រូវ​មក​ទទួល​សម្បទាន​ដី​សង្គមកិច្ច និង​ផ្ទះ​នៅ​ក្នុង​ខេត្ត​នេះ អាជ្ញាធរ​រៀបចំ​ផ្ដល់​ជូន​មិន​បាន​ទាន់​ពេល​វេលា​ទេ។

លោក ឈិត សុខុន៖ «ដី​ដែល​អាជ្ញាធរ​រៀបចំ​ផ្តល់​ជូន​និវត្តជន​នៅ​ខេត្ត​ព្រះសីហនុ គឺ​រៀបចំ​ផ្តល់​ជូន​និវត្តជន​ទូទាំង​ប្រទេស មិនមែន​តែ​និវត្តជន​នៅ​ខេត្ត​នេះ​ទេ ហើយ​ដល់​ពេល​អាជ្ញាធរ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា មាន​និវត្តជន​មាន​លំនៅឋាន​ក្នុង​ខេត្ត​ព្រះសីហនុ ក៏​មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ​ពួកគាត់​ក៏​បាន​សំណូមពរ​ឲ្យ​បែងចែក​ដី​ជូន​ពួកគាត់​ដែរ។ ប៉ុន្តែ​បញ្ហា​នេះ​ជា​គោលនយោបាយ​របស់​រដ្ឋាភិបាល ហើយ​ខាង​ក្រសួង​ដែនដី​ជា​អ្នក​ទទួល​រៀបចំ​សង់ផ្ទះ និង​ចំណាយ​ថវិកា​សាងសង់​ផ្សេងៗ»

​ទោះ​យ៉ាង​ណា លោក ឈិត សុខុន បញ្ជាក់​ថា សកម្មភាព​បែងចែក​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ​ជូន​និវត្តជន ដែល​ត្រូវ​ទទួល​បាន​នៅ​ខេត្ត​ព្រះសីហនុ គឺ​អាជ្ញាធរ ឬ​រដ្ឋាភិបាល​កំពុង​ដោះស្រាយ​ជា​ជំហានៗ៖ «កន្លង​មក​នេះ​ខាង​ក្រសួង​រៀបចំ​ដែនដី បាន​សង់ផ្ទះ​ជូន​និវត្តជន​បាន ៨០​ខ្នង នៅ​ចំណុច​អូរ​ត្រជាក់ចិត្ត ក្នុង​ស្រុក​ស្ទឹងហាវ ដោយ​ផ្ទះ​មួយ​ខ្នង​សង់​លើ​ដី​ទំហំ ២០​ម៉ែត្រ គុណ ៣០​ម៉ែត្រ មាន​តម្លៃ​ចន្លោះ​ពី ៦ ទៅ ៧​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក និង​បាន​បែងចែក​ដី​កសិកម្ម​ជូន​និវត្តជន​ម្នាក់ៗ​ចំនួន ១​ហិកតារ​ថែម​ទៀត។ ប៉ុន្តែ​មិន​ទាន់​បាន​គ្រប់គ្នា​ទេ ចំណែក​និវត្តជន​ជាង ៣០​នាក់​ដែល​តវ៉ា​ពេល​នេះ​ទំនង​ជា​ពួកគាត់​ពិត​ជា​មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ​ដូច​ពួកគាត់​អះអាង​ពិត​មែន»

ត្រង់​ចំណុច​នេះ លោក ឃុន សាវឿន មន្ត្រី​អង្កេត​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ ថ្លែង​រិះគន់​ចំពោះ​ភាព​យឺតយ៉ាវ​នេះ ពីព្រោះ​និវត្តជន​ខ្លះ​បាន​ចូលនិវត្តន៍​មាន​រយៈពេល​ចន្លោះ​ពី ៦ ទៅ ៧​ឆ្នាំ​ទៅ​ហើយ នៅ​មិន​ទាន់​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ​ដែល​រដ្ឋាភិបាល​ត្រូវ​ផ្តល់​ជូន​​ទៀត។ ជាង​នេះ​ទៀត ក៏​សង្កេត​ឃើញ​មាន​និវត្តជន ឬ​អតីត​កងកម្លាំង​ប្រដាប់អាវុធ​ខ្លះ ដែល​ធ្លាក់ខ្លួន​ពិការ ក៏​បាន​បង្ខំចិត្ត​ដើរ​សុំទាន​នៅ​តាម​ទីប្រជុំជន ដើម្បី​ចិញ្ចឹម​គ្រួសារ​ជួប​ការ​ខ្វះខាត​ជាដើម។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពិចារណា និង​គិតគូរ​ដល់​ជីវិត​គ្រួសារ​និវត្តជន ឬ​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ចូលនិវត្តន៍ ដោយ​យក​ចិត្ត​ទុក​ដាក់។

ទាក់ទិន​បញ្ហា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិសម្បទា ត្រូវ​រៀបចំ​កិច្ចសហការ​សម្របសម្រួល​ឲ្យ​មន្ត្រី​នគរបាល ឬ​កងរាជអាវុធហត្ថ​ចូល​និវត្ត អាច​មាន​លទ្ធភាព​បាន​ជ្រើសរើស​ទៅ​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ។

សារ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​កម្លាំង​នគរបាល​ជាតិ ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​១៩៤៥ ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៥។

​សេចក្ដី​ប្រកាស​របស់​លោក ស ខេង ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ទទួល​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​មួយ​ចំនួន​ដែល​លោក​បាន​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​នានា ជួយ​ទទួល​យក​មន្ត្រី​នគរបាល​ចូលនិវត្តន៍​ទៅ​បម្រើ​ការងារ​ក្នុង​គោលបំណង​ផ្ដល់​លទ្ធភាព​ឲ្យ​ពួកគាត់​អាច​រក​ប្រាក់​ចំណូល ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​ជា​ការ​ផ្ដល់​ឱកាស​ដល់​មន្ត្រី​ចូលនិវត្តន៍ អាច​យក​បទពិសោធន៍​ដែល​មាន​ស្រាប់​បន្ត​ចូល​រួម​ការងារ​ការពារ​សន្តិសុខ​សង្គម​នា​ថ្ងៃ​អនាគត។

ទោះ​យ៉ាង​ណា គំនិត​ផ្ដួចផ្ដើម​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​រង​ការ​រិះគន់​ពី​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន ដោយ​បាន​លើក​ឡើង​ថា និវត្តជន ឬ​កម្លាំង​ប្រដាប់​អាវុធ​ចូលនិវត្តន៍​ភាគ​ច្រើន ពួកគាត់​គ្មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​បំពេញ​ការងារ​ជូន​ក្រុមហ៊ុន​ឯកជន​ឲ្យ​បាន​ពេញលេញ ឬ​ពេញ​ម៉ោង​នោះ​ទេ ព្រោះ​កាយ​សម្បទា​របស់​ពួកគាត់​បាន​ទ្រុឌទ្រោម​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ ហើយ​ក្រោយ​ពេល​ចូលនិវត្តន៍ ត្រូវ​ទន្ទឹង​រង់ចាំ​ប្រាក់​ឧបត្ថម្ភ​ចូលនិវត្តន៍ ឬ​ការ​បែងចែក​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ​ពី​រដ្ឋាភិបាល​ផ្ដល់​ជូន​ឲ្យ​បាន​ទាន់​ពេល​វេលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។