ការ​ប្រែប្រួល​នយោបាយ​​​ក្នុង​ឆ្នាំ២០១៥

0:00 / 0:00

វេទិកា​នយោបាយ​ពេញ​មួយ​ឆ្នាំ​កន្លង​មក​នេះ ប្រៀប​ដូចជា​​ទីលាន​សង្រ្គាម​ពាក្យសម្ដី ដែល​ជំរុញ​ឲ្យ​កម្ដៅ​នយោបាយ​បាន​ឡើង​ចុះ​មិន​ទៀងទាត់។ អ្នក​វិភាគ​យល់​ឃើញ​ថា ការ​ដែល​អ្នក​នយោបាយ​ស្រុះស្រួល​គ្នា​បង្កើត​ឲ្យ​មាន​វប្បធម៌​សន្ទនា រំពឹង​ថា អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ​មាន​ភាព​ប្រសើរ​ឡើង។ ផ្ទុយ​ទៅ​វិញ បញ្ហា​កាន់​តែ​បន្ត​ចាក់ស្រេះ រហូត​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ស្ទើរ​មើល​មុខ​គ្នា​លែង​ចំ។

សករាជ​ឆ្នាំ​ចាស់​ស្ទើរ​តែ​កន្លង​ផុត​ទៅ​ហើយ ជំនួស​មក​វិញ​ដោយ​សករាជ​ថ្មី ក៏ប៉ុន្តែ​អ្វី​ៗ​នៅ​តែ​ពុំ​ទាន់​មាន​ការ​វិវឌ្ឍន៍​ដែល​អាច​ផ្ដល់​ភាព​វិជ្ជមាន​ជា​ដុំ​កំភួន​នៅ​ឡើយ សម្រាប់​បរិបទ​នយោបាយ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ។

ជា​ចំណង​ដៃ​ឆ្នាំ​ថ្មី ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ភ្លាម​មួយ​រំពេច​ថា លោក​នឹង​កាត់​ដៃ​ស្ដាំ​ចោល ប្រសិន​បើ​នៅ​តែ​បន្ត​លើកលែង​ទោស​ឲ្យ​មេដឹកនាំ​គណបក្ស​ជំទាស់ គឺ​លោក សម រង្ស៊ី ទៀត។ នេះ​ជា​សារ​នយោបាយ​មុន​ផ្ដាច់​ឆ្នាំ​ចាស់​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ជា​មេដឹកនាំ​ចាស់​វស្សា​ជាងគេ បើ​ធៀប​នឹង​មេដឹកនាំ​ដទៃ​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា៖ «ប្រាប់​ឲ្យ​ហើយ ​បើ​លេង​កុំ​ខឹង ​បើ​ខឹង​កុំ​លេង។ មាន​អ្នក​ខ្លះ​លេង​ជា​មួយ​គេ លេង​ម្ដង​ហើយ​ម្ដង​ទៀត។ ចាក់លិច​ ចាក់​​កើត ដល់​ពេល​គេ​ទះ​បួន​ប្រាំ​កំផ្លៀង​ឡឺ​កឺ​ៗ។ ឥឡូវ​សូម​កុំ​សង្ឃឹម! ​ខ្ញុំ​ប្រកាស ​បើ​ខ្ញុំ​ហើយ​ចុះ​ហត្ថលេខា​លើកលែង​ទោស​ឲ្យ​អ្នក​ណា ខ្ញុំ​កាត់​ដៃ​ស្ដាំ​ខ្ញុំ​គ្រវាត់​ចោល​តែម្ដង។ អ្នក​ឯង​ចាំ​ទៅ! មាន​ឯង​អត់​​អញ មាន​អញ​អត់​ឯង គឺ​អ្នក​ឯង​អ្នក​ដាក់។ អ្នក​ឯង​ធ្វើ​ស្អី​ចំពោះ​ខ្ញុំ។ ហួស​ពេល​ហើយ​អូន»។

ក្រោយ​ពេល​ជាប់​គាំ​ផ្នែក​នយោបាយ​ប្រមាណ ១ឆ្នាំ បន្ទាប់​ពី​ប្រកាស​លទ្ធផល​ឆ្នោត​រួច កាល​ពី​ឆ្នាំ២០១៣ ដោយ​គណបក្ស​ជំទាស់​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ដើម្បី​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​ជា​លើក​ដំបូង​​នោះ ​បាន​ជំរុញ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​ពេល​នោះ កាន់​តែ​មាន​ភាព​អាប់អួ​ទៅ​ៗ។ ចាប់​ពី​លទ្ធផល​ឆ្នោត ដែល គ.ជ.ប ប្រកាស​ជា​ផ្លូវ​ការ​រួច​ភ្លាម បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត​ក៏​ផ្ទុះ​ឡើង​ភ្លាម​ដែរ។ គេ​នៅ​ចាំ​បាន​ថា ស្ទើរ​នៅ​គ្រប់​មហាវិថី​សំខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ សម្រែក​ក្រុម​អ្នក​តវ៉ា​បាន​លាន់​យ៉ាង​កងរំពង ស្ទើរ​រាល់​ថ្ងៃ ជាពិសេស​សារ​ដែល​ពេញ​និយម​បំផុត​នៅ​ពេល​នោះ គឺ ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ។

ដោយ​មើល​ឃើញ​ពី​បរិយាកាស​នយោបាយ​បន្ត​តានតឹង​ឡើង​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​តំណាងរាស្ត្រ​ទាំង ៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​សម្រេច​ចូល​ប្រជុំ​សភា​ជា​លើក​ដំបូង​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ២០១៤។ ផ្ដើម​ដោយ​ការ​សម្រេច​ចូល​ប្រជុំ​សភា​ពី​ខាង​គណបក្ស​ជំទាស់​ទាំង​តក់ក្រហល់​នេះ​ហើយ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បក្ស​ប្រឆាំង​ថា ជា​រដ្ឋាភិបាល និង​សភា​មិន​គ្រប់​ទឹក​នោះ បាន​ប្រែក្លាយ​ទៅ​ជា​គ្រប់​ទឹក​វិញ។ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​រៀង​ៗ​ខ្លួន និង​កាន់​ដៃ​គ្នា​នៅ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ក្នុង​រយៈពេល ៥ឆ្នាំ​នោះ គណបក្ស​ដែល​ធ្លាប់​តែ​ពាក់​មុខ​យក្ស​ដាក់​គ្នា​នេះ ក៏​សម្រេច​បង្កើត​កិច្ច​ព្រមព្រៀង​គោលនយោបាយ​រួម​គ្នា​មួយ តាមរយៈ​វប្បធម៌​សន្ទនា កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ២០១៥ ភ្លាម។

ចាប់ផ្ដើម​ពី​កិច្ច​ព្រមព្រៀង​នយោបាយ​នេះ​ហើយ អ្វី​ៗ​ហាក់​មាន​ភាព​ប្រសើរ និង​ធូរ​ស្រាល​ជាង​មុន រហូត​សម្រេច​​បាន​ច្បាប់​បោះឆ្នោត​ថ្មី ដែល​ម្ខាង​ៗ​គិត​ថា ជា​អង្គការ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន និង​ផ្ដល់​ភាព​យុត្តិធម៌​សម្រាប់​ការ​បោះឆ្នោត ដែល​បម្រើ​ឲ្យ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​បាន។

ជាង​នេះ​ទៀត ដើម្បី​ភាព​ជឿជាក់​គ្នា​កាន់​តែ​ខ្លាំង​នោះ អ្នក​នយោបាយ​ដែល​ធ្លាប់​ជា​គូរ​បដិបក្ខ​នឹង​គ្នា សម្រេច​បង្កើត​គោលការណ៍ ៨ចំណុច​បន្ថែម កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ។ គោលការណ៍​ទាំង​នោះ​រួម​មាន ត្រូវ​ស្មោះត្រង់​នឹង​គ្នា ប្រើប្រាស់​វប្បធម៌​សន្ទនា ជា​គោលការណ៍​ក្នុង​ការ​វាស់វែង និង​ហាម​ប្រើប្រាស់​ពាក្យពេចន៍​ ក្បាល​យួន​ខ្លួន​ខ្មែរ​ជាដើម។ ក៏ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ការ​គិត​នោះ​ឡើយ។ ភាព​ប្រេះ​ឆា ក៏​បាន​ចូល​ទៅ​រំខាន​ភាព​ផ្អែមល្ហែម​នឹង​គ្នា​ភ្លាម​ដែរ ដែលបក្ស​នយោបាយ​ទាំង​ពីរ​ទើប​តែ​កសាង​បាន​សុភមង្គល មិន​ទាន់​ទាំង​បាន​មួយ​ឆ្នាំ​ស្រួលបួល​ផង​នោះ។

ថ្វី​បើ​គណបក្ស​នយោបាយ​ទាំង​ពីរ ដែល​ធ្លាប់​តែ​មិន​ប្រណី​មាត់​ក្នុង​ការ​រិះគន់ និង​វាយប្រហារ​ជា​ច្រើន​អាណត្តិ​ណាស់​ហើយ​នេះ ទទួល​យក​គោលការណ៍ មិន​តិះដៀល​គ្នា​ទៀត​ក៏ដោយ​ចុះ ក៏​គណបក្ស​ជំទាស់ មិន​នៅ​ស្ងៀម​ឡើយ។ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ចាប់ផ្ដើម​ពិនិត្យ​លើ​គោលការណ៍​នយោបាយ​អសកម្ម​នានា របស់​រដ្ឋាភិបាល ដូច​ជា​អំពើ​ពុករលួយ បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម និង​បញ្ហា​ដីធ្លី​ជា​ដើម រហូត​ធ្វើ​រដ្ឋាភិបាល សម្រេច​ចិត្ត​ស្នើ​សុំ​ប្រទេស​មហា​អំណាច និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ស្នើ​សុំ​​ផែនទី​មក​ផ្ទៀងផ្ទាត់ រក​ឲ្យ​ឃើញ​ស​ខ្មៅ ក្នុង​ការ​ជម្រះ​មន្ទិល​សង្ស័យ​ពី​ភាព​មិន​ប្រក្រតី​ជា​មួយ​វៀតណាម។

ដើម្បី​ផ្សះផ្សា​ភាព​រកាំរកូស​នេះ បាន​បង្ខំ​ចិត្ត​ឲ្យ​លោក ហ៊ុន សែន និង លោក សម រង្ស៊ី ត្រូវ​កាន់​ដៃ​គ្នា​ទៅ​លេង​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​សៀមរាប ​ជា​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី​១៤ មេសា ក្រោយ​ពី​គណបក្ស​នយោបាយ ទាំងពីរ​សម្រេច​ធ្វើ​ដំណើរ​លើ​ផ្លូវ​នយោបាយ​ជាមួយ​គ្នា។ រយៈពេល ១២​ថ្ងៃ​បន្ទាប់ ពោល​គឺ​កាល​ពី​ថ្ងៃ​ទី​២៦ មេសា មេដឹកនាំ​កំពូល​ទាំង​ពីរ​សម្រេចចិត្ត​បង្ហាញ​ខ្លួន​ជា​សាធារណ​ម្ដង​ទៀត នៅ​ប្រទេស​ម៉ាឡេស៊ី។

ស្ថិត​ក្នុង​ស្ថានភាព​ម្ដង​ផ្អែម​ម្ដង​ជូរចត់ ម្យ៉ាង​វិញ​ទៀត ដើម្បី​ស្ដារ​ស្ថាន​ភាព​ប្រេះស្រាំ ឲ្យ​មាន​ភាព​ប្រក្រតី​ដូច​ការ​សន្យា​ពី​ដើម​អាណត្តិ​​ឡើង​វិញ ប្រធាន​គណបក្ស​ជំទាស់ និង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​រៀបចំ​អាហារ​សាមគ្គី​រួម​គ្នា​ជា​លក្ខណៈ​គ្រួសារ​ជា​ថ្មី​ទៀត កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា។

បើ​ទោះ​ជា​គណបក្ស​នយោបាយ​ទាំង​ពីរ​អះអាង​ថា បានខំ​ប្រឹង​បង្កើត​ប្រវត្តិសាស្ត្រ​នយោ​បាយ​រួម​គ្នា​ និង​ប្រឹង​អត់ធ្មត់​ដល់​កម្រិត​ដែល​ចាត់​ទុក​ថា ដើម្បី​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ​ជា​ធ្លុង​មួយ​ក៏ដោយ ក៏​ធាតុ​ពិត​មិន​អាច​ទៅ​រួច​ដដែល។ នយោបាយ​ដែល​ធ្លាប់​និយាយ​ថា មាន​សែន​អត់​​ស៊ី មាន​ស៊ី​អត់​​សែន និង​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​នេះ ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា គឺ​ហាក់​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​រួច​ជា​ស្រេច​ទៅ​​ហើយ ពី​ការ​ដែល​មិន​អាច​បង្ខំ​ចិត្ត​ឲ្យ​គណបក្ស​នយោបាយ​ទាំងពីរ ត្រូវ​ធ្វើ​ដំណើរ​លើ​ផ្លូវ​តែ​មួយ និង​រួមរស់​​ក្រោម​ដំបូល​នៃ​វប្បធម៌​សន្ទនា​បាន។

ឆ្លង​កាត់​ភាព​ប្រេះ​ស្រាំ និង​ការ​មិន​ទុក​ចិត្ត​គ្នា​ផ្នែក​នយោបាយ​ជា​ញឹកញប់​មក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​លោក សម រង្ស៊ី ថា ជា​មេដឹកនាំ​ដែល​មិន​គោរព​ពាក្យ​សម្ដី​ដូច​ការ​សន្យា​របស់​ខ្លួន​ឡើយ។ ផ្ដើម​ចេញ​ពី​បញ្ហា​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​លោក ហ៊ុន សែន លែង​យោគយល់​ឲ្យ​ប្រមុខ​ដឹកនាំ​គណបក្ស​ជំទាស់​រូប​នេះ តាម​រយៈ​ការ​សម្របសម្រួល​ផ្នែក​នយោបាយ​តទៅ​ទៀត។ អ្នក​វិភាគ​នយោបាយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល លើកឡើង​ថា ការ​រាំង​ខ្ទប់​មិន​ឲ្យ​មេ​បក្ស​ជំទាស់​វិល​ចូល​ស្រុក​វិញ​បាន តាម​រយៈ​បណ្ដឹង​របស់​លោក ហោ ណាំហុង ប្រឆាំង​លោក សម រង្ស៊ី នេះ​ត្រូវ​គេ​ចាត់​ទុក​ថា គឺ​ជា​បណ្ដឹង​តាម​បែប​នយោបាយ ច្រើន​ជាង​ទំនាស់​បុគ្គល។ នៅ​នាទី​ចុងក្រោយ​លោក ហ៊ុន សែន សម្រេច​ចិត្ត​ឈប់​ផ្ដល់​ឱកាស​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ ដូច​លើក​មុន​ៗ​ទៀត​ហើយ។

ដោយ​ឡែក លោក កឹម សុខា អនុប្រធាន​គណបក្ស​ជំទាស់​វិញ ត្រូវ​បាន​សមាជិក​សភា​ភាគ​ច្រើន លើសលប់​ពី​ខាង​រដ្ឋាភិបាល សម្រេចចិត្ត​បោះ​ឆ្នោត​ទម្លាក់ ពី​អនុប្រធាន​ទី១ នៃ​រដ្ឋសភា បន្ទាប់​ពី​មាន​បាតុកម្ម​តវ៉ា​កាល​ពី​ចុង​ខែ តុលា។ ការ​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា នេះ ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​ម៉ោង​​ផង ក្រោយ​ពី​លោក ហ៊ុន​ សែន គំរាម​ធ្វើ​បាតុកម្ម​តប ខណៈ​លោក​នាយរដ្ឋមន្រ្តី នៅ​ប៉ារីស​​ហើយ​មាន​មនុស្ស​ជា​ច្រើន តវ៉ា​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​ទីនោះ។ បញ្ហា​បាន​កើត​ឡើង​មួយ​ហើយ​មួយ​ទៀត មិន​ចប់​ទើប​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល អស់​ការ​អស់​ធ្មត់ ហើយ​តែង​ថ្លែង​សារនយោបាយ រាល់​ពេល​មាន​វេទិការ​ម្តង​ៗ ដៀមដាម និង គំរាម​ជា​ហូរហែ​ប្រឆាំង លោក សម រង្ស៊ី។ អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន ធ្វើ​ដូច​នេះ ប្រហែល​ជា​លោក​នាយករដ្ឋមន្រ្តី ចង់​បញ្ចប់​ជីវិត​នយោបាយ​គណបក្ស​ប្រឆាំង នូវ​មុន​ការ​បោះឆ្នោត​ខាង​មុខ​នេះ ច្រើន​ជាង​ទំនាស់​បុគ្គល។

ក្រោយ​ពី​នយោបាយ​ក្នុង​ដំណាក់កាល​ទី១ របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឲ្យ​គណបក្ស​ជំទាស់ ត្រូវ​ទន់​ដៃ​ហើយ​នោះ លោក ហ៊ុន សែន ខ្លួន​ឯង​ក៏​ឆក់​ឱកាស កែទម្រង់​ជា​បន្តបន្ទាប់​ ក្នុង​ដំណាក់កាល​ចុងក្រោយ គឺ​ព្យាយាម​អនុគ្រោះ​ពន្ធ លើ​មធ្យោបាយ​ធ្វើ​ដំណើរ បញ្ឈប់​ការ​យក​លុយ រាល់​ពេល​ឆ្លងកាត់​ផ្លូវ វ៉េងស្រេង និង ចុងក្រោយ​​លោក​នាយករដ្ឋមន្រ្តី ព្យាយាម​ពន្លត់​កំហឹង​ផ្តើម​ចេញ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក និង​ប័ណ្ណបើកបរ។ លោក​ ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​​ជំហរ ថា លោក​នឹង​កំដរ​គ្រប់​ទម្រង់​នៃ​ល្បែង​នយោបាយ បើ​គណបក្ស​ប្រឆាំង​ចង់​លេង​ជាមួយ ហើយ​លោក ហ៊ុន សែន សន្យា​កំដរ​ដល់​ទី​បញ្ចប់។

ជុំវិញ​រឿង​នេះ លោក រស់ រ៉ាវុធ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ ចាត់​ទុក វប្បធម៌​សន្ទនា ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​នយោបាយ​ទាំង​ពីរ ថា គឺ​ប្រៀប​ដូច​ជា​អាហារសម្រន់​មួយ​ពេល។ ម្យ៉ាង​វិញ​ទៀត កិច្ចព្រមព្រៀង នៃ​គោលនយោបាយ​នេះ មិន​អាច​ផ្សះផ្សា​ភាព​ប្រេះឆា ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ ធ្លាប់​មាន​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​បាន​ទេ។

បើ​ទោះ​បី​ជា មក​ដល់​ពេល​នេះ ជីវិត​នយោបាយ របស់​គណបក្ស​ធំ​ៗ​ទាំង​ពីរ ហាក់​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក​រៀង​ៗ​ខ្លួន​ទៅ​ហើយ​ក្ដី ក៏​ម្ខាង​ៗ​បាន​បង្ហាញ​ថា បក្ស​របស់​ខ្លួន​នៅ​តែ​រឹងមាំ និង​អាច​ដណ្ដើម​បាន​ជោគជ័យ នូវ​ការ​បោះឆ្នោត​ក្នុង​រយៈពេល ២ ឬ​៣​ឆ្នាំ ខាងមុខ​ទៀត​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី ៣០ ធ្នូ ឲ្យ​ដឹង​ថា ដើម្បី​សម្រេច​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៦ គឺ​គណបក្ស​បាន​កំណត់​គោលដៅ ក្រោម​ពាក្យ​ស្លោក​ថា " ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ" ។ ដោយ​ឡែក​សារ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​វិញ គឺ​ជា​ការ​កែទម្រង់​ស៊ីជម្រៅ។

លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​ពុំ​មាន​អ្វី​ប្រែប្រួល ឲ្យ​លើស​ពី​ការ​អនុវត្ត​ជាក់ស្ដែង នា​ពេល​បច្ចុប្បន្ន​នេះ​ប៉ុន្មាន​ទេ។ ក្រៅ​ពី​នេះ មន្ត្រី​ដែល​អនុវត្ត​កម្មវិធី​នយោបាយ ត្រូវ​ប្រឹងប្រែង​បន្ថែម និង​យល់​ដឹង​កាន់​តែ​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​ព្យាយាម​បម្រើ​សេវា​ឲ្យ​បាន​ប្រសើរ​ជាង​មុន​បន្ថែម​ទៀត។

លោក​បន្ត​ថា «ក្នុង​នេះ​រាជរដ្ឋាភិបាល​បាន​ដាក់​ទិសដៅ​សម្រាប់​ធ្វើ​ការ​កែទម្រង់​ស៊ីជម្រៅ​នៅ​លើ​គ្រប​វិស័យ។ បញ្ហា​សំខាន់​ណែនាំ​ដល់​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ ឲ្យ​ងូតទឹក​ដុសក្អែល សិតសក់ ​ឆ្លុះកញ្ចក់​ឲ្យ​បាន​ស្អាត​ដើម្បី​បង្កើន​គុណភាព​នៃ​សេវា​សាធារណៈ​​នេះ​ជូន​ប្រជាពលរដ្ឋ»។

អ្នក​វិភាគ​នយោបាយ​វិញ យល់​ឃើញ​ថា មូលហេតុ​ដែល​នាំ​អ្នក​នយោបាយ​ដែល​មក​ពី​បក្ស​ផ្សេង​គ្នា​មិន​អាច​យល់​ចិត្ត និង​រួម​ជីវិត​នយោបាយ​ជា​មួយ​គ្នា​បាន ក៏​ព្រោះ​តែ​ម្នាក់​ៗ​គិត​ពី​មហិច្ឆតា និង​អំណាច​ជា​ធំ។

នៅ​ពាក់​កណ្ដាល​អាណត្តិ នៃ​សម្ព័ន្ធ​មេត្រីភាព រវាង​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ មិន​ទាន់​ទាំង​បាន​ស្រួល​បួល​នៅ​ឡើយ​ផង លោក សម រង្ស៊ី បាន​ប្រៀបធៀប​លោក ហ៊ុន សែន ថា មិន​ខុស​ពី​មេដឹកនាំ​ផ្ដាច់ការ​មួយ​ចំនួន នៅ​ក្នុង​ពិភព​លោក​ឡើយ។ ស្ថិត​ក្រោម​ហេតុ​ផល​នេះ​ហើយ ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យល់​ឃើញ​ថា មេដឹកនាំ​គណបក្ស​ជំទាស់​នឹង​ពុំ​មែន​ជា​ដៃគូ​សន្ទនា ដែល​អាច​ជឿ​ទុក​ចិត្ត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។