មន្ត្រីរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់ទុកប្រជាការពារភូមិ គឺជាកម្លាំងដ៏សំខាន់ក្នុងកិច្ចការពារសន្តិសុខ និងទប់ស្កាត់បទល្មើសផ្សេងៗនៅតាមភូមិឋានរបស់ខ្លួន។ ប៉ុន្តែប្រជាការពារភូមិដែលជាជំនួយការ ឬកម្លាំងអមរបស់សមត្ថកិច្ចនគរបាលរដ្ឋបាលឃុំពេលចុះបង្ក្រាបបទល្មើសនោះ ត្រូវគេមើលឃើញថា បង្កើតឡើងដើម្បីរក្សាសន្តិសុខផង និងបម្រើឲ្យគណបក្សនយោបាយផង។
ចាប់តាំងពីឆ្នាំ២០១២ មក អាជ្ញាធរភូមិ ឃុំ រហូតដល់ខេត្ត បានកៀរគរប្រភពជំនួយសប្បុរសជនដែលមានលទ្ធភាពផ្ដល់សំលៀកបំពាក់ឯកសណ្ឋាន មួក និងវិទ្យុទាក់ទងជូនប្រជាការពារគ្រប់ភូមិ។ ប្រជាការពារត្រូវបានជ្រើសរើសដោយមេភូមិ ឬអ្នកស្ម័គ្រចិត្តផ្ទាល់ចន្លោះពី ៨ ទៅ ២០នាក់ ក្នុងមួយភូមិ អាស្រ័យលើភូមិតូច ឬធំ។ ឈ្មោះអ្នកស្ម័គ្រចិត្ត ឬប្រជាការពារ ត្រូវគេយកទៅតម្កល់នៅប៉ុស្តិ៍ ឬសាលាឃុំ។
បច្ចុប្បន្នប្រជាការពារបានដើរតួនាទីសំខាន់ដូចមេភូមិ ឬជំនួយការដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាដែរ ក្នុងការតាមដាន ឬធ្វើសកម្មភាពនយោបាយដ៏ស្ងៀមស្ងាត់ជាមួយពលរដ្ឋក្នុងភូមិតាមបញ្ជាថ្នាក់លើ។ ប៉ុន្តែសកម្មភាពរបស់ប្រជាការពារនៅភូមិខ្លះ បានលូកជ្រៅក្នុងរឿងនយោបាយ និងជួយអូសទាញពលរដ្ឋក្នុងភូមិឲ្យគាំទ្រគណបក្សដែលខ្លួនឯងកំពុងបម្រើនោះដោយចំហតែម្ដង។
គេនៅចងចាំហេតុការណ៍មួយក្នុងថ្ងៃបោះឆ្នោតជាតិ ឆ្នាំ២០១៣ រវាងប្រជាការពារភូមិបួននាក់ ជាមួយសកម្មជនបក្សប្រឆាំងម្នាក់នៅឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ កាលណោះសកម្មជនលោក កេង កប ត្រូវគេប្ដឹងទៅតុលាការក្រោយពីលោកទៅហាមប្រជាការពារភូមិតាមុំបួននាក់ ដែលកំពុងស្រែកលើកដៃជាសញ្ញាលេខ៤ និងអង្គុយចាំកត់ឈ្មោះពលរដ្ឋនៅក្បែរការិយាល័យបោះឆ្នោត។
អ្នកភូមិតាមុំ និងជាអតីតអ្នកសង្កេតការណ៍បោះឆ្នោតម្នាក់ លោក កេង កប នៅតែមិនអស់ចិត្តនឹងការប្ដឹងរូបលោកថា បានគំរាមកំហែងប្រជាការពារ ដែលការពិតលោកគ្រាន់តែប្រាប់មិនឲ្យប្រជាការពារទាំងនោះធ្វើទង្វើខុសឆ្គងនៅក្នុងថ្ងៃបោះឆ្នោត។
លោកថា ដើមបណ្ដឹងបានដកពាក្យបណ្ដឹងពីតុលាការវិញ ក្រោយពេលតំណាងអយ្យការកោះហៅលោកទៅសួរនាំរឿងនេះបីដងកាលឆ្នាំ២០១៥៖ «ថ្ងៃបោះឆ្នោត ខ្ញុំត្រឡប់មករកបោះឆ្នោតជួបនឹងពេលគេធ្វើអ៊ីចឹង ហើយបានចុះពីលើម៉ូតូទៅពន្យល់គេថា កុំឲ្យធ្វើអ៊ីចឹង ច្បាប់គេអត់ឲ្យធ្វើអ៊ីចឹងទេ។ ថ្ងៃបោះឆ្នោតតៀមស្រាក៏អត់ឲ្យលក់ អត់ឲ្យមានប្រជាការពារមកអង្គុយជិតស៊ីញ៉ូដៃជើងបោះឲ្យខាងនេះខាងណោះក៏អត់ដែរ អត់ឲ្យមកអង្គុយតម្រៀបជួរគ្នាចាំតាមផ្លូវដើរ និងប្រាប់ពលរដ្ឋធ្វើអ៊ីចឹងទេ។ បើការពារមកធ្វើអ៊ីចឹង ដើរចេញពីហ្នឹងទៅ។ ខ្ញុំថាអ៊ីចឹង ថា ថាខ្ញុំសម្លុតគេ រកដោះអាវគេ ឲ្យគេចេញ រកវាយគេ ហើយខ្ញុំទៅវាយគេម៉េច គេមានគ្នាបួនទៅវាយម៉េចឈ្នះគេ»។
លោក កេង កប ថាលោកបានដឹងនូវរឿងរ៉ាវជាច្រើនទៀត ដែលប្រជាការពារធ្វើសកម្មភាពបម្រើបក្សនយោបាយដោយបំពានលើច្បាប់ ឬបម្រាមក្នុងថ្ងៃបោះឆ្នោតតែលោកទើបតែចាប់បានភស្តុតាងជាក់ស្ដែងមួយករណីនេះ ប៉ុន្តែត្រូវបានគេប្ដឹងទៅវិញ។ លោករំលឹកថា អ្នកទាំងបួនបានស្លៀកពាក់ឯកសណ្ឋានកងកម្លាំង និងធ្វើសកម្មភាពនៅចម្ងាយប្រហែល ២០០ម៉ែត្រពីការិយាល័យបោះឆ្នោតនោះ។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងប្រជាការពារភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ឈ្មោះ ឈឹម ប្រាក់ ហឿត អំ ឆៃ និងឈ្មោះ រិន ទីន ដើម្បីឆ្លើយតបចំពោះហេតុការណ៍ដែលកើតឡើងនេះទេ។
មន្ត្រីផ្នែកអង្កេតនៃគណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) លោក ស៊ិន ទិត្យសីហា សង្កេតឃើញថា មេភូមិ-មេឃុំមួយចំនួនមិនបានដើរចេញពីបរិវេណនៃការិយាល័យបោះឆ្នោតដែលបានហាមឃាត់នោះទេ បន្ទាប់ពីបោះឆ្នោតខ្លួនឯងរួច។ ប្រជាការពារ ឬអាជ្ញាធរមូលដ្ឋានមិនអាចធ្វើសកម្មភាពនយោបាយអ្វីបាន នៅក្នុងថ្ងៃបោះឆ្នោតនោះទេ៖ «តាមនីតិវិធីការដែលគាត់ (អាជ្ញាធរភូមិ ឬឃុំ) នៅក្នុងបរិវេណការិយាល័យបោះឆ្នោត ដោយសារគេគិតថា បើគាត់នៅក្បែរហ្នឹងវាអាចជាឥទ្ធិពលមួយ ឬការគំរាមកំហែងមួយទៅដល់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំដែលគាត់ទៅចូលរួមបោះឆ្នោតហ្នឹង»។
កងឈ្លបត្រូវបានបង្កើតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬ ប៉ុល ពត។ ចំណែកក្រុមសេនាជនបង្កើតក្នុងរបបសាធារណរដ្ឋខ្មែរ រីឯក្រុមប្រជាការពារត្រូវបានបង្កើតក្នុងរបបកម្ពុជាប្រជាធិបតេយ្យបច្ចុប្បន្ន។ របបដែលបង្កើតកងកម្លាំងទាំងនេះ ត្រូវអ្នកវិភាគ និងមន្ត្រីរាជការស៊ីវិលខ្លះយល់ថា គឺជារបបដឹកនាំបែបត្រួតត្រា និងមិនទុកចិត្តពលរដ្ឋ។ ប៉ុន្តែកម្លាំងទាំងនេះត្រូវគេប្រើជាប្រយោជន៍ទៅតាមសម័យនីមួយៗ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ប្រៀបធៀបថា សេនាជន គឺជាកងកម្លាំងរបស់លោកសេនាប្រមុខ លន់ ណុល មានអាវុធកាន់ក្នុងដៃដើម្បីការពារសន្តិសុខភូមិផង និងការពារពីឈ្លានពានរបស់ក្រុមខ្មែរក្រហមផង។ ចំណែកកងឈ្លប និងប្រជាការពារ ត្រូវគេបង្កើតឡើងដោយមិនបំពាក់អាវុធក្នុងដៃនោះទេ ប៉ុន្តែកម្លាំងទាំងពីរនេះមានសកម្មភាព ឬស៊ើបយកការណ៍ស្រដៀងគ្នា។
លោកបណ្ឌិត មាស នី បន្ថែមថា ពេលខ្លះកម្លាំងប្រជាការពារ ត្រូវបានអាជ្ញាធរភូមិ-ឃុំដែលឃុបឃិតនឹងក្រុមហ៊ុនខិលខូចរំលោភលើសិទ្ធិ ឬការរស់នៅរបស់ពលរដ្ឋក្នុងភូមិ ដោយបង្គាប់ឲ្យកម្លាំងទាំងនោះស៊ើបការណ៍ ឬអាចប្រើកម្លាំងទាំងនេះទៅបង្ក្រាបអ្នកភូមិដែលធ្វើការតវ៉ាជំទាស់នឹងអ្វីមួយទៀតផង។
លោកថា ប្រជាការពារក៏ជាអ្នកបម្រើឲ្យសកម្មភាពនយោបាយនៅតាមមូលដ្ឋានដែរ៖ «ពេលខ្លះប្រជាការពារត្រូវបានគេប្រើឲ្យទៅតាមមើលពួកសកម្មជនអី។ ឧទាហរណ៍ថា មានសកម្មជនណាខ្លះឡើងមកប្រជុំនៅទីក្រុងអីហ្នឹង គឺប្រជាការពារជាអ្នកដែលត្រូវដឹងមុនគេ។ យន្តការនេះ ជាយន្តការដែលបង្កើតឡើងដោយរដ្ឋាភិបាល ហើយវាអកុសលដោយសារនៅស្រុកយើងរដ្ឋាភិបាល និងបក្សបានរលាយចូលគ្នាទៅ អ៊ីចឹងស្អីដែលកើតឡើង គឺហាក់ដូចរដ្ឋាភិបាលបង្កើតសម្រាប់បក្ស ប៉ុន្តែបក្សមិនបានធ្វើសម្រាប់រដ្ឋាភិបាលទេ ច្រើនតែរដ្ឋាភិបាលធ្វើសម្រាប់បក្ស»។
ទោះជាយ៉ាងណាមន្ត្រីក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានអះអាងថា ការបង្កើតឲ្យមានក្រុមប្រជាការពារ គឺដើម្បីកាត់បន្ថយបទល្មើសគ្រប់ប្រភេទ និងធានាការពារបាននូវសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរនៅក្នុងមូលដ្ឋាន។ ប្រជាការពារ គឺជាកម្លាំងរបស់ពលរដ្ឋស្ម័គ្រចិត្តដែលជានិច្ចកាលត្រូវបានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការអន្តរាគមន៍ជាមួយប៉ុស្តិ៍រដ្ឋបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
