ទីលានប្រជាធិបតេយ្យត្រូវបានរដ្ឋាភិបាលបិទរយៈពេលប្រមាណ ៦ខែមកហើយ។ បច្ចុប្បន្នទីលានសម្ដែងមតិរបស់ប្រជាពលរដ្ឋនេះ នៅតែឡោមព័ទ្ធដោយបន្លាលួសដដែល។
មន្ត្រីសាលារាជធានីភ្នំពេញ លើកឡើងថា រដ្ឋាភិបាលនឹងបើកឡើងវិញដរាបណាការស៊ើបរកអ្នកទទួលខុសត្រូវលើការបង្កអំពើហិង្សានៃការធ្វើបាតុកម្មកាលពីខែមករា នោះឃើញសិន។
មន្ត្រីសិទ្ធិមនុស្សឲ្យដឹងថា ការលើកឡើងរបស់មន្ត្រីសាលារាជធានីភ្នំពេញនេះ គ្រាន់តែជាលេសតែប៉ុណ្ណោះ ព្រោះទីតាំងទីលានប្រជាធិបតេយ្យ និងកន្លែងមានអំពើហិង្សាប៉ះទង្គិចគ្នារវាងកងកម្លាំងសមត្ថកិច្ចនិងកម្មករ គឺនៅទីតាំងខុសគ្នា មិនពាក់ព័ន្ធនឹងទីលានប្រជាធិបតេយ្យទេ។
ក្រុមមន្ត្រីសិទ្ធិមនុស្សគ្រោងជួបពិភាក្សាគ្នានិងធ្វើរបាយការណ៍ស្ដីពីការបិទទីលានប្រជាធិបតេយ្យនេះ ដាក់ជូនស្ថាប័នអន្តរជាតិផ្សេងៗ ដើម្បីឲ្យរដ្ឋាភិបាលបើកឲ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិនៅទីលានប្រជាធិបតេយ្យដូចដើមឡើងវិញ។
អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្ដិ មានប្រសាសន៍ថា អង្គការក្រៅរដ្ឋាភិបាលធ្វើការទាក់ទងនឹងវិស័យសិទ្ធិមនុស្សនឹងបើកកិច្ចប្រជុំមួយនៅសប្ដាហ៍ក្រោយ ដើម្បីរៀបចំផែនការបន្ទាន់ និងផែនការរយៈពេលយូរទាក់ទងនឹងការស្នើទៅរដ្ឋាភិបាលឲ្យបើកទីលានប្រជាធិបតេយ្យឡើងវិញ៖ «យើងនឹងប្រជុំពិភាក្សាគ្នារកវិធីសាស្ត្រក្នុងការធ្វើការ ថាតើដើម្បីពង្រីកសេរីភាពបញ្ចេញមតិនិងជួបជុំហ្នឹង តើយើងគួរធ្វើយ៉ាងម៉េច? យើងគួរធ្វើការតស៊ូមតិរដ្ឋបាលភ្នំពេញ និងតស៊ូយ៉ាងម៉េចដើម្បីបើកទីលានប្រជាធិបតេយ្យឡើងវិញ»។
ការជាប់គាំងនយោបាយនេះ ជាឧបសគ្គដ៏ចម្បងក្នុងការជំរុញឲ្យដំណើរលទ្ធិប្រជាធិបតេយ្យឲ្យប្រសើរឡើង។ ផ្ទុយទៅវិញ អ្នកការពារសិទ្ធិមនុស្សកត់សម្គាល់ឃើញថា ការជាប់គាំងនយោបាយនេះ បានបង្កឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងធ្វើឲ្យដំណើរការប្រជាធិបតេយ្យដើរថយក្រោយនៅកម្ពុជា។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការបិទទីលានប្រជាធិបតេយ្យដែលជាបេះដូងនៃប្រជាធិបតេយ្យនោះ គឺជាហេតុផលនយោបាយដែលរដ្ឋាភិបាលឯកបក្ស យកហេតុផលនយោបាយនេះមកបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ គឺផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស៖ «យកហេតុផលនយោបាយមកបិទសិទ្ធិជាមួយប្រជាពលរដ្ឋដែលធ្វើឲ្យ លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសយើងដាំក្បាលចុះក្រោម មិនបានគោរពរដ្ឋធម្មនុញ្ញដែលបានទទួលស្គាល់អំពីសិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋ សិទ្ធិជាមូលដ្ឋានគ្រឹះក្នុងការជួបជុំការប្រមូលផ្ដុំ ឬការបញ្ចេញមតិនៅទីនេះ ហើយកម្ពុជាជាប្រទេសដែលបានផ្ដល់ហត្ថលេខីទៅលើកតិកាសញ្ញាស្ដីពី សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ»។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ទីលានប្រជាធិបតេយ្យនេះ រដ្ឋាភិបាលនឹងបើកឡើងវិញនៅពេលការស៊ើបអង្កេតរកអ្នកទទួលខុសត្រូវឃើញសិន។ លោកបញ្ជាក់ថា សាលារាជធានីភ្នំពេញ ក៏រង់ចាំរបាយការណ៍ស៊ើបអង្កេតពីតុលាការ និងពីរដ្ឋាភិបាលដែរ។ តែលោកមិនបានបញ្ជាក់ថា តើការស៊ើបអង្កេតនោះ មានរយៈពេលប៉ុន្មានខែពិតប្រាកដនោះឡើយ៖ «យើងអត់អាចបើកជូនបានទេ ដរាបណាយើងអត់រកឃើញអ្នកទទួលខុសត្រូវទាក់ទងទៅនឹងការបង្កភាព អនាធិបតេយ្យ អ្នកបង្កឲ្យញុះញង់អុចអាល បង្កឲ្យមានលក្ខណៈញុះញង់ អុចអាល មានចរិតជាការផ្ដួលរំលំអ៊ីចឹង។ ទី២ មានដានមនុស្សចេញពីទីលានប្រជាធិបតេយ្យទៅបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនជាដើម»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានក្រុមស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក លោក នី ចរិយា ពន្យល់ថា ការឆ្លើយតបរបស់មន្ត្រីសាលារាជធានីភ្នំពេញនេះ គ្រាន់តែជាលេសនិងមិនសមហេតុផលទេ។ ដោយលោកលើកឡើងពីហេតុផលមួយចំនួនថា ទីតាំងទីលានប្រជាធិបតេយ្យមិនមែនជាទីកន្លែងបង្កហេតុប៉ះទង្គិចគ្នារវាងអាជ្ញាធរនិងប្រជាពលរដ្ឋ ដូចនៅផ្លូវវ៉េង ស្រេង និងនៅរោងចក្រយ៉ាកជីន កាលពីដើមខែមករា ដែលបណ្ដាលឲ្យមានអំពើហិង្សាបាញ់មនុស្សស្លាប់និងរបួសនោះទេ។
លោក នី ចរិយា សង្កត់ធ្ងន់ថា តុលាការក៏បានបិទសំណុំរឿងមនុស្សទាំង ២៣នាក់ ដែលពាក់ព័ន្ធនឹងរឿងប៉ះទង្គិចគ្នានេះដែរ តុលាការក៏មិនបាននិយាយអំពីការបិទទីលានប្រជាធិបតេយ្យ និងមិនដែលចេញដីកាឲ្យសមត្ថកិច្ចបិទទីតាំងទីលានប្រជាធិបតេយ្យដែលឡោមព័ទ្ធដោយបន្លាលួសនេះដែរ៖ «ដោយឡែកមកដល់ពេលនេះ តុលាការមិនដែលនិយាយអំពីរឿងទាក់ទងទៅនឹងការអង្កេត ការស្លាប់របស់កម្មករ ៥-៦ នាក់ ដោយសារការបាញ់ប្រហាររបស់អាជ្ញាធរក្រុងភ្នំពេញទេ ក្នុងសំណុំរឿងមិនដែលឃើញតុលាការចេញដីកាទុកសំណុំរឿងទីលាន ប្រជាធិបតេយ្យទុកជាការស៊ើបអង្កេត អ៊ីចឹងក្នុងសាលាក្រុងភ្នំពេញ មិនអាចបិទទីលានប្រជាធិបតេយ្យទេ»។
អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានចេញរបាយការណ៍ជាង ១០ទំព័រ នៅក្នុងបេសកកម្មរបស់លោកកាលពីខែមិថុនា ថា លំហលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែរួមតូចក្នុងរយៈពេលចុងក្រោយនេះ។ លោកមានការភ្ញាក់ផ្អើលនៅពេលឃើញទីលានប្រជាធិបតេយ្យ ត្រូវបានហ៊ុមព័ទ្ធដោយបន្លាលួស និងរថពាសដែកយ៉ាងពេញទំហឹង តាំងពីលោកមកទស្សនកិច្ចកាលពីខែមករា។
លោកអះអាងថា ការយកទីតាំងទីលានប្រជាធិបតេយ្យធ្វើជាទីតាំងយោធា ពុំមានមូលហេតុផ្លូវច្បាប់ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងជួបជុំរបស់ប្រជាពលរដ្ឋ។
លោកអំពាវនាវឲ្យរដ្ឋាភិបាលផ្សព្វផ្សាយពីលទ្ធផលនៃការស៊ើបអង្កេតលើព្រឹត្តិការណ៍ហិង្សាដែលបានកើតឡើងកាលពីថ្ងៃទី១៥ កញ្ញា ថ្ងៃទី១២ឋវិច្ឆិកា ឆ្នាំ២០១៣ និងនៅថ្ងៃទី៣ មករា ឆ្នាំ២០១៤ ធ្វើឲ្យមនុស្សស្លាប់ចំនួន ៧នាក់ របួសជាច្រើននាក់ និងបាត់ខ្លួនកុមារម្នាក់ឈ្មោះ ខឹម សម្បត្តិ នោះ។ មកទល់ពេលនេះ រដ្ឋាភិបាលមិនបានបញ្ចេញរបាយការណ៍ស៊ើបអង្កេតនោះឡើយ គ្រាន់តែរដ្ឋាភិបាលបញ្ជាក់ពីហេតុផលបិទទីលានប្រជាធិបតេយ្យនេះថា ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
ទោះបីជាយ៉ាងនេះក្ដី បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ អះអាងថា អ្នកស្រីមានគម្រោងដឹកនាំប្រជាពលរដ្ឋ ព្រះសង្ឃ និងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ទៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី១៥ កក្កដា ដើម្បីទាមទារការបើកទីលានប្រជាធិបតេយ្យនេះឲ្យប្រជាពលរដ្ឋបញ្ចេញមតិឡើងវិញ៖ «ការទាមទារនេះហើយដែលធ្វើឲ្យមានសំឡេង ប្រជាពលរដ្ឋឲ្យមានក្ដីសង្ឃឹម ឲ្យមានក្ដីក្លាហាន ឲ្យអ្នកដឹកនាំស្ដាប់ប្រជាពលរដ្ឋផង យើងខ្ញុំអត់មានអីធ្វើខុសនឹងកិច្ចការសង្គម ខុសនឹងប្រពៃណី ក្រៅតែពីរួមកម្លាំងគ្នា ធ្វើយ៉ាងម៉េចឲ្យឫសនៃលទ្ធិប្រជាធិបតេយ្យ មិនត្រឹមតែប្រជាធិបតេយ្យទេ ឲ្យលទ្ធិនិងគោលការណ៍នៃប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋយើងយកទៅ អនុវត្តក្នុងការរស់នៅ គឺសិទ្ធិនិងសេរីភាព»។
ទីលានប្រជាធិបតេយ្យសព្វថ្ងៃនេះឡោមព័ទ្ធដោយបន្លាលួស ពេលខ្លះមានទាំងកម្លាំងរដ្ឋាភិបាលប្រដាប់អាវុធទៅយាមត្រៀមទប់ស្កាត់បង្ក្រាបមិនឲ្យប្រជាពលរដ្ឋទៅសម្ដែងមតិ មិនខុសពីការត្រៀមប្រយុទ្ធនៅសមរភូមិនោះទេ។ ទីលានប្រជាធិបតេយ្យនេះ ត្រូវបានក្រុមអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដាក់ឈ្មោះថា "ទីលែងប្រជាធិបតេយ្យ" បន្ទាប់ពីរដ្ឋាភិបាលដណ្ដើមកាន់កាប់ បានពីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៤ មករា ឆ្នាំ២០១៤ ដែលគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋយកទីតាំងទីលានប្រជាធិបតេយ្យប្រមូលផ្ដុំគ្នាធ្វើបាតុកម្មទាមទារយុត្តិធម៌រឿងសន្លឹកឆ្នោតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
