ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ត្រូវបានចាត់ទុកជាម្ចាស់ប្រទេសជាម្ចាស់អំណាច និងជាចៅហ្វាយនាយរបស់មេដឹកនាំ ដោយពលរដ្ឋជាអ្នកជ្រើសរើសមេដឹកនាំឲ្យកាច់ចង្កូតប្រទេសក្នុងរយៈពេលបណ្ដោះអាសន្នមួយប៉ុណ្ណោះ។
លោក ឈិន សំណាង ដែលជាអ្នកបណ្ដុះបណ្ដាលផ្នែកប្រជាធិបតេយ្យរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) បានពន្យល់អំពីតួនាទីរបស់ប្រជាពលរដ្ឋថា នៅក្នុងរដូវកាលបោះឆ្នោតដូច្នេះ តួនាទីរបស់ពលរដ្ឋគឺសំខាន់ណាស់ក្នុងការខ្នះខ្នែងពិនិត្យមើលអំពីគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកនយោបាយ ថាតើខ្លួនបានធ្វើកិច្ចការអ្វីខ្លះសម្រាប់ពលរដ្ឋ។
លោកបន្តថា ឆន្ទៈរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ មិនមែនមានតែនៅថ្ងៃបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែមនុស្សត្រូវបណ្ដុះគំនិតរបស់ខ្លួន ឬចំណាយពេលវេលាខ្លះក្រៅតែពីការប្រកបមុខរបររបស់ខ្លួន ដើម្បីស្វែងយល់អំពីបក្សនយោបាយនីមួយៗ និងជុំវិញទស្សនៈផ្សេងៗអំពីតួនាទី និងការទទួលខុសត្រូវរបស់ពលរដ្ឋក្នុងប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យ។
ពាក្យថាពលរដ្ឋសម្រាប់អ្នកស្រី ទេព វន្នី ដែលជាសកម្មជនតវ៉ាបញ្ហាដីធ្លីនៅតំបន់បឹងកក់ វិញ គឺការចូលរួម ហើយត្រូវហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ដោយស្មើភាពគ្នា មិនថាពលរដ្ឋសាមញ្ញ មន្ត្រីរាជការ ឬក្រុមមេដឹកនាំរបស់ប្រទេសនោះឡើយ។ អ្នកស្រីបន្តថា ពលរដ្ឋក៏ត្រូវតែទទួលខុសត្រូវដែរ ចំពោះជោគវាសនារបស់ប្រទេស។ ប្រសិនបើប្រទេសធ្លាក់ក្នុងភាពបរាជ័យ ឬជាប្រទេសដែលមានឈ្មោះមិនល្អក្នុងពិភពលោក ដូច្នេះពលរដ្ឋនៃប្រទេសនោះក៏ត្រូវទទួលខុសត្រូវចំពោះបញ្ហានេះដែរ។
រដ្ឋធម្មនុញ្ញខ្មែរចែងថា ពលរដ្ឋទាំងពីរភេទមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។ ពលរដ្ឋខ្មែរមិនអាចត្រូវបានគេដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនទៅក្រៅប្រទេសណាមួយឡើយ។ ពលរដ្ឋទាំងពីរភេទមានសិទ្ធិបោះឆ្នោត ឬអាចឈរឈ្មោះឲ្យគេបោះឆ្នោត។
រដ្ឋធម្មនុញ្ញក៏បានចែងផងដែរថា ពលរដ្ឋទាំងឡាយមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ ប៉ុន្តែ សិទ្ធិទាំងនេះមិនត្រូវបំពានលើសិទ្ធិអ្នកដទៃ ឬច្បាប់នោះឡើយ។
ពលរដ្ឋខេត្តព្រៃវែង ម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់វិទ្យុអាស៊ីសេរី ថា សុខមាលភាព និងភាពសុខសាន្ដរបស់ពលរដ្ឋអាចល្អទៅបាន លុះត្រាពលរដ្ឋទាំងនោះមានមេដឹកនាំល្អ។
លោកបន្តថា ដើម្បីចាត់ទុកថាប្រទេសនោះមានមេដឹកនាំល្អទៅបាន លុះត្រាតែមនុស្សម្នាក់ៗមានសិទ្ធិបញ្ចេញមតិដោយគ្មានការភិតភ័យ។
អ្នកស្រាវជ្រាវនៅតាមបណ្ដាប្រទេសលោកខាងលិច បានរកឃើញថា ពលរដ្ឋមានអំណាច និងតួនាទីប្រាំយ៉ាង។ ទីមួយ ពលរដ្ឋត្រូវហៅខ្លួនឯងថាជារដ្ឋាភិបាល។ ទីពីរ ពលរដ្ឋត្រូវនិយាយថា ខ្ញុំជាអ្នកជ្រើសរើសសភាឲ្យក្លាយទៅជាអ្នកបម្រើដ៏ស្មោះត្រង់របស់ខ្ញុំ។ ទីបី ពលរដ្ឋត្រូវតាមដានជាប់ជានិច្ចនូវសកម្មភាពរបស់រដ្ឋាភិបាល។ ទីបួន ពលរដ្ឋត្រូវអាន និងយល់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសខ្លួនឯងឲ្យបានច្បាស់។ ទីប្រាំ ពលរដ្ឋត្រូវនិយាយថា ខ្ញុំត្រូវតែទៅបោះឆ្នោត ដើម្បីចូលរួមចំណែកជ្រើសរើសអ្នកដឹកនាំល្អ ដើម្បីនាំប្រជាជាតិទៅរកភាពរុងរឿង។ ពលរដ្ឋដែលមានការយល់ដឹងអំពីកិច្ចការនយោបាយក្នុងសង្គមរស់នៅរបស់ខ្លួន គឺជាកម្លាំងចលករដ៏សំខាន់ចាំបាច់មួយ ក្នុងការចូលរួមអោយមានការផ្លាស់ប្ដូរ។
សម្ពាធរបស់មហាជនអាចបង្ខំអោយអ្នកនយោបាយធ្វើតាមបំណងប្រាថ្នារបស់ពលរដ្ឋ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) មានប្រសាសន៍ប្រាប់ទៅពលរដ្ឋអាមេរិកកាំង ថា «កិច្ចការនយោបាយ មិនមែនសម្រាប់តែអ្នកនយោបាយទេ»។
ជាមួយគ្នានេះដែរ លោក គុជ ចាន់លី ពលរដ្ឋខ្មែរអាមេរិកាំង ពីរដ្ឋម៉ារីឡែន (Maryland) សហរដ្ឋអាមេរិក ដែលជាអ្នកតាមដាននយោបាយកម្ពុជា យ៉ាងយកចិត្តទុកដាក់ មានប្រសាសន៍ថា មូលដ្ឋានគ្រឹះនៃរបបដែលយកប្រជារាស្ត្រជាធំមានបីធំៗ។
ទីមួយ គឺមេដឹកនាំត្រូវបើកចំហឲ្យពលរដ្ឋយល់ដឹងឲ្យបានទូលំទូលាយអំពីបញ្ហា និងកិច្ចការសង្គម។ ទីពីរ គឺការធានាឲ្យបាននូវសិទ្ធិរស់រានមានជីវិត និងសេដ្ឋកិច្ចសង្គម។ ទីបី រដ្ឋាភិបាលត្រូវធានាឲ្យបាននូវការគោរពសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។
ចំណែកលោក អៀង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជា វិញ បញ្ជាក់ថា ប្រសិនបើពលរដ្ឋជ្រើសរើសមេដឹកនាំខុស ពួកគេត្រូវទទួលខុសត្រូវចំពោះជោគវាសនាអនាគតគ្រួសារ និងប្រទេសជាតិរបស់ខ្លួន។
ទស្សនវិទូទាំងឡាយលើកឡើងថា គ្រួសារជាសង្គមតូច រីឯប្រទេសជាតិ គឺជាសង្គមធំ។ ដូច្នេះ ដើម្បីឲ្យសង្គមធំរីកចម្រើនជឿនលឿនទៅបាន លុះត្រាតែសង្គមគ្រួសារតូចមានការរីកចម្រើនមុនសិន។
ក្រុមអ្នកវិភាគខ្លះនិយាយថា ដើម្បីឲ្យសង្គមមានវឌ្ឍនភាពទៅមុខប្រកបដោយសន្តិភាពទៅតាមឆន្ទៈរបស់ពលរដ្ឋបាន លុះត្រាណាគ្មានការបំភិតបំភ័យផ្នែកនយោបាយ គ្មានការគំរាមកាប់សម្លាប់ ឬគ្មានការធ្វើទុក្ខបុកម្នេញអ្នកដែលមាននិន្នាការខុសគ្នានោះឡើយ។
ម្យ៉ាងទៀត ប្រព័ន្ធតុលាការត្រូវតែស្ថិតនៅឯករាជ្យ ដែលគ្មានការជ្រៀតជ្រែកពីរដ្ឋាភិបាល ឬអ្នកមានអំណាច ដើម្បីធានាឲ្យបានច្បាស់ថា សិទ្ធិរបស់ជនគ្រប់រូបត្រូវបានធានា និងការពារដោយច្បាប់។ ហើយក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋមានតួនាទីទាមទារអោយរដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
