លោក រ៉ុង ឈុន បញ្ជាក់ជំហរថា នៅពេលនេះលោកកំពុងកៀរគរកម្មករនៅតាមរោងចក្រ គ្រូបង្រៀន និងមន្ត្រីរាជការស៊ីវិលមួយផ្នែកទៀត មិនក្រោម ១ម៉ឺននាក់ ដើម្បីចូលរួមមហាបាតុកម្មជាថ្មីជាមួយគណបក្សសង្គ្រោះជាតិ។
លោក រ៉ុង ឈុន អះអាងថា ការចូលរួមបាតុកម្មម្ដងនេះ គឺក្នុងន័យដើម្បីទាមទារយុត្តិធម៌ និងស្វែងរកការពិតអំពីលទ្ធផលឆ្នោត។ ជាងនេះទៀត ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន និយាយថា លោកនឹងមិនបារម្ភសោះឡើយអំពីការរិះគន់ទាំងឡាយរបស់រដ្ឋាភិបាលប្រឆាំងនឹងការចូលរួមរបស់លោកជាមួយបក្សប្រឆាំង។ លោកគិតថា ប្រសិនបើពុំមានយុត្តិធម៌សង្គមទេ នោះសន្តិភាពនឹងមិនអាចកើតឡើងបានឡើយ។
លោក រ៉ុង ឈុន៖ «មានគម្រោងប្រមូលធ្វើយុទ្ធនាការហ្នឹង គ្រាន់តែយើងយកចំនួនតិចក៏ ១ម៉ឺនដែរចំពោះកម្មករកម្មការិនី អាហ្នឹងនិយាយផ្នែកតែសម្រាប់កម្មករ កម្មការិនីទេ ហើយបើបានលើសពីហ្នឹង អាហ្នឹងកាន់តែប្រសើរ ហើយនៅក្រុមគ្រូបង្រៀន មន្ត្រីរាជការផ្សេងទៀតនោះ»។
គណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើមហាបាតុកម្មអហិង្សារយៈពេល ៣ថ្ងៃជាប់ៗ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ កញ្ញា ខាងមុខនេះ។
ដោយឡែកមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា ប្រសិនបើមានលិខិតជាផ្លូវរបស់បក្សសង្គ្រោះជាតិ ស្នើសុំធ្វើបាតុកម្ម លោកថានឹងបន្តនីតិវិធីបើកកិច្ចពិភាក្សាដូចដែលធ្លាប់អនុវត្តក្នុងកន្លងទៅជាមួយគណបក្សសង្គ្រោះជាតិ។
លោក យឹម សុវណ្ណ ក៏អះអាងដែរថា មហាបាតុកម្មលើកទីពីរនេះ អ្នកចូលរួមគេពិតជាពិបាកទាយទុកជាមុនណាស់ថានឹងមានទំហំប៉ុណ្ណានោះ។ លោកគ្រាន់តែបញ្ជាក់ថា សកម្មភាពទាមទារជាថ្មីម្ដងទៀតនេះ នឹងមិនបន្ធូរដៃសោះឡើយ ហើយក៏មិនប្រាកដសោះថា អាចនឹងត្រូវបញ្ចប់ត្រឹមរយៈ ៣ថ្ងៃ ឬថាត្រូវអង្គុយស្ងៀមនៅទីលានប្រជាធិបតេយ្យ ឬត្រូវធ្វើចលនានោះដែរ។
លោក យឹម សុវណ្ណ៖ «ចាប់ពីពេលនេះទៅខ្ញុំគឺមានតែទុកឲ្យប្រជាពលរដ្ឋជាអ្នកឆ្លើយជំនួសគណបក្សសង្គ្រោះជាតិ ហើយឥឡូវនេះគឺថា បើសួរថា តើឲ្យលំអិតយ៉ាងដូចម្ដេច ខ្ញុំក៏មិនអាចឆ្លើយបានដែរ? ដូច្នេះគឺចាំដល់ថ្ងៃនោះ គឺធ្វើអ្វីខ្លះ គឺធ្វើអ៊ីចឹងទៅ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកយុទ្ធសាស្ត្ររបស់បក្សសង្គ្រោះជាតិនៅពេលនេះថា ហាក់ធ្វើខ្លួនឲ្យនៅក្រៅសំណាញ់ច្បាប់ ហើយក៏មិនប្រាកដថា អាចនឹងមានការបង្ក្រាបណាមួយប្រឆាំងនឹងបាតុកម្មអហិង្សានៅឡើយដែរ៖ «ខ្ញុំមានការសោកស្ដាយណាស់ចំពោះគណបក្សសង្គ្រោះជាតិហ្នឹងគាត់ថា គាត់នឹងធ្វើមហាបាតុកម្មជាប់ៗគ្នា ដោយមិនបានសុំច្បាប់។ មានការសោកស្ដាយត្រង់ណាត្រង់ថា បើគាត់ធ្វើបែបហ្នឹងហាក់បីដូចជាគាត់ដាក់ខ្លួនគាត់ឲ្យស្ថិតនៅក្រៅច្បាប់រួចទៅហើយ»។
បើទោះជារដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពង្រាយរថពាសដែក និងចល័តកងទ័ពក្ដី ក៏ប៉ុន្តែពលរដ្ឋដែលចូលរួមបាតុកម្មបញ្ជាក់ជំហរថា នឹងមិនញញើតចំពោះការបង្ក្រាបដោយសព្វាវុធឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
