សមាជិកគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ពិនិត្យមើលឡើងវិញអំពីការចោទប្រកាន់ថា លោកបើកប្រាក់ខែពីរដ្ឋ ប៉ុន្តែមិនមកធ្វើការនោះ។
ការស្នើនេះ គឺធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់ទិវាគ្រូបង្រៀន កាលពីថ្ងៃទី៧ ខែតុលា ដោយរិះគន់ទៅលើលោក រ៉ុង ឈុន ថា បើកលុយរដ្ឋរាល់ខែ ប៉ុន្តែមិនមកធ្វើការនោះទេ ហើយថែមទាំងដើរឃោសនាដើម្បីបម្រើនយោបាយ។
លោករដ្ឋមន្ត្រីបន្តថា ក្នុងករណីមានការស្រាវជ្រាវរកមន្ត្រីអសកម្មនៅក្នុងគ្រឹះស្ថានអប់រំនោះ គឺលោកនឹងស្រាវជ្រាវករណីលោក រ៉ុង ឈុន មុនគេ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក រ៉ុង ឈុន និយាយថា មុនចូលបម្រើការនៅ គ.ជ.ប លោកតែងតែទៅកន្លែងធ្វើការងារជារៀងរាល់ថ្ងៃ ប៉ុន្តែនៅនាយកដ្ឋានរបស់មិនដំណើរការទេ។
លោកបន្តថា ប្រសិនបើមិនធ្វើមែននោះ ក្រសួងនឹងចាត់វិធានការលើរូបលោកយូរហើយ មិនមែនទុកដល់ពេលនេះទេ៖ «ការលើកឡើងមិនឆ្លុះបញ្ចាំងពីការពិត ហើយនាយកដ្ឋាននោះមិនមានដំណើរការអ្វីផង ចេះតែដាក់បន្ទុកឲ្យបុគ្គលិកទៅអង្គុយសំកុក អត់មានការងារអីធ្វើ នេះមិនមែនជាការទទួលខុសត្រូវទេ សុំពិនិត្យឡើងវិញ»។
លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់មានតួនាទីជាសមាជិកនៅនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួងអប់រំយុវជន និងកីឡា ដែលលោកទទួលបានប្រាក់បៀវត្សរ៍ជាង ៨០ម៉ឺនរៀលក្នុងមួយខែ ប៉ុន្តែលោកបានព្យួរការងារនេះ បន្ទាប់ពីមានតួនាទីជាសមាជិកនៅក្នុងស្ថាប័ន គ.ជ.ប នៅឆ្នាំ២០១៥ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
