សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង​ប្រកាស​មិន​ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​២៩ ឧសភា

0:00 / 0:00

នៅ​ប្រទេស​កម្ពុជា ច្បាប់​ដែល​រដ្ឋ​សភា​អនុម័ត​ហើយ តាម​គោលការណ៍​អនុវត្ត ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ព្រឹទ្ធ​សភា​ពិភាក្សា និង​អនុម័ត​ម្ដង​ទៀត មុន​ពេល​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា ដាក់​ឲ្យ​អនុវត្ត​ជា​ធរមាន។

កាល​ពី​ថ្ងៃ​ទី​២១ ឧសភា រដ្ឋ​សភា​បាន​បើក​សម័យ​ប្រជុំ​ដោយ​មាន​គណបក្ស​នយោបាយ​តែមួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​២ ដែល​ជាប់​ឆ្នោត ហើយ​អនុម័ត​ច្បាប់​មួយ​ចំនួន។ ឥឡូវ​ច្បាប់​ទាំង​នោះ បាន​ចេញ​ពី​រដ្ឋ​សភា​មក​ដល់​ព្រឹទ្ធ​សភា​ហើយ និង​ព្រឹទ្ធ​សភា​មាន​គម្រោង​ប្រជុំ​នៅ​ថ្ងៃ​ទី​២៩ ឧសភា។ មតិ​អ្នក​ជំនាញ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ចាត់​ទុក​ថា ច្បាប់​បាន​អនុម័ត​ហើយ​នោះ​មិន​ត្រឹមត្រូវ​ទេ។ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី បាន​បង្ហាញ​ជំហរ​គាំទ្រ​ការ​ជំទាស់​ប្រជុំ​អនុម័ត​ច្បាប់​ទាំង​នោះ។

ក្រុម​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស សម រង្ស៊ី បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៨ ឧសភា សម្រេច​ចិត្ត​ថា មិន​ចូល​រួម​ប្រជុំ​សម័យ​ប្រជុំ​ព្រឹទ្ធ​សភា នៅ​ថ្ងៃ​ទី​២៩ ឧសភា ដើម្បី​ពិភាក្សា​ផ្ដល់​យោបល់ និង​អនុម័ត​ច្បាប់​មួយ​ចំនួន​ដែល​រដ្ឋ​សភា​បាន​អនុម័ត និង​បញ្ជូន​មក​ឲ្យ​ព្រឹទ្ធ​សភា​ពិនិត្យ​និង​អនុម័ត​ទេ។

ក្រុម​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស សម រង្ស៊ី ចាត់​ទុក​ថា ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​២ មិន​ទាន់​បាន​ព្រមព្រៀង​គ្នា​រៀបចំ​រដ្ឋ​សភា​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ទេ ហើយ​សមាជិក​សភា​មក​ពី​គណបក្ស​តែមួយ នៅ​តែ​បន្ត​ប្រជុំ និង​អនុម័ត​ច្បាប់​ជា​បន្តបន្ទាប់ គឺ​បង្ហាញ​ថា ដំណើរការ​ពហុបក្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​ដើរ​ថយ​ក្រោយ​គួរ​ឲ្យ​សោកស្ដាយ​បំផុត។

​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី សូម​ជំរុញ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​បញ្ហា​នានា ដោយ​រួសរាន់ ដើម្បី​ស្រោចស្រង់​របប​ប្រជាធិបតេយ្យ​ពហុបក្ស នីតិរដ្ឋ និង​ភាព​សុខសាន្ត​ចម្រុងចម្រើន។

សេចក្ដី​សម្រេច​ចិត្ត​របស់​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស សម រង្ស៊ី នោះ ចុះ​ហត្ថលេខា​ដោយ​លោក គង់ គាំ ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី។ សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស សម រង្ស៊ី មាន​ចំនួន ១១​រូប ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធ​សភា​ទាំង​អស់ ៦១​រូប។

​ទាក់ទង​ការ​ប្រកាស​មិន​ចូល​រួម​ប្រជុំ​នោះ លោក យូ ស៊ាងហេង សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា ការ​អនុម័ត​ច្បាប់​របស់​សមាជិក​រដ្ឋ​សភា​ឯកបក្ស ឬ​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ គឺ​ខុស​រដ្ឋធម្មនុញ្ញ ដូច្នេះ​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស សម រង្ស៊ី មិន​អាច​ទទួល​យក​បាន​ទេ ហើយ​ក៏​សម្រេច​ចិត្ត​មិន​ចូល​រួម​ប្រជុំ​ដែរ។

លោក យូ ស៊ាងហេង៖ «រាល់​ច្បាប់​ទាំង​ឡាយ​ណា​ដែល​ចេញ​មក​ពី​ឯក​បក្ស គឺ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ ២​បក្ស មិន​មែន​បក្ស​មួយ​ទេ។ ស្អែក​នេះ គឺ​ច្បាប់​ស្ដីពី​អាស៊ាន ច្បាប់​ថវិកា​អី​ណា។ ប៉ុន្តែ​ច្បាប់​នេះ បាន​អនុម័ត​ដោយ​សភា​ឯក​បក្ស។ ដូច្នេះ​ខ្ញុំ​មិន​ចង់​ឲ្យ​ក្បត់​នឹង​រដ្ឋធម្មនុញ្ញ​ទេ។ អ្វី​ដែល​ខុស​រដ្ឋធម្មនុញ្ញ សមាជិក​ព្រឹទ្ធ​សភា គណបក្ស​មិន​អាច​ទទួល​យក​បាន​ទេ»

ចំពោះ​ការ​បដិសេធ​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​សម័យ​ប្រជុំ​ព្រឹទ្ធ​សភា នៅ​ថ្ងៃ​ទី​២៩ ឧសភា លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធ​សភា​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស សម រង្ស៊ី មិន​ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​ទី​២៩ ក៏ដោយ ក៏​ការ​ប្រជុំ​នៅ​តែ​ដំណើរការ​ជា​ធម្មតា ដូច​គ្រោង​ទុក និង​មាន​សុពលភាព​តាម​ច្បាប់​កំណត់។

​លោក អ៊ុំ សារឹទ្ធ៖ «បញ្ហា​នេះ ខាង​ព្រឹទ្ធ​សភា​ធ្លាប់​ឆ្លង​កាត់​ហើយ។ ពេល​ខ្លះ​ក៏​ក្រុម​គាត់​ចូល ពេល​ខ្លះ​ក៏​ក្រុម​គាត់​មិន​ចូល​ដែរ។ ប៉ុន្តែ​នៅ​ព្រឹទ្ធ​សភា សមាជិក​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ច្រើន​លើស​ពីរ​ភាគ​បី។ ដូច្នេះ​បាន​ន័យ​ថា បើ​ទោះ​ជា​សមាជិក​ព្រឹទ្ធ​សភា ១១​រូប មក​ពី​ខាង​គណបក្ស សម រង្ស៊ី គាត់​មិន​ចូល ក៏​មិន​អាច​រំខាន​អី​ដល់​ការ​ប្រជុំ​បាន​ដែរ។ ខាង​គណបក្ស​ប្រជាជន គាត់​មាន​លើសលប់​ទៅ​ហើយ មាន​ពីរ​ភាគ​បី​ទៅ​ហើយ»

សេចក្ដី​ជូន​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធ​សភា ចុះ​ថ្ងៃ​ទី​២៨ ឧសភា ជូន​ដំណឹង​ដល់​សាធារណជន​ថា នៅ​ថ្ងៃ​ទី​២៩ ឧសភា ព្រឹទ្ធ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​បើក​សម័យ​ប្រជុំ​លើក​ទី​៥ នីតិកាល​ទី​៣ ក្រោម​អធិបតីភាព​របស់​លោក សាយ ឈុំ អនុ​ប្រធាន​ទី​១ ព្រឹទ្ធ​សភា។

​របៀបវារៈ​សម័យ​ប្រជុំ​មាន ៥​ចំណុច គឺ​ទី​១ ពិនិត្យ​និង​ឲ្យ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​ពិធីសារ​នៃ​ធម្មនុញ្ញ​អាស៊ាន ស្ដីពី​យន្តការ​ដោះស្រាយ​ជម្លោះ។ ទី​២ ពិនិត្យ​និង​ឲ្យ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង ស្ដីពី​បុព្វសិទ្ធិ និង​អភ័យ​ឯក​សិទ្ធិ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ ទី​៣ ពិនិត្យ​និង​ឲ្យ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​អាស៊ាន​ស្ដីពី​គយ។ ទី​៤ ពិនិត្យ​និង​ឲ្យ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​ការ​សុំ​ចូល​រួម​ជា​ហត្ថលេខី​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ពិធីសារ​នៃ​វិសោធនកម្ម​លើ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សាមញ្ញ​កម្ម និង​សុខដុមនីយកម្ម​នីតិវិធី​គយ។ ទី​៥ ពិនិត្យ​និង​ឲ្យ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​លិខិត​សន្យា​ទូទាត់​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន សីធីលុម អេសអេ សម្រាប់​គម្រោង​វិនិយោគ​សាងសង់ ផ្ទេរ និង​សហប្រតិបត្តិការ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ សេវា​បំភ្លឺ​សាធារណៈ នៅ​រាជធានី​ភ្នំពេញ។

លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធ​សភា​ឲ្យ​ដឹង​ថា ច្បាប់​ដែល​រដ្ឋ​សភា​អនុម័ត​ហើយ ទាក់ទង​ការងារ​តុលាការ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បាន​ទទួល​ហើយ តែ​មិនទាន់​ដាក់​ចូល​ពិភាក្សា និង​អនុម័ត​ក្នុង​សម័យ​ប្រជុំ​ថ្ងៃ​ទី​២៩ ឧសភា នេះ​ទេ៖ «ច្បាប់​នោះ​ទើប​តែ​មក​ដល់ ហើយ​គណៈកម្មការ​ជំនាញ​ទើប​តែ​ទទួលយក​ទៅ​ពិនិត្យ។ គាត់​ធ្វើ​ការ​មួយ​រយៈ​ទៅ ហើយ​គាត់​សុំ​ពេល​វេលា​រាយការណ៍​ជូន​គណៈ​អចិន្ត្រៃយ៍ ហើយ​សុំ​ដាក់​ចូល​ទៅ​ក្នុង​ប្រជុំ​ពេញអង្គ។ អា​ហ្នឹង​លុះត្រាតែ​គាត់​ធ្វើ​ការ​រួច ក្នុង​ពេល​វេលា​កំណត់​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ គាត់​មាន​ពេលវេលា​១​ខែ ដើម្បី​ពិនិត្យ​សិក្សា​ច្បាប់​ទាំង ៣​នោះ»

​ក្នុង​បញ្ហា​ច្បាប់​ដែល​រដ្ឋ​សភា​ទើប​អនុម័ត​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​បញ្ហា​នយោបាយ និង​សង្គម​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​រដ្ឋ​សភា​មិន​ត្រឹមត្រូវ​ខុស​ច្បាប់​កំណត់​បាន​ចែង​នោះ ស្ថាប័ន​និង​ច្បាប់​ដែល​រដ្ឋ​សភា​មិន​ត្រឹមត្រូវ​នេះ​អនុម័ត​ក៏​ខុស​ច្បាប់​ដែរ។ ដូច្នេះ ព្រឹទ្ធ​សភា​មិន​ត្រូវ​ពិភាក្សា​និង​អនុម័ត​ច្បាប់​ដែល​រដ្ឋ​សភា​មិន​ត្រឹមត្រូវ​នោះ អនុម័ត​ទេ។

លោក ឡៅ ម៉ុងហៃ៖ «វា​ប៉ះពាល់​ទាំង​អស់​ហ្នឹង តាំង​ពី​អើយ​មក។ ប៉ុន្តែ​ខាង​គណបក្ស​ប្រជាជន​ចេះ​តែ​ជម្នះ​ទៅ។ តាម​ពិត​បើ​ផ្ដេកផ្ដួល​ទៅ​តាម​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ឆ្នាំ​២០០៣ គឺ​សភា​ត្រូវ​មាន​សមាជិក​យ៉ាង​តិច ១២០​រូប ដើម្បី​បង្កើត​ជា​រដ្ឋ​សភា​ត្រឹមត្រូវ។ ហើយ​ដល់​អត់​មាន​ទៅ វា​បាត់​លក្ខណៈ​ត្រឹមត្រូវ​ណា រដ្ឋ​សភា​យើង។ ហើយ​រដ្ឋាភិបាល​ដែល​កើត​លេច​ចេញ​ពី​រដ្ឋ​សភា​មិន​ត្រឹមត្រូវ ក៏​គ្មាន​លក្ខណៈ​ត្រឹមត្រូវ​ដែរ ហើយក៏​ចេះ​តែ​ធ្វើ​ទៅ រួច​ច្បាប់​ចេញ​ទៅ​ក៏​អត់​មាន​លក្ខណៈ​ត្រឹមត្រូវ​ដែរ»

រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ទាក់ទង​មុខងារ​សមាជិក​ព្រឹទ្ធ​សភា​ក្នុង​ការ​ពិភាក្សា​និង​អនុម័ត​ច្បាប់ ដែល​រដ្ឋ​សភា​បាន​បញ្ជូន​មក​ឲ្យ​ក្នុង​មាត្រា ១១៣​ថ្មី ចែង​ជាអាទិ៍​ថា ព្រឹទ្ធ​សភា​ពិនិត្យ ហើយ​ឲ្យ​យោបល់​ក្នុង​រយៈពេល ១​ខែ យ៉ាង​យូរ លើ​សេចក្ដី​ព្រាង​ច្បាប់ ឬ​សេចក្ដី​ស្នើ​ច្បាប់​ដែល​រដ្ឋ​សភា បាន​អនុម័ត​យល់​ព្រម​លើក​ដំបូង​ហើយ ព្រម​ទាំង​លើ​បញ្ហា​ទាំង​ពួង​ដែល​រដ្ឋ​សភា​បាន​ដាក់​ឲ្យ​ពិនិត្យ។ បើ​ជា​ការ​ប្រញាប់​រយៈពេល​នោះ ត្រូវ​បន្ថយ​មក​នៅ​ត្រឹម​តែ ៧​ថ្ងៃ។

បើ​ព្រឹទ្ធ​សភា​បាន​ឲ្យ​យោបល់​យល់ព្រម ឬ​ពុំ​បាន​ឲ្យ​យោបល់​សោះ ក្នុង​រយៈពេល​ដែល​ច្បាប់​កំណត់​ហើយ​នោះ​ទេ ច្បាប់​ដែល​រដ្ឋ​សភា​បាន​អនុម័ត​យល់​ព្រម​ហើយ​នោះ នឹង​ត្រូវ​បាន​យក​ទៅ​ប្រកាស​ឲ្យ​ប្រើ​។ បើ​ព្រឹទ្ធសភា​សុំ​ឲ្យ​កែសម្រួល​សេចក្ដី​ព្រាង​ច្បាប់ ឬ​សេចក្ដី​ស្នើ​ច្បាប់​នោះ រដ្ឋ​សភា​ត្រូវ​យក​មក​ពិចារណា​ភ្លាម​ជា​លើក​ទី​២។ បើ​ព្រឹទ្ធ​សភា​បដិសេធ​សេចក្ដី​ព្រាង​ច្បាប់ ឬ​សេចក្ដី​ស្នើ​ច្បាប់​នោះ ជា​អសារ​បង់​រដ្ឋ​សភា មិន​អាច​នឹង​យក​មក​ពិចារណា​ជា​លើក​ទី​២ បាន​មុន​រយៈពេល​មួយ​ខែ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។