នាយករដ្ឋមន្ត្រីប្រទេសរុស៊្សី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឲ្យដឹងថា ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់របស់រុស៊្សី នៅពេលនេះ គឺដើម្បីពង្រឹង និងពង្រីកនូវចំណងទាក់ទងរវាងប្រទេសទាំងពីរ។
តាមគម្រោង លោក ឌីមីទ្រី មេដវេដេវ នឹងមានជំនួបសមភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅក្នុងជំនួបនោះ ភាគីទាំងពីររំពឹងថា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនស្ដីពីនយោបាយ សេដ្ឋកិច្ច និងសារព័ត៌មាន។
កិច្ចព្រមព្រៀងនយោបាយនឹងផ្ដោតជាសំខាន់លើកិច្ចសហការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរួបរួមរុស៊្សី។ ចំណែកកិច្ចព្រមព្រៀងសេដ្ឋកិច្ច ផ្ដោតជាចម្បងលើការកម្ចាត់សកម្មភាពលាងលុយកង្វក់ និងចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការសម្រួលវិនិយោគទុន។
ភាគីទាំងពីរក៏រំពឹងថា នឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានរបស់កម្ពុជា និងរបស់រុស៊្សី ផងដែរ។ នៅចុងបញ្ចប់នៃទស្សនកិច្ចនេះ លោក ឌីមីទ្រី មេដវេដេវ នឹងធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
