អ្នក​វិភាគ​យល់​ខុស​គ្នា​ចំពោះ​សារ​ឆ្លងឆ្លើយ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី

ដោយ រាជ វិញ្ញូ
2017-05-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ RFA
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ RFA
Photo: RFA

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ខ្លះ​យល់​ឃើញ​ថា សារ​ឆ្លងឆ្លើយ​គ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី គ្រាន់​តែ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ខ្លះ​ទៀត​យល់​ថា អាច​ជា​សារ​មួយ​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ឈាន​ទៅ​រក​ដំណាក់កាល​ចរចា​គ្នា ដើម្បី​ផ្សះផ្សា​ជាតិ។ ការ​យល់​ឃើញ​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​អំណរ​គុណ​ដល់​លោក សម រង្ស៊ី ក្រោយ​ពី​អតីត​ប្រធាន​បក្ស​ប្រឆាំង ជូន​ពរ​ឲ្យ​លោក​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ។

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​តាមដាន​នយោបាយ​បញ្ជាក់​ដូច​គ្នា​ថា សព្វថ្ងៃ ពលរដ្ឋ​ពិត​ជា​ឆ្អែតឆ្អន់​នៅ​ពេល​ឃើញ​អ្នក​នយោបាយ​មិន​ព្រម​បញ្ចប់​ជម្លោះ​ឲ្យ​បាន​ចប់​សព្វគ្រប់ និង​មិន​នាំ​គ្នា​មក​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ឡើង​វិញ។

ការ​លើក​ឡើង​នេះ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា វិញ​នៅ​ថ្ងៃ​ទី​៧ ឧសភា នេះ បន្ទាប់​ពី​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី (Singapore) កាល​ពី​ថ្ងៃ​ទី​៣ ឧសភា។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៦ ឧសភា លោក ហ៊ុន សែន បាន​ផ្ញើ​សារ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​តាម​រយៈ​សារ​ក្នុង​ហ្វេសប៊ុក (Facebook) ទៅ​កាន់​លោក សម រង្ស៊ី ដែល​បាន​ផ្ញើ​សារ​ជូន​ពរ​ឲ្យ​លោក​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ តាម​រយៈ​បណ្ដាញ​សង្គម​ធ្វីតធើ (Twitter) នៅ​ថ្ងៃ​ទី​៥ ឧសភា។

សម្រាប់​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា បញ្ជាក់​ថា លោក​មិន​ភ្ញាក់​ផ្អើល​ចំពោះ​សារ​ឆ្លើយឆ្លង​នេះ​ទេ ព្រោះ​គ្រាន់​តែ​ជា​សីលធម៌​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ដែល​តែង​ជូន​ពរ​គ្នា​បែប​នេះ​នៅ​ពេល​ដឹង​ថា បុគ្គល​ណា​ម្នាក់​មាន​ជំងឺ និង​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ៖ «ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា ហើយ​លោក សម រង្ស៊ី ធ្លាប់​ជា​អតីត​មេ​បក្ស​ប្រឆាំង និង​លោក ហ៊ុន សែន ជា​មេ​ដឹកនាំ​នៅ​កម្ពុជា អ៊ីចឹង​រឿង​ជូន​ពរ​គ្នា​ជា​រឿង​ធម្មតា មិន​មាន​អ្វី​ប្លែក​ទេ»

លោក សូ ចន្ថា ក៏​គិត​ឃើញ​ថា សារ​បែប​នេះ​គឺ​បង្ហាញ​អំពី​អ្នក​នយោបាយ​ខ្មែរ​មិន​ទាន់​ដល់​ដំណាក់កាល​ឈប់​និយាយ​រក​គ្នា និង​ចាត់​ទុក​គ្នា​ជា​សត្រូវ​ឡើយ។

គិត​មក​ដល់​ពេល​នេះ អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​រដ្ឋាភិបាល​និរទេស​ខ្លួន​មិន​ឲ្យ​ចូល​ស្រុក​វិញ នៅ​ជាប់​ពាក្យ​បណ្ដឹង​ចំនួន ៧​ករណី ដែល​សុទ្ធសឹងតែ​ជា​បទ​បរិហារ​កេរ្តិ៍ ហើយ​ភាគច្រើន គឺ​ប្ដឹង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​រហូត​ចំនួន ៣​បណ្ដឹង។ ក្រៅ​ពី​នេះ លោក សម រង្ស៊ី ក៏​នៅ​ជាប់​បណ្ដឹង​ដែល​ប្ដឹង​ដោយ​លោក ហោ ណាំហុង អតីត​រដ្ឋមន្ត្រី​ការ​បរទេស និង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ដែរ។

កន្លង​ទៅ លោក សម រង្ស៊ី តែង​ចាត់​ទុក​បណ្ដឹង​ទាំងនេះ​ថា​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ ថ្វី​ត្បិត​ត្រូវ​បាន​ទាត់​ចោល​ពី​មន្ត្រី​រដ្ឋាភិបាល​ជា​រឿយៗ ថា​ជា​ការ​អនុវត្ត​ច្បាប់​ក្ដី។

ដោយឡែក​សម្រាប់​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក ចាន់ វិបុល បញ្ជាក់​ថា លោក​មិន​ទាន់​ឃើញ​មាន​អ្នក​នយោបាយ​ណា​មួយ​ចាប់​ផ្ដើម​ប្រើប្រាស់​សារ​នយោបាយ​ដែល​អាច​និយាយ​ត្រូវរ៉ូវ​គ្នា​នៅ​ឡើយ​ទេ ក្រៅ​តែ​ពី​សារ​នយោបាយ​វាយ​ប្រហារ​គ្នា ដែល​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​ពលរដ្ឋ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ផុយ​ស្រួយ​នៅ​កម្ពុជា។ ផ្ទុយ​ទៅ​វិញ លោក ចាន់ វិបុល យល់​ឃើញ​ថា សារ​ឆ្លើយឆ្លង​លក្ខណៈ​បុគ្គល​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី គឺ​ជា​មនោសញ្ចេតនា​ដ៏​ល្អ​មួយ ប៉ុន្តែ​លោក​ថា អ្វី​ដែល​គេ​ចង់​ឃើញ គឺ​ជា​សារ​ឆ្លើយឆ្លង​គ្នា​ដើម្បី​រួម​ចំណែក ដើម្បី​ធានា​ទៅ​ដល់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ៖ «បើ​ទោះ​បី​ជា​លោក សម រង្ស៊ី បាន​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មែន ប៉ុន្តែ​សំឡេង​របស់​គាត់​នៅ​តែ​មាន​ឥទ្ធិពល​នៅ​លើ​ឆាក​នយោបាយ​នៅ​កម្ពុជា ជាពិសេស​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ តែ​ម្ដង»

លោក ចាន់ វិបុល បញ្ជាក់​ថា លោក​ក៏​មិន​អាច​វិភាគ​អំពី​ការ​វិវឌ្ឍន៍​ដំណើរការ​នយោបាយ​នា​ពេល​ខាង​មុខ​បាន​ដែរ ព្រោះ​បច្ចុប្បន្ន អ្នក​នយោបាយ​នៅ​កម្ពុជា នៅ​តែ​គិត​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ច្រើន​ជាង​ការ​គិត​ផល​ប្រយោជន៍ និង​សុខ​ទុក្ខ​របស់​ពលរដ្ឋ។ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ដដែល​បន្ត​ថា កន្លង​ទៅ ការ​ប្រែប្រួល​រឿង​នយោបាយ​តែងតែ​កើត​មាន​ដោយ​គ្មាន​នរណា​ស្មាន​ដល់​ឡើយ ប៉ុន្តែ​ទិដ្ឋភាព​បច្ចុប្បន្ន ការ​ដែល​អាច​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មក​ធ្វើ​ជា​អ្នក​នយោបាយ ឬ​ធ្វើ​ជា​ប្រធាន​បក្ស​ប្រឆាំង​ឡើង​វិញ ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ គឺ​ជា​រឿង​ដ៏​ពិបាក​មួយ ព្រោះ​ការ​កើន​ឡើង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង បាន​ធ្វើ​ឲ្យ​មាន​ការ​រឹត​បន្តឹង និង​ការ​ដាក់​សម្ពាធ​ផ្នែក​នយោបាយ​កាន់​តែ​ខ្លាំង​ដែរ។

ថ្វីត្បិតតែ​យ៉ាង​នេះ​ក្ដី អ្នក​តាមដាន​នយោបាយ​ម្នាក់​ទៀត លោក​បណ្ឌិត មាស នី សង្កេត​ឃើញ​ថា ភាព​តានតឹង​នយោបាយ​កន្លង​ទៅ​កើត​ឡើង​ដោយសារ​អត្តចរិត​ផ្ទាល់​ខ្លួន​របស់​អ្នក​នយោបាយ។ លោក​យល់​ថា ប្រសិន​បើ​អ្នក​នយោបាយ​នៅ​មាន​ស្មារតី​យោគយល់​គ្នា និង​ចេះ​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​គ្នា​បែប​នេះ បញ្ហា​នយោបាយ​សេសសល់ នឹង​អាច​ដោះស្រាយ​បាន៖ «បរាជ័យ​ដ៏​ធំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ ការ​មិន​អាច​នាំ​មក​នូវ​ឯកភាព​ជាតិ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​អះអាង​ថា មាន​សន្តិភាព​ក៏ដោយ តែ​បើ​យើង​មើល​អំពី​គណបក្ស​នយោបាយ បើ​មាន ១០ ឈ្លោះ​គ្នា​ទាំង ១០ មិន​ត្រឹម​តែ​មិន​ត្រូវ​គ្នា​ទេ ថែម​ទាំង​ជេរ​តិះដៀល​គ្នា​លក្ខណៈ​ឯកជន​ទៀត»

លោក​បណ្ឌិត មាស នី មិន​ហ៊ាន​ផ្ដល់​យោបល់ ឬ​ទស្សន៍ទាយ​ទុក​មុន​ច្រើន​ឡើយ ប៉ុន្តែ​លោក​នឹង​តាមដាន​មើល ក្រែង​មាន​ការ​វិវឌ្ឍន៍​នយោបាយ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត។

គេ​នៅ​ចាំ​បាន​ថា ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣ មក គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​គ្នា​យ៉ាង​ខ្លាំង និង​ក្រោយ​មក ស្រាប់​ល្អូកល្អិន​នឹង​គ្នា​មួយ​ភ្លែត ប៉ុន្តែ​បន្ទាប់​មក ក្រោយ​មាន​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ជាច្រើន​រូប និង​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស បាន​រុញ​ឲ្យ​ស្ថានការណ៍​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ល្អក់​កករ​នឹង​គ្នា​មក​ដល់​សព្វថ្ងៃ​នេះ។

អ្នក​វិភាគ​នយោបាយ​បញ្ជាក់​ថា បច្ចុប្បន្ន អ្វី​ដែល​អ្នក​នយោបាយ​ត្រូវ​គិត និង​ត្រូវ​ធ្វើ គឺ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ធ្វើ​ឡើង​ដើម្បី​ធានា​ដល់​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជា​និរន្ត​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល