លោក សម រង្ស៊ី ស្នើសុំ​ឲ្យ​មាន​តុល្យ​អំណាច​រវាង​បក្ស​ធំៗ​ទាំង​ពីរ

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ​ហាក់​មាន​ជំហរ​ទន់​ជាង​មុន​ចំពោះ​ការ​សម្រប​សម្រួល​គោល​នយោបាយ​រួម​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ។ ទំនោរ​របស់​មេ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ហាក់​ខុស​គ្នា​ពី​ជំហរ​ក្រោយ​ការ​បោះ​ឆ្នោត​រួច​ភ្លាមៗ ដែល​គណបក្ស​នេះ​ទាមទារ​ដាច់​ខាត​ថា​មិន​ព្រម​សោះ​ឡើយ​ការ​ចូល​រួម​ជាមួយ​គណបក្ស​កាន់​អំណាច ដោយ​សម្អាង​ថា ខ្លួន​បាន​ឈ្នះ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា។

0:00 / 0:00

អ្នក​វិភាគ​សង្គម ព្រមាន​ថា បើ​គណបក្ស​ប្រឆាំង​សម្រេច​ច្របាច់​កម្មវិធី​ចម្រុះ​ជាមួយ​គណបក្ស​គ្រប់គ្រង​អំណាច​ពិត​មែន​នោះ បក្ស​ប្រឆាំង​នេះ​នឹង​ត្រូវ​ប្រឈម​មុខ​ដ៏​ស្មុគស្មាញ​ពី​អ្នក​គាំទ្រ​របស់​ខ្លួន និង​អាច​មាន​វាសនា​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែរ។

មេ​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ត្រូវ​ប្រកាស​លទ្ធផល​ឆ្នោត​ស្មើៗ​គ្នា​បណ្ដោះ​អាសន្ន ដោយ​ចាត់​ទុក​ថា នឹង​ពុំ​មាន​អ្នក​ណា​ឈ្នះ ឬ​អ្នក​ណា​ចាញ់​ក្នុង​អាណត្តិ​នៃ​ការ​បោះ​ឆ្នោត​លើក​នេះ​ទេ ក្នុង​ន័យ​ដើម្បី​ទាមទារ​ឲ្យ​មាន​តុល្យ​អំណាច​ក្នុង​រដ្ឋាភិបាល​ថ្មី​មួយ ហើយ​អាច​ធ្វើ​ការ​រួម​គ្នា​ដោយ​ពុំ​មាន​បក្ស​ប្រឆាំង ឬ​ស្រប ចំណែក​កិច្ចការ​ដែល​នៅ​សេសសល់​ត្រូវ​ដោះស្រាយ​បន្ត។

ការ​ថ្លែង​ដូច​នេះ​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​គណបក្ស​ចាក់អង្រែលើ នា​ថ្ងៃ​ទី២០ ខែ​កញ្ញា។ ជំហរ​នេះ​ត្រូវ​គេ​ដឹង​ថា ក្នុង​រយៈពេល ២​ថ្ងៃ​ក្រោយ​ពី​មហា​បាតុកម្ម​អហិង្សា​លើក​ទី២ ត្រូវ​បិទ​បញ្ចប់។ លោក សម រង្ស៊ី និយាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មាន​ការ​ឯកភាព​មួយ​រវាង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ អំពី​លទ្ធផល​ឆ្នោត​ឈ្នះ​ដូច​គ្នា ហើយ​ឈរ​លើ​គោលការណ៍​រួម ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ចម្បង។

ចំណែក​កិច្ចការ​ដែល​នៅ​សេសសល់​ជាអាទិ៍ ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​ការ​ទាមទារ​រក​យុត្តិធម៌​នៅ​តែ​ស៊ើប​អង្កេត​បន្ត។ លោក សម រង្ស៊ី ឲ្យ​ដឹង​ថា លើក​នេះ​នឹង​មិន​ទុក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន ដូច​អ្វី​តាម​ការ​ចង់​បាន​របស់​ខ្លួន​ដូច​អាណត្តិ​មុនៗ​ទៀត​នោះ​ឡើយ។

ចំណែក លោក ឈាង វុន អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា វិញ សាទរ​ចំពោះ​ជំហរ​របស់ លោក សម រង្ស៊ី ដោយ​ចាត់​ទុក​ថា នេះ​ជា​ការ​វិវឌ្ឍន៍​ថ្មី​មួយ​ជំហាន​ទៀត ដែល​អាច​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​ក្នុង​ពេល​ខាង​មុខ ហើយ​ធ្វើ​ការ​រួម​គ្នា​បាន។ យ៉ាង​ណា​ក៏ដោយ លោក ឈាង វុន គិត​ថា គណបក្ស​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា អាច​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ។

ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​របស់ គ.ជ.ប កាល​ពី​ថ្ងៃ​ទី៨ ខែ​កញ្ញា កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រៀប​លើ​គណបក្ស​សង្គ្រោះ​ជាតិ ៦៨​អាសនៈ ទល់ ៥៥​អាសនៈ។

ដោយ​ឡែក លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ប្រឈម​ភាព​ចម្រូងចម្រាស និង​ត្រូវ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ពិបាក​មួយ​ពី​អ្នក​គាំទ្រ​របស់​ខ្លួន ហើយ​ព្រមាន​ថា បើ​បក្ស​ប្រឆាំង​សម្រេច​បញ្ចូល​កម្មវិធី​នយោបាយ​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ពិត​មែន​នោះ បក្ស​ប្រឆាំង​មួយ​នេះ​នឹង​មិន​ខុស​អ្វី​ពី​ជីវិត​នយោបាយ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឡើយ។

បើ​ទោះ​ជា​យ៉ាង​ណា សម្រាប់​អ្នក​គាំទ្រ​នៅ​តាម​មូលដ្ឋាន​វិញ ឲ្យ​ដឹង​ថា ពួក​គេ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។