លោក សម រង្ស៊ី៖ លោក ហេង សំរិន គ្មាន​មូលដ្ឋាន​ក្នុងការ​ប្តឹង​លោក​នោះ​ទេ

ដោយ តាំង សារ៉ាដា
2015.12.03
សម រង្ស៊ី ៦២០ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ទីស្នាក់ការ​កណ្ដាល​បក្ស​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ក្នុង​ប្រទេស​បារាំង អះអាង​ថា លោក​គ្មាន​អ្វី​ដែល​ត្រូវ​តទល់​ជាមួយ​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ដែល​ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​នោះ​ឡើយ។

លោក សម រង្ស៊ី៖ «អត់​ទេ អត់​មាន​អី​ឆ្លើយ​ទេ។ គ្មាន​អី​ឆ្លើយ​ទេ។ ខ្ញុំ​បាន​ផ្ញើ​ព័ត៌មាន​ទាក់ទង​នឹង​រឿង​ហ្នឹង​ជា​ទូទៅ​ជា​សាធារណៈ។ ខ្ញុំ​គ្មាន​អ្វី​ដែល​ត្រូវ​តទល់​ទេ ព្រោះ​ខ្ញុំ​បាន​បញ្ជាក់​អស់​ហើយ​តើ​ក្នុង​លិខិត​របស់​ខ្ញុំ»

កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី ប្រធាន​បក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដឹង​របស់​លោក ហេង សំរិន ដែល​ប្ដឹង​ចោទ​លោក សម រង្ស៊ី ជុំវិញ​ការ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ថា "យើង​ចងចាំ​ថា របប​ដែល​កើត​ឡើង​នៅ​ថ្ងៃ​៧ មករា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ​កាត់​ទោស​ប្រហារ​ជីវិត​សម្ដេច​ព្រះ​មហា​វីរក្សត្រ នរោត្ដម សីហនុ ដោយ​ចោទ​ព្រះអង្គ​ថា ជា​ជន​ក្បត់​ជាតិ"

នៅ​ក្នុង​លិខិត​ចំហរ​មួយ​របស់​លោក សម រង្ស៊ី ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​កាល​ពី​ថ្ងៃ​ពុធ ទី​២ ធ្នូ សរសេរ​ថា អ្វី​ដែល​លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា នោះ គឺ​លោក​ចង់​សំដៅ​ទៅ​លើ​របប​ដែល​បង្កើត​ឲ្យ​មាន​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ហើយ​មិន​និយាយ​ចំ​ឈ្មោះ​បុគ្គល​ណា​មួយ​ក្នុង​ការ​អត្ថាធិប្បាយ ឬ​ខំមែន (Comment) របស់​លោក​នោះ​ឡើយ។ លិខិត​នោះ​ក៏​បាន​សរសេរ​ដែរ​ថា អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ បាន​មាន​ព្រះបន្ទូល​ចំ​ឈ្មោះ​លោក ហេង សំរិន ក្នុង​វីដេអូ​ឯកសារ ហើយ​ដែល​លោក សម រង្ស៊ី បាន​បង្ហោះ​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី បាន​អះអាង​នៅ​ក្នុង​លិខិត​ចំហរ​របស់​លោក​ថា លោក ហេង សំរិន គ្មាន​មូលដ្ឋាន​អ្វី​ក្នុង​ការ​ប្ដឹង​រូប​លោក​នោះ​ទេ ពីព្រោះ​លោក​គ្រាន់តែ​បង្ហោះ​នូវ​វីដេអូ​ឯកសារ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​អ៊ីនធឺណិត (Internet) ឬ​យូធូប (YouTube) ដែល​មាន​អាយុ​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ។

ខ្សែ​វីដេអូ​ឯកសារ​នោះ​បាន​ថតចម្លង​នូវ​ព្រះរាជបន្ទូល​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ កាល​ពី​ឆ្នាំ​១៩៨៣ ខណៈ​ព្រះអង្គ​កំពុង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​តាម​បណ្តា​ទីក្រុង​មួយ​ចំនួន​ក្នុង​ប្រទេស​អូស្ត្រាលី ដើម្បី​ប្រមូល​ការ​គាំទ្រ​ចលនា​តស៊ូ​ប្រឆាំង​វៀតណាម ក្នុង​ការ​ប្រយុទ្ធ​កងទ័ព​ត្រួតត្រា​របស់​បរទេស និង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​ជា​របប​អាយ៉ង​របស់​វៀតណាម ដែល​មាន​លោក ហេង សំរិន ជា​ប្រមុខ​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។