គណបក្ស សម រង្ស៊ី អំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ គណបក្សនេះក៏រំពឹងយ៉ាងមុតមាំថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ មិនថានៅក្នុងគណបក្សនយោបាយណាទេ គឺអាចនឹងបោះឆ្នោតដើម្បីផ្លាស់ប្ដូរ ហើយមានឆន្ទៈបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ។
ការអំពាវនាវរបស់ប្រធានគណបក្ស សម រង្ស៊ី នៅពេលនេះ គឺចំពេលដែលការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គ្រាន់តែខិតជិតមកដល់ ដែលនៅសល់ប្រមាណជាង ១សប្ដាហ៍ទៀតប៉ុណ្ណោះនោះ។
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៩ ឧសភា របស់ លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី នេះ គឺទទូចសូមឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស ត្រូវចូលរួមបោះឆ្នោតអសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ឧសភា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
ក្រៅពីការអំពាវនាវនេះ លោក គង់ គាំ ចំអកក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ដែលទំនងសំដៅលើរដ្ឋាភិបាលសព្វថ្ងៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានប្រើអំណាចថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអំណាចថ្នាក់ជាតិ ដោយបំពានរដ្ឋធម្មនុញ្ញចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៣ កន្លងទៅ។ លោក គង់ គាំ បានប្រៀបធៀបការប្រើកម្លាំងយោធា និងក្រុមសន្តិសុខរបស់សាលារាជធានីភ្នំពេញ ឬក្រុមអាវខ្មៅ ថាបានបាញ់បង្ក្រាបប្រឆាំងប្រជាពលរដ្ឋរបស់ខ្លួន ព្រោះតែដើម្បីការពារអំណាច គឺមិនខុសអ្វីទៅនឹងព្រឹត្តិការណ៍ឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ឡើយ។
ភ្ជាប់នឹងបញ្ហានេះ លោក ហង្ស ពុទ្ធា នាយកអង្គការ និកហ្វិច (NICFEC) យល់ឃើញថា ជាធម្មតាអ្នកនយោបាយតែងចង់បានឈ្នះចាញ់ និងការគាំទ្រពីប្រជាពលរដ្ឋតែរៀងៗខ្លួន។ ហេតុនេះ អ្នកនយោបាយគេចាំបាច់ណាស់ត្រូវសិក្សារកចំណុចខ្លាំងខ្សោយពីគូប្រជែងរបស់ខ្លួន។ ទោះជាបែបនេះក៏ដោយចុះ លោកទទួលស្គាល់ថា វាជារឿងនយោបាយ។ ក៏ប៉ុន្តែ ដើម្បីបានឈ្នះ ឬចាញ់ អ្នកនយោបាយគប្បីបញ្ចៀសការប្រើប្រាស់កម្លាំងសមត្ថកិច្ចប្រឆាំងពលរដ្ឋរបស់ខ្លួន។ លើសពីនេះទៀត លោកសង្កេតឃើញថា រដ្ឋាភិបាលពិតជាបានប្រើប្រាស់កម្លាំងដ៏លើសលប់ ប្រឆាំងការតវ៉ារបស់ប្រជាពលរដ្ឋ ជាជាងរកដំណោះស្រាយទៅវិញក្នុងដំណាក់កាលចុងក្រោយនេះ។
«សំឡេង»
ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតអសកលនេះ គណបក្សសង្គ្រោះជាតិ បានបើកយុទ្ធនាការរកការគាំទ្រតាំងពីថ្ងៃដំបូងមកម្ល៉េះ ខុសប្លែកពីគណបក្សនយោបាយបួនផ្សេងទៀត ដែលបានចុះឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត គ.ជ.ប ដែរនោះ មានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
បញ្ហានេះ មន្ត្រីរដ្ឋាភិបាលចាត់ទុកសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ថាជាចេតនាបង្កហិង្សា និងជាយុទ្ធនាការធ្វើបាតុកម្មច្រើនជាង ក្នុងអំឡុងពេលចុះឃោសនាបោះឆ្នោតនេះ។
ឆ្លើយតបបញ្ហានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី បង្ហាញការសោកស្ដាយដែលលោកចាត់ទុកថា លោក គង់ គាំ ជាអ្នកដែលចាស់ទុំផ្នែកនយោបាយទៅហើយ មិនគួរគប្បីណាប្រើប្រាស់វោហារសាស្ត្រមិនសមរម្យ ហើយមួលបង្កាច់ប្រឆាំងរដ្ឋាភិបាល ខុសពីអ្វីដែលកម្ពុជា កំពុងតែមាននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
