លោក សម រង្ស៊ី បន្ត​ស្នើ​ប្រធាន​គ.ជ.ប​អនុញ្ញាត​ឲ្យ​លោក​ឈរ​ឈ្មោះ​បោះឆ្នោត

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​តវ៉ា​ជា​បន្ត​ទៅ​ទៀត​ដើម្បី​បាន​ទទួល​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត បើ​ទោះ​បី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​ថា លោក​មិន​អាច​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ក៏ដោយ។

0:00 / 0:00

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​ទី២៣ កក្កដា សុំ​ឲ្យ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប ឲ្យ​ដាក់​បញ្ចូល​ឈ្មោះ​លោក​ជា​ស្វ័យប្រវត្តិ​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត និង​បញ្ជី​ផ្លូវ​ការ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ដោយសារ​រូប​លោក​ជា​អ្នក​តំណាង​រាស្ត្រ​ដែល​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​រួច​ហើយ។ ដូច្នេះ តាម​មាត្រា ១៥ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាង​រាស្ត្រ លោក​ត្រូវ​តែ​បាន​ទទួល​សុពលភាព​អភ័យឯកសិទ្ធិ និង​បុព្វសិទ្ធិ​ឡើង​វិញ។

នៅ​ក្នុង​លិខិត​នោះ លោក សម រង្ស៊ី បាន​បញ្ជាក់​ថា រូប​លោក​មិន​មែន​សុំ​ចុះ​ឈ្មោះ​ជា​ថ្មី​ឡើង​វិញ​នោះ​ទេ ពីព្រោះ​រូប​លោក​ជា​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត​រួច​ទៅ​ហើយ ហើយ​ការ​លុប​ឈ្មោះ​លោក​កន្លង​មក ដោយ គ.ជ.ប អាង​លើ​អំណាច​សាល​ដីកា​របស់​តុលាការ​ប៉ុណ្ណោះ។ ដូច្នេះ ការ​ប្រើ​មាត្រា ៤៩​ថ្មី របស់​ច្បាប់​ស្ដីពី​ការ​ជ្រើស​តាំង​តំណាង​រាស្ត្រ​មក​ធ្វើ​ការ​រារាំង មិន​ឲ្យ​លោក​មាន​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​នោះ គឺ​ពុំ​ត្រឹមត្រូវ​ទេ។

ម៉្យាង​វិញ​ទៀត មាត្រា​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​រើស​តំណាង​រាស្ត្រ​នេះ ក៏​មិន​បាន​ចែង​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ការ​កែប្រែ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ដែល គ.ជ.ប បាន​ផ្តល់​សុពលភាព​ជា​ផ្លូវ​ការ​ហើយ​នោះ​ដែរ។ លោក សម រង្ស៊ី សុំ​ឲ្យ គ.ជ.ប អនុវត្ត​ករណី​លោក​តាម​មាត្រា ១៦​ថ្មី ស្ដីពី​សិទ្ធិ​អំណាច​របស់ គ.ជ.ប ភារកិច្ច​របស់ គ.ជ.ប ក្នុង​ការ​ចាត់​ចែង និង​ត្រួត​ពិនិត្យ​ការ​បោះឆ្នោត។

ក្រៅ​ពី​ផ្ញើ​លិខិត​តវ៉ា​ទៅ គ.ជ.ប លោក សម រង្ស៊ី មាន​គម្រោង​តវ៉ា​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែរ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៣ កក្កដា ថា លោក សម រង្ស៊ី នឹង​តវ៉ា​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​បន្ត​ទៅ​ទៀត ក្រោយ​ពេល គ.ជ.ប បាន​ប្រកាស​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ផ្លូវ​ការ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​បាន​នោះ។

កាល​ពី​ថ្ងៃ​ទី២១ កក្កដា លោក សម រង្ស៊ី បាន​សរសេរ​លិខិត​ទៅ លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សុំ​ឲ្យ​ដាក់​បញ្ចូល​ឈ្មោះ​លោក​ទៅ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត និង​ក្នុង​បញ្ជី​ផ្លូវ​ការ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​មណ្ឌល​ខេត្ត​កណ្ដាល។

មួយ​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី២២ កក្កដា គ.ជ.ប បាន​កោះ​ប្រជុំ​សមាជិក គ.ជ.ប ទាំងអស់ ដើម្បី​ពិនិត្យ​មើល​អំពី​ការ​ស្នើសុំ​របស់ លោក សម រង្ស៊ី ហើយ​បាន​ប្រកាស​ឲ្យ​ដឹង​ថា សំណើ​សុំ​របស់ លោក សម រង្ស៊ី គឺ​មិន​អាច​ធ្វើ​បាន​ទេ យោង​តាម​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​មាត្រា ៤៩​ថ្មី និង​មាត្រា ១១៨​ថ្មី។

នៅ​ថ្ងៃ​ទី២៣ កក្កដា នេះ​ដែរ លោក សម រង្ស៊ី ក៏​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដើម្បី​សុំ​ឲ្យ​រដ្ឋសភា​ផ្តល់​សុពលភាព​អភ័យឯកសិទ្ធិ​តំណាង​រាស្ត្រ និង​បុព្វសិទ្ធិ​តំណាង​រាស្ត្រ​ឲ្យ​លោក​វិញ។

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន លោក ហេង សំរិន នោះ លោក សម រង្ស៊ី បាន​សរសេរ​បញ្ជាក់​ថា យោង​មាត្រា ១៥ នៃ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាង​រាស្ត្រ បាន​ចែង​ថា តំណាង​រាស្ត្រ​រូប​ណា​មួយ​ជា​ទណ្ឌិត ហើយ​ត្រូវ​ព្រះមហាក្សត្រ​លើក​លែង​ទោស តំណាង​រាស្ត្រ​រូប​នោះ​នឹង​បាន​ទទួល​សុពលភាព អភ័យឯកសិទ្ធិ និង​បុព្វសិទ្ធិ​ឡើង​វិញ។ ដូច្នេះ រូប​លោក​សុំ​ឲ្យ​មាន​អភ័យឯកសិទ្ធិ និង​បុព្វសិទ្ធិ​តំណាង​រាស្ត្រ​ឡើង​វិញ ដើម្បី​លោក​មាន​លទ្ធភាព​ក្នុង​ការ​បំពេញ​តួនាទី​ជា​អ្នក​តំណាង​រាស្ត្រ​បាន​ពេញ​លេញ ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​នៅ​កម្ពុជា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ មាន​ប្រសាសន៍​ថា ការ​មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ មិន​មែន​ជា​កំហុស​របស់ លោក សម រង្ស៊ី ទេ ហើយ​បើ គ.ជ.ប គិត​តែ​លើ​មូលដ្ឋាន​ច្បាប់​មួយ​មុខ​នោះ មិន​ឲ្យ លោក សម រង្ស៊ី បាន​ចុះ​ឈ្មោះ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ក៏​មិន​ទាន់​គ្រប់គ្រាន់​ដែរ ពីព្រោះ លោក សម រង្ស៊ី បាន​ទទួល​ការ​លើក​លែង​ទោស​ពី​សំណាក់​ព្រះមហាក្សត្រ​ហើយ។

នៅ​ក្នុង​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ សុំ​ឲ្យ​លើក​លែង​ទោស លោក សម រង្ស៊ី នោះ បាន​សរសេរ​ជា​អាទិ៍​ថា ដោយ​យោង​លើ​ស្មារតី​បង្រួប​បង្រួម​ជាតិ និង​ផ្សះផ្សា​ជាតិ និង​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដោយ​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម និង​ផ្អែក​តាម​លិខិត​ស្នើសុំ​ព្រះរាជទាន​ទោស​របស់ លោក សម រង្ស៊ី ចុះ​ថ្ងៃ​ទី១៣ មិថុនា សូម​ព្រះករុណា ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះរាជ​តម្រិះ​លើ​សេចក្តី​ស្នើ​លើក​លែង​ទោស​នេះ​ដោយ​អនុគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។