លោក សម រង្ស៊ី នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​១៩​កក្កដា

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី១៣ កក្កដា ក្នុង​ទំព័រ​ហេស្វប៊ុក (Facebook) ផ្ទាល់​ខ្លួន​របស់​លោក​ថា លោក​នឹង​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី១៩ ខែ​កក្កដា វេលា​ម៉ោង ៩ និង ៥​នាទី​ព្រឹក តាម​ជើង​យន្តហោះ​ថៃ អ៊ែរវេ (Thai Airway)។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ដំណឹង​ពី​កាល​បរិច្ឆេទ​នៃ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ហើយ។ លោក​បន្ត​ថា នឹង​ស្នើសុំ​ឲ្យ​មាន​ការ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​របស់​បក្ស ដើម្បី​រៀបចំ​កម្មវិធី​ទទួល​លោក សម រង្ស៊ី។ ប៉ុន្តែ លោក​មិន​ទាន់​ហ៊ាន​អះអាង​ពី​ចំនួន​អ្នក​ដែល​នឹង​ចូលរួម​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី នៅ​ឡើយ​ទេ តែ​លោក​ជឿ​ជាក់​ថា នឹង​មាន​អ្នក​ចូលរួម​ច្រើន។

លោក យឹម សុវណ្ណ៖ «ខ្ញុំ​នឹង​ចូលរួម និង​ស្នើ​ឲ្យ​មាន​ការ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍ ដើម្បី​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​កម្មវិធី​ទទួល​លោក​ប្រធាន ហើយ​អ្នក​ចូលរួម​ប៉ុន្មាន យើង​នឹង​សម្រេច​ទៅ​តាម​ហ្នឹង។ បើ​តាម​បើក​ទូលាយ គឺ​ថា​រាប់​ម៉ឺន​នាក់ យ៉ាង​តិច​ក៏ ៥​ម៉ឺន​នាក់​ដែរ ប៉ុន្តែ​យើង​ខ្ញុំ​នឹង​រៀបចំ»

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន និង​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ។ លោក​ត្រូវ​បាន ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ទ្រង់​ព្រះ​ប្រទាន​ការ​លើក​លែង​ទោស នៅ​ថ្ងៃ​ទី១២ កក្កដា បន្ទាប់​ពី​មាន​ការ​ស្នើសុំ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។