លោក សម រង្ស៊ី៖ កម្ពុជា បាត់បង់​ដែន​សមុទ្រ​អស់​ទំហំ​៦​ម៉ឺន​គីឡូ​ម៉ែត្រ​ក្រឡា

ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​នឹង​ដីកា​ចាប់​ខ្លួន​ថ្មី​ក្នុង​បទ​ក្លែង​ឯកសារ​សាធារណៈ ស្ដីពី​បញ្ហា​ព្រំដែន​ក៏ដោយ ក៏​មិន​បាន​បង្អាក់​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ពី​ការ​បន្ត​ថ្លែង​រិះគន់​ជា​សាធារណៈ​អំពី​បញ្ហា​បូរណភាព​ទឹក​ដី​កម្ពុជា ឡើយ។

នៅ​ថ្ងៃ​ទី​៦ មករា លោក សម រង្ស៊ី បាន​ថ្លែង​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ក្រៅ​ពី​ការ​បាត់បង់​ដែនដី​គោក​ដោយសារ​ការ​បង្ខិត​ខ្សែ​បន្ទាត់​ព្រំដែន​ចូល​កម្ពុជា ដោយ​ប្រទេស​វៀតណាម កម្ពុជា បាន​បាត់បង់​ដែន​សមុទ្រ​ទាំង​ខាង​លិច​ទាំង​ខាង​កើត ដោយសារ​សន្ធិសញ្ញា​ព្រំដែន​ដែល​រដ្ឋ​អំណាច​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​ជិត​ខាង ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០។

លោក​បន្ថែម​ថា ប្រទេស​វៀតណាម និង​ប្រទេស​ថៃ បាន​ហែក​ដែន​សមុទ្រ​ប្រទេស​កម្ពុជា មួយ​ផ្នែក​ធំ​ចែក​គ្នា ហើយ​បាន​បិទ​ច្រក​ទឹក​មិន​ឲ្យ​កម្ពុជា មាន​សិទ្ធិ​ចេញ​ចូល​សមុទ្រ​អន្តរជាតិ​បាន​ដោយ​សេរី​នោះ​ទេ។

លោក​ថា ប្រទេស​ថៃ បាន​យក​ដែន​សមុទ្រ​កម្ពុជា អស់​ទំហំ ៣​ម៉ឺន​គីឡូ​ម៉ែត្រ​ក្រឡា ហើយ​ប្រទេស​វៀតណាម ក៏​បាន​យក​ដែន​សមុទ្រ​កម្ពុជា អស់​ទំហំ ៣​ម៉ឺន​គីឡូ​ម៉ែត្រ​ក្រឡា​ដែរ។ លើស​ពី​នេះ ប្រទេស​វៀតណាម ចង់​ដណ្ដើម​ពី​កម្ពុជា នូវ​ដែន​សមុទ្រ​ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​ខេត្ត​កំពត និង​ខេត្ត​កែប ទំហំ ១​ម៉ឺន​គីឡូ​ម៉ែត្រ​ក្រឡា​បន្ថែម​ទៀត។

ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា កម្ពុជា មិន​ទាន់​ធ្វើ​ការ​វាស់វែង​ដែន​ទឹក​ជាមួយ​វៀតណាម និង​ថៃ នៅ​ឡើយ​ទេ ដូច្នេះ​តើ លោក សម រង្ស៊ី បាន​ទំហំ​បាត់បង់​នេះ​ពី​ណា​មក?

លោក សម រង្ស៊ី បច្ចុប្បន្ន កំពុង​ស្នាក់នៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​តុលាការ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចំនួន​២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។