មេ​បក្ស​ប្រឆាំង​ចេញ​សេចក្ដី​កែតម្រូវ​អំពី​លទ្ធផល​ឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ពេល​ចាប់​ផ្ដើម​រាប់​សន្លឹក​ឆ្នោត​ថ្ងៃ​ទី២៨ កក្កដា ដោយ​ប្រកាស​សាទរ​ពី​ជ័យ​ជម្នះ​នៃ​ការ​បោះឆ្នោត​ក្នុង​អាណត្តិ​ទី៥ នេះ។ ប៉ុន្តែ​ជាង​មួយ​ម៉ោង​ក្រោយ​មក គណបក្ស​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ទៀត ដោយ​កែតម្រូវ​ពី​ការ​ឈ្នះ​ឆ្នោត ទៅ​ជា​ការ​អរគុណ​ចំពោះ​អ្នក​ទៅ​បោះឆ្នោត​វិញ។ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខ្លះ មន្ទិល​សង្ស័យ​ថា អាច​មាន​សម្ពាធ​អ្វី​នៅ​ពី​ក្រោយ​នៃ​រឿង​សេចក្ដី​ប្រកាស​ដែល​ប្រែក្រឡាស់​មួយ​រំពេច​នេះ។

0:00 / 0:00

ក្នុង​ពេល​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យ​ចាប់​ផ្ដើម​បាន​មួយ​សន្ទុះ ស្រាប់​តែ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ជា​សាធារណៈ ដោយ​ចាត់​ទុក​ថ្ងៃ​ទី២៨ ខែ​កក្កដា ជា​ទិវា​ប្រវត្តិសាស្ត្រ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈ្នះ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣។ គណបក្ស​នេះ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ឈ្នះ​ការ​បោះឆ្នោត។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ចេញ​មិន​ទាន់​បាន​មួយ​ម៉ោង​ស្រួល​បួល​ផង លោក សម រង្ស៊ី បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ទៀត ដោយ​ប្ដូរ​អត្ថន័យ​ពី​ការ​ឈ្នះ​ឆ្នោត​ក្នុង​លិខិត​ទី១ ទៅ​ជា​ការ​អរគុណ​ពលរដ្ឋ​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​បោះឆ្នោត​យ៉ាង​ឱឡារិក។

លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​យប់​ថ្ងៃ​ទី២៨ ខែ​កក្កដា ចាត់​ទុក​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ដំបូង​របស់​ខ្លួន​ថា ជា​ការ​យល់​ច្រឡំ និង​ចេញ​ដោយ​ច្រឡំ។ លោក សម រង្ស៊ី បញ្ជាក់​ថា ការ​បោះឆ្នោត​លើក​នេះ គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​ឈ្នះ គឺ​ជា​ជ័យ​ជម្នះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ការ​បោះឆ្នោត​នោះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ចូលរួម​កុះករ​ពី​ប្រជាពលរដ្ឋ អត់​មាន​អំពើ​ហិង្សា ហើយ​មាន​ភាព​ចាស់​ទុំ​ខាង​នយោបាយ។

សមត្ថកិច្ច​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ ហើយ​មហាវិថី និង​វិថី​សំខាន់ៗ បាន​ដាក់​បារ៉ាស់​បិទ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍។ ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​មាន​សភាព​ស្ងប់ស្ងាត់ ហើយ​ពលរដ្ឋ​ខ្លះ​បាន​សម្រុក​ចេញ​ទៅ​ក្រៅ​ក្រុង​ភ្លាមៗ នៅ​ពេល​ដែល​មាន​ព័ត៌មាន​ធ្លាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត។ សភាព​តានតឹង​នេះ បាន​ធូរ​ស្រាល​ឡើង​វិញ​បន្តិច ដោយ​ផ្លូវ​មួយ​ចំនួន​ត្រូវ​បាន​ចរាចរ​ឡើង​វិញ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ដក​ថយ​នៅ​ពេល​ដែល លោក សម រង្ស៊ី ធ្វើ​សន្និសីទ​កាសែត​យ៉ាង​ប្រញាប់ កែប្រែ​លើ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ពី​ជ័យ​ជម្នះ​លើ​ការ​បោះឆ្នោត។ ស្រប​ពេល​ដែល លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក៏​បាន​ចេញ​ប្រកាស​លទ្ធផល​ស្មាន​ដំបូង​លើ​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសបុក (Facebook) បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន ៦៨​កៅអី ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៥​កៅអី។

ចំពោះ​សំណួរ​ដែល​សួរ​ថា តើ​មូលហេតុ​អ្វី​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​លិខិត​ពីរ​ផ្សេង​គ្នា​យ៉ាង​ដូច្នេះ? តើ​មាន​អ្វី​នៅ​ពី​ក្រោយ​នៃ​រឿង​នេះ​ឬ​យ៉ាង​ណា?

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បដិសេធ​ថា លោក​មិន​បាន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង ឬ​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​រឿង​ចេញ​លិខិត​ថ្លែងការណ៍​ពីរ​នេះ​ទេ ប៉ុន្តែ​លោក​អាច​និយាយ​បាន​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រមូល​តាម​បណ្ដា​ខេត្ត ហើយ​ផ្ទៀងផ្ទាត់​ជាមួយ​លទ្ធផល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

លោក​បន្ត​ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កត់​សម្គាល់​ថា​មាន​ករណី​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត ដែល​ពលរដ្ឋ​ទាមទារ​ខ្លាំង​ជាង​គេ​នោះ គឺ​ការ​ដឹក​មនុស្ស​ពី​ក្រៅ​ភូមិ​ឲ្យ​ទៅ​បោះឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត​មាន​ការ​បិទ​ទ្វារ ប្រធាន​ការិយាល័យ​បោះឆ្នោត​ជួយ​គូស​សន្លឹក​ឆ្នោត​ឲ្យ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។