មន្ត្រី​តុលាការ​ខេត្ត​កំពង់ចាម​ចោទ​​មេបក្ស​ប្រឆាំង​ជ្រៀត​ជ្រែក​កិច្ចការ​តុលាការ

0:00 / 0:00

មន្ត្រី​តុលាការ​ខេត្ត​កំពង់ចាម ថា​សកម្មភាព​របស់​លោក សម រង្ស៊ី ដក​បង្គោល​តម្រុយ​ដែល​បោះ​ដោយ​មន្ត្រី​តុលាការ និង​អាជ្ញាធរ​នៅ​ចំណុច​ដី​មាន​ជម្លោះ​ក្នុង​ភូមិ​អង្គរជា ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ គឺ​ជា​រឿង​ជ្រៀតជ្រែក​កិច្ច​របស់​តុលាការ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដក​បង្គោល​តម្រុយ​នោះ កាល​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដោយ​យល់​ថា ករណី​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ទន់ខ្សោយ។

មន្ត្រី​តុលាការ​ខេត្ត​កំពង់ចាម ថា​ពួកគេ​នឹង​ធ្វើ​ការងារ​នេះ​តាម​នីតិវិធី ដោយ​ត្រូវ​ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច​នៅ​ទី​នោះ រៀបចំ​ប្រមូល​ភស្តុតាង​អំពី​សកម្មភាព​លោក សម រង្ស៊ី ដក​បង្គោល​តម្រុយ​កំណត់ដី​ទំនាស់ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម លោក ផាន់ សុភ័ក្ត្រ មាន​ប្រសាសន៍​ថា ជា​ជំហាន​ដំបូង គឺ​រង់ចាំ​ឱ្យ​ខាង​ដើម​បណ្ដឹង​ដែល​ស្នើ​ឱ្យ​បើក​ផ្លូវ​នោះ គាត់​ជា​អ្នក​សម្រេច​ចិត្ត​ជា​មុន​សិន ថា​តើ​ក្នុង​រឿង​នេះ​គាត់​គួរ​ដាក់​ពាក្យ​ប្ដឹង ឬ​យ៉ាង​ណា? បន្ទាប់​មក​ខាង​លោក​នឹង​ឱ្យ​មន្ត្រី​សមត្ថកិច្ច​ប្រមូល​ភស្តុតាង​ដើម្បី​បង្ហាញ​ថា នរណា​ជា​អ្នក​ប្រព្រឹត្ត​ផ្ទាល់ ពីព្រោះ​ខាង​លោក​មិន​បាន​ឃើញ​សកម្មភាព​លោក សម រង្ស៊ី ប្រព្រឹត្ត​នោះ​ទេ។

លោក​បញ្ជាក់​ថា តម្រុយ​នោះ គឺ​បោះ​សំគាល់​ចំណុចដី​ដើម្បីឱ្យ​ពលរដ្ឋ​មួយ​គ្រួសារ​រើ​របង​ផ្ទះ​របស់​ខ្លួន​ចេញ​ដោយ​ខ្លួន​ឯង​ក្នុង​អំឡុង​ពេល ១៥​ថ្ងៃ ហើយ​ករណី​ដក​តម្រុយ​នេះ លោក​ថា ជា​ការ​រំលោភ​កិច្ចការ​តុលាការ៖ «រឿង​ជ្រៀត​ជ្រែក​វា​ជ្រៀត​ជ្រែក​ពេក​ហើយ ព្រោះ​នេះ​ជា​ការងារ​របស់​តុលាការ។តាម​ពិត​គេ​បោះ​តម្រុយ​ដើម្បី​ឱ្យ​ភាគី​នេះ​បើក​ផ្លូវ​តាម​អំណាច​របស់​ដីកា​សម្រេច​រក្សា​ការពារ»

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា មន្ត្រី​តុលាការ​ខេត្ត​កំពង់ចាម ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​លោក ផាន់ សុភ័ក្ត្រ បាន​ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ ដែល​តម្រូវ​ឱ្យ​គ្រួសារ​អ្នកស្រី សាន់ ណាស់ រុះរើ​របង​ផ្ទះ​ចេញ​ដើម្បី​បើក​ផ្លូវ​លើ​ដី​ទំនាស់​នៅ​ចន្លោះ​ផ្ទះ​អ្នកស្រី និង​ផ្ទះ​ពលរដ្ឋ​មួយ​គ្រួសារ​ទៀត​សម្រាប់​ផល​ប្រយោជន៍​ពលរដ្ឋ​ទូទៅ។ ការ​ចុះ​អនុវត្ត​ដីកា​នេះ បន្ទាប់​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​​ស្រឡប់ លោក ស្លេះ ហាន់ណាហ្វី ដាក់​ពាក្យ​ប្ដឹង​គ្រួសារ​អ្នកស្រី សាន់ ណាស់ ថា​បាន​ធ្វើ​របង​ផ្ទះ​រំលោភ​ដី​ផ្លូវ​សាធារណៈ។

ទោះ​យ៉ាង​ណា គ្រួសារ​អ្នកស្រី សាន់ ណាស់ ដែល​ជា​​ស្ត្រី​មេម៉ាយ​បញ្ជាក់​ថា របង​ផ្ទះ​អ្នកស្រី​ធ្វើ​លើ​ដី​របស់​ខ្លួន ហើយ​ចំណុច​ដី​ទំនាស់ គឺ​ពុំ​មែន​ជា​ផ្លូវ​សាធារណៈ​ឡើយ ប៉ុន្តែ​ជា​ផ្លូវ​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ ដោយ​មើល​ឃើញ​ស្ថានភាព​អយុត្តិធម៌​បែប​នេះ ទើប​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​ សម្រេច​ដក​បង្គោល​តម្រុយ​នោះ​បោះ​ចោល​តែម្ដង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ក្រោយ​ពេល​បញ្ចប់​ការ​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​ជន​ជាតិ​ចាម នៅ​ភូមិ​អង្គរជា ក្បែរ​ចំណុច​ដី​មាន​ទំនាស់។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា ដោយ​មើល​ឃើញ​ភាព​អយុត្តិធម៌​កើត​ឡើង​ចំពោះ​ពលរដ្ឋ​ទន់​ខ្សោយ ពលរដ្ឋ​ស្លូតត្រង់ ទើប​លោក​ត្រូវតែ​ឈឺ​ឆ្អាល​ការពារ​ពលរដ្ឋ​រង​គ្រោះ​ទាំង​នោះ៖ «គាត់​មាន​ដី​តែ​ប៉ុណ្ណឹង ក្បាល​ដី​តែ​ប៉ុណ្ណឹង គេ​មាន​បំណង​ពុះ​ដី​គាត់​យក​ទៅ​ធ្វើ​អី​ជា​ផលប្រយោជន៍​ខាង​គេ​នោះ ដោយ​បង្ខំ ដោយ​ប្រើ​អំណាច ដូច្នេះ​វា​អយុត្តិធម៌»

យ៉ាង​ណា​ក៏ដោយ​ចុះ ថ្ងៃ​កំណត់ ១៥​ថ្ងៃ​ដែល​តុលាការ​ទុក​ឱ្យ​គ្រួសារ​អ្នកស្រី សាន់ ណាស់ សម្រាប់​រុះរើ​របង​ផ្ទះ​ដោយ​ខ្លួន​ឯង​នោះ នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ហើយ​ជំហរ​របស់​តុលាការ គឺ​អនុវត្ត​តាម​ផ្លូវច្បាប់​ដដែល។ ប្រសិនបើ​គ្រួសារ​អ្នកស្រី សាន់ ណាស់ មិន​ព្រម​រើ​របង​ដោយ​ខ្លួនឯង​តាម​ការ​កំណត់​ទេ គឺ​ពួកគេ​នឹង​អាច​ពាក់ព័ន្ធ​រឿង​ព្រហ្មទណ្ឌ រឿង​រំលោភ​ដីកា​សម្រេច​រក្សា​ការពារ​របស់​តុលាការ​ទៀត​ផង។

ជាមួយ​គ្នា​នេះ លោក សម រង្ស៊ី ថា​ករណី​នេះ កំពុងតែ​ផ្អើល​ហើយ ចំណែក​លោក​នឹង​តាម​ដាន​លើ​រឿង​នេះ​ត​ទៅ​ទៀត ដោយ​លោក​បញ្ជាក់​ថា មនុស្ស​អាក្រក់​មិន​អាច​ធ្វើ​អំពើ​អាក្រក់​របស់​ខ្លួន​បាន​ទៀត​ទេ ប្រសិន​បើ​យើង​លាត​ត្រដាង​អំពើ​អាក្រក់​របស់​គេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។