ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រតិកម្មទៅនឹងការដាក់ទោសលោក ហុង សុខហួរ ឲ្យជាប់ពន្ធនាគារ ៧ឆ្នាំ ថាកើតមកដោយសាររដ្ឋាភិបាលកំពុងភ័យខ្លាចចាញ់ឆ្នោតគណបក្សសង្គ្រោះជាតិ។ អ្នកនាំពាក្យគណបក្សកាន់អំណាចថា គណបក្សសង្គ្រោះជាតិ ទៅវិញទេដែលកំពុងខ្លាចគណបក្សប្រជាជន។
មួយថ្ងៃបន្ទាប់ពីតុលាការកាត់ក្ដីឲ្យសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ ជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានប្រតិកម្មនឹងសាលក្រមនេះថា ការកាត់ទោសនេះ គឺជារឿងអយុត្តិធម៌ធ្ងន់ធ្ងរ។
លោកថា គណបក្សកាន់អំណាចបានប្រើឥទ្ធិពលរបស់ខ្លួនទៅលើតុលាការដើម្បីព្យាយាមបំបិទមាត់គណបក្សប្រឆាំង៖ «លោក ហុង សុខហួរ ដឹងរឿងបច្ចេកទេសច្រើន។ គាត់ជាអ្នកជំនាញព្រំដែន និងផែនទី ដូចនេះគេចង់បំបិទមាត់។ គេចង់ចងដៃចងជើងកុំឲ្យអ្នកចេះអាចធ្វើការបង្ហាញការពិត»។
លោក សម រង្ស៊ី បន្តទៀតថា មូលហេតុដែលធ្វើឲ្យរដ្ឋាភិបាលប្រតិកម្មខ្លាំងបែបនេះទៅលើករណីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី គឺដោយសារគណបក្សកាន់អំណាចកំពុងភ័យខ្លាចចាញ់ឆ្នោតគណបក្សសង្គ្រោះជាតិ នៅអាណត្តិក្រោយ៖ «ខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន កំពុងតែស្លន់ស្លោដឹងថា បោះឆ្នោតនេះគឺចាញ់។ គាត់អត់មានមធ្យោបាយណាក្រៅពីសម្លុត និងចាប់គេឯងដើម្បីបំភិតបំភ័យប្រជារាស្ត្រ»។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ឲ្យដឹងថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺជារឿងធម្មតាទេរបស់អ្នកដែលធ្វើខុស តែមិនព្រមទទួលខុសបែរទៅជាបន្ទោសអ្នកដទៃ ហើយស្រែកថា អយុត្តិធម៌។ លោកបន្តទៅដៀលចរិតរបស់លោក សម រង្ស៊ី ថា មិនមានការទទួលខុសត្រូវស្រដៀងទៅនឹងឪពុករបស់លោក គឺលោក សម សារី។
លោក សុខ ឥសាន៖ «សម រង្ស៊ី មិនខុសពីឪពុកគាត់ទេ។ សម សារី ជំនាន់ព្រះករុណា អុកឡុកសំបើមណាស់។ ខ្ញុំចងចាំជានិច្ច ជំនាន់ព្រះករុណាសម្ដេច សីហនុ ទ្រង់បានកំណត់ចាត់ទុក សម សារី ជាជនក្បត់ជាតិ។ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់»។
បន្ថែមពីលើនេះលោក សុខ ឥសាន បដិសេធនូវការលើកឡើងថា គណបក្សប្រជាជនកម្ពុជា កំពុងភ័យខ្លាចចាញ់ឆ្នោតគណបក្សសង្គ្រោះជាតិ។ លោកថា គណបក្សសង្គ្រោះជាតិ ទៅវិញទេ ដែលកំពុងខ្លាចគណបក្សប្រជាជនកម្ពុជា៖ «ចង់បញ្ចប់ជីវិតនយោបាយរបស់គណបក្សប្រជាជន តាមរយៈខ្លឹមសារដែលថា រលាយខ្សែបន្ទាត់ព្រំដែនធ្វើឲ្យប្រជាជនចងកំហឹងគណបក្សប្រជាជនខ្លាំងណាស់។ ហ្នឹងហើយគាត់ខ្លាចចាញ់ឆ្នោតគាត់ធ្វើអ៊ីចឹង»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី ហៅការដាក់ទោសជាប់ពន្ធនាគារ ៧ឆ្នាំរបស់លោក ហុង សុខហួរ ថាជាការប្រតិកម្មជ្រុលរបស់រដ្ឋាភិបាល។ លោកបន្តថា រឿងព្រំដែន និងរឿងជនអន្តោប្រវេសន្តវៀតណាម ជារឿងរសើបមួយដែលរដ្ឋាភិបាលតែងតែប្រតិកម្មយ៉ាងអវិជ្ជមាន មិនថាមន្ត្រីបក្សប្រឆាំងជាអ្នកលើករឿងនេះឡើង ឬសង្គមស៊ីវិល៖ «ខ្មែរត្រូវគិតថា បើការជជែកវែកញែកដើម្បីប្រយោជន៍ជាតិ យើងគួរតែអនុគ្រោះទៅ កុំឲ្យមានការចោទប្រកាន់រហូតទៅដល់ក្បត់ជាតិ។ បើយើងមើលទោសហ្នឹងទៀត ឧទាហរណ៍ថា លោក ហុង សុខហួរ ឬលោក អ៊ុំ សំអាន ខុសមែនចុះ វាមិនមានរឿងអីត្រូវដាក់ទោសរហូតដល់ ៧-៨ឆ្នាំនោះទេ។ ប្រទេសដទៃគេនឹងគិតថា ការទាមទារនេះក៏ដើម្បីប្រយោជន៍ជាតិដែរ មិនមែនទាមទារឲ្យវៀតណាម ទាមទារឲ្យថៃ ឯណា។ ទោសទណ្ឌអាចមកនៅត្រឹមសុំទោសជាសាធារណៈ»។
លោក មាស នី សំណូមពរឲ្យរដ្ឋាភិបាល ជជែកពិភាក្សា បើកទូលាយពីបញ្ហាព្រំដែនជាមួយបក្សប្រឆាំង ឬសង្គមស៊ីវិល ដែលសុទ្ធតែចង់ការពារបូរណភាពទឹកដីកម្ពុជា ដូចគ្នា ជាជាងការចោទប្រកាន់គ្នាទៅវិញទៅមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
