ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ជួប​អ្នកគាំទ្រ​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ

ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មីនា បាន​ចុះ​ជួប​សកម្មជន​បក្ស​ឃុំ និង​សកម្មជន​បក្ស​ស្រុក​​ត្រាំកក់ នៅ​ខេត្ត​តាកែវ ជិត ៥០០​នាក់។

មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​តាកែវ ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ណុប សុវណ្ណ ឲ្យ​ដឹង​ក្រោយ​ពេល​កិច្ច​ប្រជុំ​ចប់​ថា លោក សម រង្ស៊ី ដែល​ចុះ​មក​ជួប​សកម្មជន​ស្រុក​ត្រាំកក់ រយៈពេល​មួយ​ព្រឹក​នេះ គឺ​ដើម្បី​ពង្រឹង​ការងារ​បក្ស​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ៖ «ចំណុច​សំខាន់​ដែល​សារ​ទី​១ (លោក សម រង្ស៊ី) គឺ​សុំ​ឲ្យ​រចនា​សម្ព័ន្ធ​នៅ​តាម​មូលដ្ឋាន​ថ្នាក់​ដឹកនាំ​ទាំង​អស់​មាន​ការ​រួប​រួម​គ្នា ហើយ​បង្ហាញពី​​ការ​រួប​រួម​គ្នា​នៅ​តែ​រឹងមាំ​ដដែល។ ចំណុច​ទី​២​ គាត់​បាន​ពង្រឹង​និង​ផ្ដែផ្ដាំ​ទៅ​រចនាសម្ព័ន្ធ​ថ្នាក់​ក្រោម ទាំង​ថ្នាក់​ខេត្ត ថ្នាក់​ឃុំ ថ្នាក់​ភូមិ​ហ្នឹង សុំ​ឲ្យ​រៀបចំ​ឲ្យ​បាន​រឹងមាំ​ដើម្បី​ឈាន​យក​ជ័យជំនះ​ថ្ងៃ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ -​២០១៨ នេះ។ ចំណុច​ទី​៣ គឺ​គាត់​បាន​ជម្រាប​​បង្ហាញ​លទ្ធផល​នៃ​ការ​ចរចា​សេចក្ដី​ព្រាង​ច្បាប់ គ.ជ.ប ថ្មី ដែល​យើង​អនុម័ត​នៅ​ពេល​ខាង​មុខ​នេះ»

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​តាកែវ បាន​ឈ្នះ ៤​កៅអី ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កន្លង​ទៅ ខណៈ​គណបក្ស​ប្រជាជន​ដែល​ជា​គូ​ប្រកួតប្រជែង​ទទួល​បាន ៤​កៅអី​ដូចគ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។