បក្ស​ប្រជាជន​មិន​បារម្ភ​ពី​វត្តមាន​លោក សម រង្ស៊ី នៅ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​បរទេស​ថា ការ​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​របស់​លោក សម រង្ស៉ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​ជា​ការ​គំរាម​កំហែង ឬ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ឡើយ។

0:00 / 0:00

0:00 / 0:00

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ទៀត​ថា លោក សម រង្ស៉ី អាច​ចូល​ស្រុក​បាន ក៏​ដោយសារតែ​មាន​ការ​ប្រោសប្រណី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ។

ប្រជាពលរដ្ឋ​កម្ពុជា បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ចំពោះ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៉ី កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ២០១៣។ ពលរដ្ឋ​ដែល​គោរព​ស្រឡាញ់​លោក សម រង្ស៉ី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ចាត់​ទុក​ថា ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៉ី នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​នេះ គឺ​ជា​កម្លាំង​ចលករ​ដែល​នឹង​ជួយ​រុញ​ច្រាន​នាវា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​ប្រជាប្រិយភាព​លឿន​រហ័ស​នោះ ឲ្យ​រឹតតែ​បង្កើន​ល្បឿន​លឿន​លយ​ទៅ​មុខ​បន្ថែម​ទៀត​ដើម្បី​ប្រកួត​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ កក្កដា ២០១៣។ សម្រាប់​ពួក​អ្នក​ប្រឆាំង វត្ត​មាន​របស់​លោក សម រង្ស៉ី គឺ​ជា​ការ​ផ្ដល់​នូវ​សន្ទុះ​ទឹក​ចិត្ត​សម្រាប់​ពួកគេ​ឲ្យ​ចូល​រួម​កាន់​តែ​សកម្ម​ជាមួយ​នាវា​សង្គ្រោះ​ជាតិ។

ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​យល់​ឃើញ​ថា ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ​របស់​លោក សម រង្ស៉ី មិន​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ព្រួយ​បារម្ភ​នោះ​ទេ។

លោក ជាម យៀប សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ស៊ិនហួ (Xinhua) របស់​ចិន ថា គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​គ្មាន​ការ​ភ្ញាក់​ផ្អើល ​ព្រួយបារម្ភ ​ឬ​ភ័យ​ខ្លាច​ចំពោះ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៉ី ឡើយ។

លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់​ផ្ដើម​កសាង​ប្រទេស​កម្ពុជា ដោយ​បាតដៃ​ទទេ​អស់​រយៈពេល ៣៤​ឆ្នាំ​មក​ហើយ ហើយ​គណបក្ស​របស់​លោក​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា យ៉ាង​ច្រើន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​កាល​ពី​អាណត្តិ​មុន ​គឺ​ទទួល​បាន​ដល់ ៩០​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ១២៣។

លោក​បន្ថែម​ថា ​សព្វថ្ងៃ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​សមាជិក​សរុប​នៅ​ទូទាំង​ប្រទេស​ប្រមាណ​ជា ៥,៧​លាន​នាក់ ហើយ​តាម​រយៈ​នេះ លោក​សង្ឃឹម​ថា គណបក្ស​របស់​លោក​នឹង​ឈ្នះ​យ៉ាង​តិច​បំផុត ២ ភាគ ៣​ នៃ​អាសនៈ​សរុប​ក្នុង​រដ្ឋ​សភា​សម្រាប់​ការ​បោះឆ្នោត​ក្នុង​នីតិកាល​ទី​៥​នេះ។

លោក ឈាង វុន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​និយាយ​ប្រាប់​បណ្ដាញ​សារព័ត៌មាន ស៊ិនហួ ដដែល​ថា វត្តមាន​របស់​លោក សម រង្ស៉ី ​នៅ​កម្ពុជា មិន​បាន​គំរាម​កំហែង ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ លោក​បន្ត​ថា ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៉ី មិន​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ព្រួយ​បារម្ភ ​នោះ​ទេ លោក​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ព្រួយ​បារម្ភ​ពី​វត្តមាន​របស់​លោក សម រង្ស៉ី មែន ម្ល៉េះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ស្នើ​សុំ​ព្រះមហាក្សត្រ ឲ្យ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៉ី​ នោះ​ទេ។

ចំណែក​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ បាន​និយាយ​ប្រាប់ ស៊ិនហួ ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស​សម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​ជា​ច្រើន ហើយ​តាម​រយៈ​សមិទ្ធផល​ទាំង​អស់​នេះ​ហើយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន។

ដូច​ទៅ​នឹង​លោក ឈាង វុន លោក ផៃ ស៊ីផាន និយាយ​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទេ ហើយ​ថា​លោក សម រង្ស៉ី អាច​ចូល​ស្រុក​បាន​ក៏​ដោយសារ​តែ​គោល​នយោបាយ​បង្រួប​បង្រួម និង​ផ្សះផ្សា​ជាតិ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​ជាមួយ​ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៣ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សុំ​ព្រះ​មហាក្សត្រ​ឲ្យ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៉ី ក៏​ដោយសារ​តែ​លោក ហ៊ុន សែន ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម ​និង​ឯកភាព​ជាតិ ហើយ​លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ទទួល​ការ​ចង្អុល​បង្ហាញ​របស់​បរទេស​ឲ្យ​កម្ពុជា បង្រួបបង្រួម​គ្នា​នោះ​ទេ តែ​កម្ពុជា​ខ្លួន​ឯង​បាន​អនុវត្ត​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​កាល​ពី​ពេល​កន្លង​មក។

តែ​ទោះ​បី​យ៉ាង​ក្ដី មាន​មតិ​ខ្លះ​យល់​ថា លោក សម រង្ស៉ី អាច​វិល​ត្រឡប់​ចូល​កម្ពុជា វិញ​បាន នៅ​ពេល​នេះ ​ក៏​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​រង​នូវ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ជា​ពិសេស​ពី​សហរដ្ឋ​អាមេរិក។

មុន​ការ​មក​ដល់​កម្ពុជា របស់​លោក សម រង្ស៉ី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា អនុញ្ញាត​ឲ្យ​លោក សម រង្ស៉ី បាន​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ឬ​ដោយ​គ្មាន​ការ​ចាប់​ដាក់​គុក​ជាដើម។ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៀតសោត សមាជិក​សភា​សហរដ្ឋអាមេរិក ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិកាំង​កាត់​ជំនួយ​មក​កម្ពុជា ប្រសិន​បើ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​មិន​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​និង​យុត្តិធម៌។

បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​មិន​ចាប់​អារម្មណ៍​ផ្សាយ​រឿង​លោក សម រង្ស៊ី ចូល​ស្រុក

ថ្វី​ត្បិតតែ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី បាន​អង្រួន​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើ​តែ​ទូទាំង​ប្រទេស​កម្ពុជា យ៉ាង​ណា​ក៏ដោយ ក៏​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ក្នុង​ស្រុក ហាក់​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ឡើយ។

ការ​មិន​ចាប់​អារម្មណ៍​នេះ ធ្វើ​ឱ្យ​​មាន​ការ​ងឿង​ឆ្ងល់​ពី​សំណាក់​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​សង្គម​ដែល​នាំ​ឱ្យ​គេ​គិត​ថា ដូច​ជា​មាន​ភាព​អាថ៌កំបាំង​អ្វី​ម្យ៉ាង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សូត សុខប្រាថ្នា អំពី​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។