ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានដាក់លិខិតស្នើសុំឲ្យប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យចាត់វិធានការរក្សាទុកកញ្ចប់សុវត្ថិភាព «ក» នៅទីកន្លែងមានសុវត្ថិភាពខ្ពស់បំផុត ចៀសវាងការលួចក្លែងបន្លំ ឬកែទិន្នន័យនៃឯកសារដើម។ កញ្ចប់សុវត្ថិភាព «ក» ជាឯកសារភស្តុតាងដើម សម្រាប់ធ្វើជាមូលដ្ឋានក្នុងការត្រួតពិនិត្យ និងផ្ទៀតផ្ទាត់លទ្ធផលបោះឆ្នោត។
មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា គ.ជ.ប បានចាត់វិធានការថែរក្សាទុកកញ្ចប់សុវត្ថិភាព «ក» បានយ៉ាងល្អនៅក្នុងទីតាំងរបស់ គ.ជ.ប ប្រកបដោយសុវត្ថិភាព។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ឲ្យដឹងថា គ.ជ.ប បានប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃទី២២ ខែសីហា ពិនិត្យមើលលិខិតស្នើសុំរបស់លោក សម រង្ស៊ី។
លោក ទេព នីថា បញ្ជាក់ថា ការថែរក្សាទុកកញ្ចប់សុវត្ថិភាព «ក» ឬឯកសារផ្សេងៗពាក់ព័ន្ធនឹងការបោះឆ្នោតជាភារៈរបស់ គ.ជ.ប ហើយ គ.ជ.ប តែងអនុវត្តជាប្រចាំរាល់ពេលបោះឆ្នោត។ យ៉ាងណា គ.ជ.ប បានឆ្លើយតបលិខិតផ្លូវការទៅលោក សម រង្ស៊ី វិញ ដោយបញ្ជាក់ពីការថែរក្សាកញ្ចប់សុវត្ថិភាពទាំងនោះ យ៉ាងល្អប្រសើរ និងមានការឃ្លាំមើលពីមន្រ្តី គ.ជ.ប ថែមទៀត។
លោក ទេព នីថា៖ «តាមពិតទៅជាការងារដែល គ.ជ.ប ធ្វើជាប្រចាំរាល់ពេលបោះឆ្នោត ហើយព្រឹកមិញនេះ គ.ជ.ប ពិនិត្យលិខិត ហើយបានធ្វើលិខិតឆ្លើយតបវិញថា យើងបានចាត់ការថែរក្សាការងារសម្ភារៈទាំងអស់នេះតាំងពីមុនមកបានល្អហើយ។ ព្រឹកមិញនេះសមាជិក គ.ជ.ប ក៏បានទៅមើលកន្លែងថែរក្សាទុកកញ្ចប់សុវត្ថិភាពដែរ»។
លោក សម រង្ស៊ី ដាក់លិខិតមួយទៅលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប កាលពីថ្ងៃទី២១ ខែសីហា ដោយស្នើសុំឲ្យចាត់វិធានការរក្សាទុកកញ្ចប់សុវត្ថិភាព «ក» នៅកន្លែងមានសុវត្ថិភាពដែលមានសុវត្ថិភាពខ្ពស់បំផុតជៀសវាងការលួចក្លែងបន្លំ ឬកែទិន្នន័យនៃឯកសារដើមដែលមាននៅក្នុងកញ្ចប់នោះ។ លោកស្នើសុំឲ្យ គ.ជ.ប ត្រូវបង្ហាញនូវកន្លែងទុកកញ្ចប់សុវត្ថិភាព «ក» និងត្រូវបិទតែមពីក្រៅបន្ទប់រក្សាទុកនោះ ដល់គ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអង្គការសង្កេតការណ៍ជាតិ អន្តរជាតិដើម្បីចូលរួមតាមដាន និងធានាអំពីតម្លាភាព និងការទទួលខុសត្រូវរបស់ គ.ជ.ប។
យ៉ាងណាក៏ដោយ លោក ទេព នីថា បញ្ជាក់ថា សំណើសុំឲ្យអង្គការសង្គមស៊ីវិលនិងគណបក្សនយោបាយទៅពិនិត្យទីតាំងទុកដាក់កញ្ចប់សុវត្ថិភាពនោះ មិនទាន់សម្រេចនៅឡើយទេ គឺត្រូវរង់ចាំការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាមុនសិន៖ «វាមិនមែនរាល់អ្វីទាំងអស់សុទ្ធតែធ្វើទាំងអស់ទេ វាទាក់ទងនឹងសមត្ថកិច្ចវាទាក់ទងនឹងការស្នើសុំស្អីផ្សេងៗក្នុងករណីបណ្តឹង។ យើងដោះស្រាយបណ្តឹងករណីស្នើសុំយើងដោះស្រាយតាមការស្នើសុំ»។
កាលពីថ្ងៃទី២០ ខែសីហា ក្រុមប្រឹក្សាធម្មនុញ្ញបានប្រជុំបិទទ្វារនិងសម្រេចទាត់ចោលបណ្ដឹងចំនួន ២ របស់គណបក្សសង្គ្រោះជាតិ ដែលប្ដឹងសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញបដិសេធសេចក្ដីសម្រេចរបស់ គ.ជ.ប។
ក្រុមប្រឹក្សាធម្មនុញ្ញកំពុងដោះស្រាយបណ្ដឹងចំនួន ១៩ ក្នុងនោះមានបណ្ដឹងបដិសេធលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតចំនួន ៩ ពាក្យបណ្ដឹង។
លោក សម រង្ស៊ី បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា គណបក្សសង្គ្រោះជាតិកំពុងបន្តនីតីវិធីប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ដែល គ.ជ.ប បានបដិសេធទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញកំពុងធ្វើការពិនិត្យលើពាក្យបណ្តឹង ហើយអាចធ្វើសេចក្តីសម្រេចឲ្យ គ.ជ.ប ធ្វើការពិនិត្យនិងផ្ទៀតផ្ទាត់រាល់ឯកសារពាក់ព័ន្ធនៅក្នុងកញ្ចប់សុវត្ថិភាព «ក» តាមពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិនៅពេលខាងមុខ។
ពេលវេលាដោះស្រាយចុងក្រោយរបស់ក្រុមប្រឹក្សាធម្មនុញ្ញទាក់ទងជាមួយពាក្យបណ្តឹងការបោះឆ្នោត គឺនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣។
កញ្ចប់សុវត្ថិភាព «ក» ជាកញ្ចប់ដែលដាក់ឯកសារដើមជាច្រើនមកពីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត រួមមានទម្រង់បែបបទលេខ ១១០១, ១១០២ និង ១១០៨ បញ្ជីបោះឆ្នោតដែលត្រូវបានប្រើក្នុងថ្ងៃបោះឆ្នោត ត្រាសម្ងាត់ សន្លឹកឆ្នោតខូច សន្លឹកឆ្នោតមិនបានប្រើ និងគល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើសន្លឹកឆ្នោតបានការ សន្លឹកឆ្នោតមិនបានការ និងផ្ទាំងក្រដាសធំសម្រាប់កត់ត្រាសំឡេងឆ្នោតជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។