អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍នៅថ្ងៃ៩ កុម្ភៈ ថា លោក សម រង្ស៊ី បានធ្វើដំណើរនៅតាមបណ្ដាប្រទេសជាច្រើននៅទ្វីបអឺរ៉ុប ហើយលោកក៏បានធ្វើដំណើរនៅកាន់ប្រទេសកូរ៉េខាងត្បូងតបតាមការស្នើសុំរបស់ពលករខ្មែរដែលធ្វើការនៅទីនោះរាប់ពាន់នាក់ និងបានជួបមន្ត្រីអង្គការសិទ្ធិមនុស្ស និងថ្នាក់ដឹកនាំគណបក្សនយោបាយកូរ៉េខាងត្បូងមួយចំនួន ដើម្បីជម្រាបពីស្ថានភាពសិទ្ធិមនុស្ស ពីស្ថានការណ៍ និងដំណោះស្រាយនយោបាយកម្ពុជា។
លោក យឹម សុវណ្ណ៖ «ការដែលគាត់ទៅអឺរ៉ុប គាត់ទៅជម្រាបខាងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អំពីសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ គាត់ទៅអឺរ៉ុប គឺជំរុញញត្តិដែលដាក់ចេញដោយសភាអឺរ៉ុបហ្នឹងទៅអនុវត្តឲ្យមានប្រសិទ្ធភាព ហើយគាត់មកកូរ៉េ គាត់ប្រាប់សិទ្ធិមនុស្សកូរ៉េ ពីស្ថានភាពសិទ្ធិមនុស្ស និងជម្រាបពីស្ថានការណ៍នយោបាយ និងដំណោះស្រាយឲ្យពលករខ្មែរធ្វើការនៅកូរ៉េ ប៉ុន្មានពាន់នាក់»។
លោក សម រង្ស៊ី បានចាកចេញពីកម្ពុជា ទៅកាន់ទ្វីបអឺរ៉ុប កាលពីថ្ងៃទី២៣ មករា ដើម្បីស្វែងរកការគាំទ្របន្ថែមពីសហគមន៍អន្តរជាតិ ដែលលោកធ្លាប់អះអាងថា កំពុងតែដាក់សម្ពាធទៅលើប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន។
មេដឹកនាំគណបក្សប្រឆាំងរូបនេះ ធ្លាប់ប្រាប់ថា នឹងធ្វើបាតុកម្មជាបន្តទៀតមិនរាថយឡើយ ត្បិតមានការបង្ក្រាបពីកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែគណបក្សនេះកំពុងស្វែងរកការដាក់សម្ពាធបន្ថែមទៀតពីសហគមន៍អន្តរជាតិទៅលើរដ្ឋាភិបាល ដើម្បីធានាកុំឲ្យមានការបង្ក្រាបដោយហិង្សាទៅលើបាតុករ។
មកទល់ពេលនេះ គណបក្សសង្គ្រោះជាតិមិនទាន់យល់ព្រមបញ្ជូនសមាជិកសភាជាប់ឆ្នោតរបស់ខ្លួនទៅចូលប្រជុំឡើយ ដោយគណបក្សចាត់ទុកថា លទ្ធផលការបោះឆ្នោតថ្ងៃទី២៨ កក្កដា កន្លងទៅ មានភាពមិនត្រឹមត្រូវ ហើយទាមទារឲ្យពិនិត្យលទ្ធផលនោះឡើងវិញ ឬសុំឲ្យរៀបចំការបោះឆ្នោតជាថ្មីម្តងទៀតមុនអាណត្តិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
