លោក សម រង្ស៊ី ប្រកាស​មក​កម្ពុជា​វិញ​មុន​ថ្ងៃ​បោះ​ឆ្នោត

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ថា លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ មុន​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ក្នុង​ឆ្នាំ​២០១៣ នេះ។

ចំពោះ​សំណួរ​ថា តើ​លោក សម​ រង្ស៊ី នឹង​មក​នៅ​ថ្ងៃ​ណា​ជាក់​លាក់? មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​សុំ​មិន​ទាន់​បញ្ចេញ​អំពី​ពេល​វេលា​ពិត​ប្រាកដ​ទេ​ក្នុង​ពេល​នេះ ​ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក សម រង្ស៊ី ពិត​ជា​មក​កាន់​កម្ពុជា មុន​ថ្ងៃ​បោះ​ឆ្នោត។

ទាក់​ទង​នឹង​គម្រោង​វិល​ចូល​ស្រុក​របស់​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ​ទី​ភ្នាក់ងារ​ព័ត៌មាន អា.អេហ្វ.ប៉េ (AFP) កាល​ពី​ថ្ងៃ​អាទិត្យ ទី​៧ កក្កដា ដក​ស្រង់​សំដី​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ថ្លែង​ថា នឹង​រង់​ចាំ​មើល​ ថា​តើ​លោក សម រង្ស៊ី ​នឹង​ចូល​មក​មែន​ទេ។

ចំពោះ​សំណួរ​ថា តើ​លោក សម រង្ស៊ី នឹង​ត្រូវ​ចាប់​ខ្លួន​ឬ​ទេ​នៅ​ពេល​លោក​មក​ដល់​កម្ពុជា វិញ​នោះ? លោក ខៀវ កាញារីទ្ធ ថ្លែង​ប្រាប់ អា.អេហ្វ.ប៉េ ថា​គប្បី​ទៅ​សួរ​តុលាការ។

ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បញ្ជាក់​ទៀត​ថា ទោះ​ជា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ក្តី ក៏​លោក សម រង្ស៊ី នៅ​តែ​វិល​ចូល​ស្រុក​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​យ៉ាង​ប្រាកដ ឥត​មាន​ការ​កែ​ប្រែ​ឡើយ៖ «អា​ហ្នឹង​គាត់​ធ្វើ គាត់​ចាប់​ខ្លួន អា​ហ្នឹង​ជា​វិធានការ​របស់​រដ្ឋាភិបាល ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក៏​មាន​មធ្យោបាយ​ដើម្បី​ការពារ​ឯកឧត្ដម ប្រធាន សម រង្ស៊ី មិន​ឱ្យ​អ្នក​ណា​ប៉ះ​ពាល់​គាត់​បាន​ដែរ។ ខ្ញុំ​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទេ ព្រោះ​មាន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​រាប់​សែន​នាក់ កំពុង​ត្រៀម​ខ្លួន​ចាំ​ការពារ​យុត្តិធម៌​ជូន​គាត់ ព្រោះ​ករណី​គាត់ គឺ​ជា​ករណី​នយោបាយ គឺ​គណបក្ស​កាន់​អំណាច​គេ​ចោទ​ប្រកាន់​គាត់​ដោយ​ខុស​ច្បាប់ ដោយ​គ្មាន​ភស្តុតាង ហើយ​ម៉្យាង​ទៀត ទង្វើ​របស់​គាត់ ​គឺ​ជា​ទង្វើ​វីរជន​ស្នេហា​ជាតិ ​ការពារ​ទឹក​ដី ការពារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។ ដូច្នេះ​គេ​ទាំង​អស់​គ្នា​ចាត់​ទុក​ឯកឧត្ដម​ប្រធាន សម រង្ស៊ី ជា​មនុស្ស​ស្លូត​ត្រង់ ​គ្មាន​ទោស ជា​ជន​ស្នេហា​ជាតិ ជា​វីរជន​នៃ​ប្រជាពលរដ្ឋ​ខ្មែរ»

លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង ​កាល​ពី​ឆ្នាំ​២០០៩។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ លោក​ធ្លាប់​បាន​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សា​ថា នឹង​វិល​ចូល​ស្រុក​វិញ ប៉ុន្តែ​មិន​ដែល​បាន​មក​កាន់​ប្រទេស​កម្ពុជា តាម​ការ​ប្រកាស​នោះ​ឡើយ។

ប្រសិន​ជា​លោក​វិល​ចូល​ស្រុក​វិញ​មែន​នោះ​ លោក សម រង្ស៊ី នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ បន្ទាប់​ពី​តុលាការ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ ក្រោម​បទ​ចោទ​ជា​ច្រើន​ករណី រួម​មាន​ការ​ផ្សាយ​ផែនទី​មិន​ពិត អំពី​ព្រំដែន​កម្ពុជា ជា​មួយ​វៀតណាម ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។