គម្រោងត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជា ធ្វើឡើងចំពេលដែលព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងបើកសវនាការនៅថ្ងៃអង្គារ ទី៩ កក្កដា ដើម្បីស្ដាប់របាយការណ៍ពីមន្ត្រីសិទ្ធិមនុស្សអន្តរជាតិ និងពលរដ្ឋខ្មែរអាមេរិកាំង ស្ដីពីការកើនឡើងនៃវិបត្តិសង្គម និងនយោបាយនៅកម្ពុជា និងការរៀបចំការបោះឆ្នោត។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ កាលពីថ្ងៃច័ន្ទ ទី៨ កក្កដា បានព្រមានចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនបើលោកវិលត្រឡប់មកកម្ពុជា វិញ។ លោកបន្តថា សមត្ថកិច្ចទទួលបានដីកាចាប់ខ្លួនរបស់តុលាការហើយ រង់ចាំតែលោក សម រង្ស៊ី មានវត្តមាននៅកម្ពុជាតែប៉ុណ្ណោះ៖ «ក្នុងនាមជាស្ថាប័ននគរបាលដែលជាស្ថាប័នអនុវត្តច្បាប់ យើងគ្មានជម្រើសអ្វីក្រៅពីអនុវត្តច្បាប់ទេ»។
ក្រសួងមហាផ្ទៃ ក៏បានផ្សព្វផ្សាយព័ត៌មាននៃការចាប់ខ្លួនលោក សម រង្ស៊ី នៅលើគេហទំព័ររបស់ក្រសួងមហាផ្ទៃដែរ។ ក្រសួងចាត់ទុកថា ការគេចចេញក្រៅប្រទេស របស់លោក សម រង្ស៊ី ជាការគេចចេញពីបទព្រហ្មទណ្ឌ។
គម្រោងចាប់ខ្លួនលោក សម រង្ស៊ី ធ្វើឡើងមួយថ្ងៃក្រោយពេលលោក សម រង្ស៊ី ប្រកាសជាសាធារណៈតាមប្រព័ន្ធសង្គមហ្វេសប៊ុក (Facebook) ថា នឹងត្រឡប់មកកម្ពុជាវិញ ទោះបីលោកត្រូវជាប់ពន្ធនាគារក៏ដោយ។ តុលាការរដ្ឋាភិបាលទីក្រុងភ្នំពេញ បានកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារប្រមាណ ១២ឆ្នាំ ពីបទបរិហារកេរ្តិ៍ និងក្លែងបន្លំឯកសារ។
លោក សម រង្ស៊ី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ពីប្រទេសបារាំង ថា លោកនឹងធ្វើដំណើរតាមយន្តហោះទៅប្រទេសកម្ពុជា នៅមុនពេលបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ប៉ុន្តែលោកមិនបានបញ្ជាក់ពេលវេលាច្បាស់លាស់ឡើយ។
លោកថា ការកាត់ទោសរបស់លោកជាការកាត់ទោសនយោបាយ ដូច្នោះលោកគ្មានទោសអ្វីឡើយ។ លោកអះអាងថា លោកនឹងស៊ូស្លាប់៖ «រឿងនេះជារឿងនយោបាយខ្ពង់ខ្ពស់ ថ្នាក់អន្តរជាតិ ហើយមានសហគមន៍ អន្តរជាតិទាំងមូលក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
លោក សម រង្ស៊ី កាលពីថ្ងៃទី១៣ ខែមិថុនា ក៏បានសរសេរលិខិតមួយថ្វាយទៅព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ដើម្បីទ្រង់ព្រះមេត្តាលើកលែងទោសពីការផ្ដន្ទាទោសរបស់តុលាការ ដើម្បីអនុញ្ញាតឲ្យលោកអាចទៅបម្រើប្រទេសជាតិ និងពលរដ្ឋខ្មែរ។ គម្រោងរបស់លោក សម រង្ស៊ី ធ្វើឡើងនៅពេលដែលគណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងបើកសវនាការនៅថ្ងៃអង្គារ ទី៩ កក្កដា នេះ ដើម្បីស្ដាប់របាយការណ៍ពីមន្ត្រីសិទ្ធិមនុស្សអន្តរជាតិ និងខ្មែរអាមេរិកាំង ស្ដីពីការកើនឡើងនៃវិបត្តិសង្គម និងនយោបាយនៅកម្ពុជា។
សវនាការនេះនឹងក៏ពិនិត្យពីស្ថានភាពអន់ថយនៃសិទ្ធិមនុស្ស និងកិច្ចការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា។
លោក ប្រ៊ែត អាដាម (Brad Adams) នាយកប្រតិបត្តិតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ដែលទើបតែជួបនឹងសមាជិកព្រឹទ្ធសភាអាមេរិក បានព្រមានថា ការមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោត និងការមិនបានរៀបចំការបោះឆ្នោតបានត្រឹមត្រូវ និងយុត្តិធម៌ បណ្ដាលឲ្យព្រឹទ្ធសភាអាមេរិក សហរដ្ឋអាមេរិក មួយចំនួនមិនសប្បាយចិត្តចំពោះរដ្ឋាភិបាលទីក្រុងភ្នំពេញ ហើយពួកគេនឹងជំរុញឲ្យរដ្ឋាភិបាលអាមេរិក កាត់ជំនួយដែលមិនមែនជាជំនួយមនុស្សទៅរដ្ឋាភិបាលកម្ពុជា។
លោក ប្រ៊ែត អាដាម បន្តទៀតថា លទ្ធផលបោះឆ្នោតនៅកម្ពុជា មិនអាចទទួលយកបានទេ ប្រសិនបើគ្មានវត្តមានរបស់លោក សម រង្ស៊ី៖ «ក្នុងដំណើរទស្សនកិច្ចរបស់ប្រជាធិបតេយ្យសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា កន្លងទៅនេះ លោកសំដែងក្ដីអស់សង្ឃឹមជាខ្លាំង ឬអាចថា រន្ធត់ជាខ្លាំងចំពោះទង្វើដ៏អាក្រក់របស់រដ្ឋាភិបាល។ ពួកគេចាត់ទុកថា កម្ពុជាកំពុងដើរលើផ្លូវខុស។ ដូច្នោះហើយ កម្ពុជានឹងទទួលនូវទណ្ឌកម្ម ប្រសិនបើការរៀបចំបោះឆ្នោតមិនល្អ ដូចអ្វីដែលយើងបានគិតនោះ»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ធ្លាប់អះអាងថា ប្រសិនបើលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញនោះ គណបក្សសង្គ្រោះជាតិ នឹងអាចទទួលបានប្រជាប្រិយភាពខ្លាំង បើទោះបីជាលោកអាចជាប់ពន្ធនាគារក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
