គណៈកម្មការ​ទី​១​សភា​គ្រោង​ស្នើ​រដ្ឋមន្ត្រី​មក​បំភ្លឺ​រឿង​អាជីវកម្ម​ខ្សាច់​បក​នៅ​​ខេត្ត​កណ្ដាល

0:00 / 0:00

អ្នក​តំណាងរាស្ត្រ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល កំពុង​ព្រួយបារម្ភ​ពី​អាជីវកម្ម​ជីក​យក​ខ្សាច់ ឬ​ហៅ​ថា អាជីវកម្ម​ខ្សាច់​បក ដែល​អាច​ធ្វើ​ឲ្យ​បាក់​រណ្ដៅ​ដី​នោះ ប៉ះពាល់​ដល់​ផ្ទះ ដី​ភូមិ ឬ​ស្រែចម្ការ​ពលរដ្ឋ​ដែល​នៅ​ជិត​អាជីវកម្ម​នោះ។

ចំណែក​ម្ចាស់​អាជីវកម្ម​ខ្សាច់​វិញ ពន្យល់​ថា ពួកគាត់​ធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន និង​គោរព​តាម​បទដ្ឋាន​បច្ចេកទេស ដែល​កំណត់​ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ក្រសួង​រ៉ែ និង​ថាមពល។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ប្រធាន​គណៈកម្មការ​ទី​មួយ​នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង គ្រោង​នឹង​ដាក់​លិខិត​ស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បំភ្លឺ​នៅ​ក្នុង​សប្ដាហ៍​នេះ​ជុំវិញ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ធ្វើ​អាជីវកម្ម​ខ្សាច់​បក​នៅ​ខេត្ត​កណ្ដាល។

​គម្រោង​ការ​កោះ​ហៅ​នេះ បន្ទាប់​ពី​លោក​ចុះ​ទៅ​អង្កេត​ការដ្ឋាន​ជីក​យក​ខ្សាច់​នៅ​ឃុំ​ដើមឫស ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល តាម​បណ្ដឹង​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​កង្វល់​លើ​អាជីវកម្ម​នេះ​ដោយ​ខ្លាច​បាក់​ដី និង​ផ្ទះ​ពួកគាត់។

លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា អាជីវកម្ម​កាយ​យក​ខ្សាច់​នៅ​តំបន់​នោះ​មាន​ច្រើន​ការដ្ឋាន ប៉ុន្តែ​ហាក់​ពុំ​ឃើញ​មាន​ការ​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​ច្បាស់​លាស់ ឬ​មាន​អ្នក​ជំនាញ​ពី​ក្រសួង​ចុះ​ទៅ​ត្រួត​ពិនិត្យ​លើ​អាជីវកម្ម​ទាំង​នោះ​ឡើយ ដោយ​រណ្ដៅ​ដី​ខ្លះ​ជីក​កៀក​នឹង​ព្រំ​ដី និង​របង​ផ្ទះ​ប្រមាណ ២ ទៅ ៣​ម៉ែត្រ​ប៉ុណ្ណោះ។ លោក​ថា បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​មាន​ការ​ភ័យ​ខ្លាច​បាក់​ដី​ស្រែ ចម្ការ ឬ​ផ្ទះ​ចូល​ក្នុង​រណ្ដៅ​ខ្សាច់​នោះ៖ «អ្នក​ជិត​ខាង​ហ្នឹង​ពួក​គាត់​ចង់​តវ៉ា​ដែរ តែ​មិន​ដឹង​តវ៉ា​ទៅ​អ្នក​ណា​គេ ហើយ​ខ្ញុំ​ទៅ​មើល​ទៅ​ខ្ញុំ​ឃើញ​អ៊ីចឹង​ក្នុង​សប្ដាហ៍​នេះ ខ្ញុំ​នឹង​ធ្វើ​សំណើ​មួយ​ទៅ​រដ្ឋមន្ត្រី​រ៉ែ និង​ថាមពល ដើម្បី​ឲ្យ​ពិនិត្យ​អាជីវកម្ម​ខ្សាច់​នៅ​ក្នុង​ស្រុក​កណ្ដាលស្ទឹង ព្រោះ​តំបន់​នោះ​មាន​អាជីវកម្ម​ខ្សាច់​ច្រើន​ណាស់ ធ្វើ​ម៉េច​កុំ​ឲ្យ​បាក់​ដី​អ្នក​ជិត​ខាង ព្រោះ​ក្រុមហ៊ុន​គេ​ទទួល​បាន​ផល​ប្រយោជន៍​ហើយ បើ​មិន​ត្រួត​ពិនិត្យ​ឲ្យ​ម៉ត់ចត់​ទេ អ្នក​ជិត​ខាង​នឹង​បាត់បង់​ផល​ប្រយោជន៍​ដោយ​តែ​បាក់​ដី​របស់​ពួក​គាត់»

ទាក់ទង​បញ្ហា​នេះ អ្នក​ភូមិ​បាង ឃុំ​ដើមឫស លោក ស៊ន ហាន ដែល​កំពុង​ជួប​បញ្ហា​នេះ​ផ្ទាល់ មាន​ប្រសាសន៍​ថា អាជីវកម្ម​នៅ​តំបន់​នោះ​មាន​ជាង ១០​ការដ្ឋាន​ដែល​កំពុង​ជីក​ដី​យក​ខ្សាច់​លក់ ប៉ុន្តែ​ពុំ​មាន​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ណា​ចុះ​មក​ពិនិត្យ​បច្ចេកទេស​នៃ​ការ​ជីក​នោះ អនុវត្ត​បាន​ត្រឹមត្រូវ ឬ​អត់ ឬ​អាច​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​មុខ ឬ​យ៉ាង​ណា ហើយ​អ្នកណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ពេល​មាន​បញ្ហា​គ្រោះថ្នាក់​កើត​ឡើង​ចំពោះ​ប្រជាពលរដ្ឋ​នោះ​ទេ៖ «ខ្ញុំ​បារម្ភ​ដែរ បើ​រណ្ដៅ​ខ្សាច់​ហ្នឹង​វា​រាក់​មិន​សូវ​អី​ទេ តែ​ពេល​រណ្ដៅ​ដី​ហ្នឹង​វា​ជ្រៅ​ពេក កាលណា​ជ្រៅ​ពេក​វា​បាក់​ដី​ហើយ»

តែ​ទោះ​យ៉ាង​ណា ម្ចាស់​ការដ្ឋាន​ជីក​ខ្សាច់​មួយ​កន្លែង​ឈ្មោះ ១៦៨ លោក ឱក សំអាត ហៅ តាម៉ាប់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ សីហា ថា អាជីវកម្ម​របស់​លោក​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ចេញ​ពី​ក្រសួង​រ៉ែ និង​ថាមពល ហើយ​លោក​ក៏​បាន​គិត​ពី​បញ្ហា​គ្រោះថ្នាក់​បាក់​ដី​អ្នក​ជិត​ខាង​នោះ​ដែរ៖ «ពាក់ព័ន្ធ​បញ្ហា​ហ្នឹង ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​ហើយ ថា​ពេល​ខ្ញុំ​ធ្វើ​ហើយ ខ្ញុំ​នឹង​ចង​ប្រព័ន្ធ​ព្រំ​កុំ​ឲ្យ​បាក់​ដី​គាត់ គាត់​ក៏​ព្រម​ផ្ដិត​មេដៃ​ឲ្យ​ខ្ញុំ​ធ្វើ​តើ»

លោក​បន្ត​ថា ចម្ងាយ​កំណត់​មាត់​រណ្ដៅ​ចេញ​ពី​ព្រំ​ដី​លោក​ទុក​យ៉ាង​តិច ៧​ម៉ែត្រ ទៅ ៨​ម៉ែត្រ ចំពោះ​ជម្រៅ​កំណត់​ត្រឹម ៤ ទៅ ៥​ម៉ែត្រ។

ករណី​អាជីវកម្ម​ខ្សាច់​បក​នេះ​ដែរ ក៏​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​អន្លង់រមៀត ស្រុក​កណ្ដាលស្ទឹង មាន​ក្ដី​ព្រួយ​បារម្ភ​ដូច​គ្នា​ដែរ និង​ប្ដឹង​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ តែ​រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។