ការស្នើឲ្យសើរើរកឲ្យឃើញភស្តុតាងពិតប្រាកដនេះ ធ្វើឡើងក្រោយពីមានសំណើជាផ្លូវការរបស់គណបក្សប្រឆាំងទាមទារឲ្យវែកមុខជនបង្កហេតុ។
មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិ ឲ្យដឹងថា មកដល់ពេលនេះ សំណើរបស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទាមទារឲ្យស្ថាប័នជំនាញនៃស្នងការនគរបាលជាតិ ស៊ើបអង្កេតរកអ្នកដែលសរសេរសារគំរាមបាញ់សម្លាប់លោក កឹម សុខា នៅមិនទាន់បើកការស៊ើបអង្កេតនៅឡើយទេ។ ការពន្យារពេលនេះ ព្រោះលិខិតអន្តរាគមន៍របស់លោក ស ខេង នៅមិនទាន់បានពិនិត្យផ្ទៀងផ្ទាត់នៅឡើយ។
លោក គៀត ច័ន្ទថារិទ្ធ មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិ មានប្រសាសន៍នៅថ្ងៃទី១១ ធ្នូ ថា អគ្គស្នងការនគរបាលជាតិ សូមពេលសិក្សាលើខ្លឹមសារលិខិតរបស់លោក ស ខេង ជាមុនសិន មុននឹងឆ្លើយតបថា តើគួរចាត់វិធានការប្រឆាំងសារគំរាមបាញ់អនុប្រធានគណបក្សសង្គ្រោះជាតិនេះដោយរបៀបណានោះ។
លោកបន្តថា៖ «ខ្ញុំកំពុងពិនិត្យរកឯកសារ។ ខ្ញុំឮបងប្អូនសួរខ្ញុំ ថាឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីលោកបានចារលើលិខិតមួយ។ ឥឡូវខ្ញុំកំពុងរកមើលលិខិតហ្នឹង។ សូមទុកពេលឲ្យខ្ញុំមើលតិចបានទេ? កំពុងរកមើល ពេលឮសូរអ៊ីចឹង»។
គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៦ ខែធ្នូ កន្លងទៅនេះ បានចេញលិខិតដោយអំពាវនាវឲ្យក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតរកមុខសញ្ញាអ្នកដែលសរសេរសារគំរាមបាញ់សម្លាប់លោក កឹម សុខា ដោយកាំភ្លើងខ្លីចំនួន ៧គ្រាប់ ក្នុងគណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ។ប្រតិកម្មរបស់បក្សប្រឆាំងកាលណោះ ធ្វើឡើងក្រោយពីបណ្ដាញសារព័ត៌មានទម្លាយបញ្ហានេះជាសាធារណៈ។
លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នៅពេលនេះ គេមិនទាន់ប្រាកដនៅឡើយទេ ថាតើអាចប្រើប្រាស់ប្រព័ន្ធច្បាប់ប្រឆាំងចំពោះម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ នេះដោយរបៀបណា?
លោក ខៀវ សុភ័គ ថា ព្រោះសំណុំរឿងនោះ កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេតនៅឡើយ៖ «យើងមិនទាន់អាចថា អ្នកហ្នឹងទេ ព្រោះចាំឲ្យលទ្ធផលនៃការស៊ើបអង្កេតចេញសិន។ អ្នកហ្នឹងយើងដៅគ្នាតែម្ដង ដូចជាវាមិនទាន់ត្រូវទេ។ បើការស៊ើបអង្កេតវាក្រែងលោវាមិនមែន យើងនិយាយទៅ វាខុស»។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជូនសំណើមកអគ្គស្នងការនគរបាលជាតិ កាលពីចុងសប្ដាហ៍ កន្លងទៅជាអ្នកទទួលបន្ទុកក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ។
លោក ផែង វណ្ណៈ អតីតនាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយបច្ចុប្បន្ន ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ធ្លាប់បានបដិសេធថា សារគំរាមបាញ់សម្លាប់លោក កឹម សុខា ក្នុងគណនីហ្វេសប៊ុក របស់លោកនោះ គឺមិនមែនជារបស់លោកឡើយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ហៅសារគំរាមសម្លាប់នេះថាគឺជាផ្នែកមួយប្រមាថអាយុជីវិតថ្នាក់ដឹកនាំរបស់បក្សមួយនេះ និងអ្នកនយោបាយដទៃទៀត។
ចំណែកអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ចាត់ទុកថា សារគំរាមនេះ គឺជាសញ្ញាបង្ហាញថា កម្ពុជានៅមិនទាន់មានស្ថិរភាព និងសិទ្ធិនយោបាយពេញលេញនៅឡើយទេ។ បើទោះជាយ៉ាងណា ក្រមព្រហ្មទណ្ឌមាត្រា ២៣៣ ចែងថា ការគំរាមកំហែងថានឹងសម្លាប់ម្ដងហើយម្ដងទៀត សម្ដែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ជននោះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៤លានរៀល។
លោក ផែង វណ្ណៈ បារម្ភពីសុវត្ថិភាព
ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ បានឲ្យដឹងថា លោកកំពុងព្រួយបារម្ភពីសុវត្ថិភាពក្រុមគ្រួសាររបស់លោក ក្រោយពីមានជនមិនស្គាល់អត្តសញ្ញាណបានគំរាមប្រមាថអាយុជីវិតក្រុមគ្រួសារលោកម្ដងជាពីរដង។
លោក ផែង វណ្ណៈ អតីតនាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ឲ្យដឹងកាលពីថ្ងៃទី១១ ខែធ្នូ ថា ក្រោយពីព័ត៌មានស្ដីពីគំរាមបាញ់សម្លាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងគណនីហ្វេសប៊ុក របស់លោកមក រូបលោកផ្ទាល់ត្រូវគេគំរាមសម្លាប់តាមបណ្ដាញសង្គមហ្វេសប៊ុក ហើយឡានផ្ទាល់ខ្លួនម៉ាកឡិចស៊ិស (Luxes) ក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ បានវាយឲ្យបែកកញ្ចក់កាលពីថ្ងៃទី៩ ខែធ្នូ ថែមទៀត។ បន្ថែមពីនេះ លោក ផែង វណ្ណៈ អះអាងថា កូនប្រុសរបស់លោក ត្រូវបានមនុស្សមួយក្រុមព្យាយាមធ្វើបាបនៅថ្ងៃទី១១ ខែធ្នូ ក្រោយចេញពីសាលារៀន។
លោក ផែង វណ្ណៈ៖ «និយាយចំម្សិលម្ង៉ៃគេគប់កូនខ្ញុំមួយសាហើយឡានហ្នឹង។ ឡានហ្នឹង ឡានខ្ញុំជិះផ្ទាល់ខ្លួន ម៉ាក់ឡិចស៊ិស អ៊ីអេស ៣៥០ (Luxes ES 350) សូន្យប្រាំពណ៌ស្ករ។ ឡានផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយដល់ពេលកូនយកទៅរៀន ហើយដល់ពេលត្រឡប់មកវិញ គេគប់នៅចាក់អង្រែ ហើយដល់ឥឡូវហ្នឹង ខ្ញុំចូលហ្គារ៉ាស់ហើយ។ ប៉ុន្តែមុននឹងគប់ពេលថ្ងៃគេគំរាមថា គេសួរខ្ញុំថា ឯងចប់ងាប់អី»។
គណបក្សសង្គ្រោះជាតិ បានប្ដឹងម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែធ្នូ ពីបទជាប់ពាក់ព័ន្ធនឹងសារក្នុងគណនីហ្វេសប៊ុក ដែលគំរាមបាញ់សម្លាប់លោក កឹម សុខា ដោយកាំភ្លើងខ្លីចំនួន ៧គ្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
