លោក ស ខេង៖ ការ​ចល័ត​ទ័ព​ចូល​ភ្នំពេញ​ដើម្បី​ការពារ​សន្តិសុខ​មហា​បាតុកម្ម

ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ក្រោយ​ពេល​បាន​ឃើញ​សកម្មភាព​ចល័ត​កងទ័ព និង​គ្រឿង​សព្វាវុធ រួម​មាន​រថក្រោះ ចូល​មក​ក្រុង​ភ្នំពេញ។ បញ្ហា​នេះ នាំ​ឲ្យ​សង្គម​ស៊ីវិល​ចំនួន ១០ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​ការងារ​បោះ​ឆ្នោត និង​សិទ្ធិ​មនុស្ស បាន​សុំ​ចូល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ពិភាក្សា​កុំ​ឲ្យ​មាន​អំពើ​ហិង្សា និង​អំពាវនាវ​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ អង្គុយ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

0:00 / 0:00

ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​នៅ​ថ្ងៃ​ទី៩ ខែ​សីហា ថា កិច្ច​ប្រជុំ​រវាង​សង្គម​ស៊ីវិល និង​ក្រសួង​មហាផ្ទៃ ក្នុង​គោល​បំណង​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ច្រើន​ជាង​គេ​ចំនួន​២ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​គណៈកម្មការ​ពិសេស​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​សេសសល់។

តំណាង​សង្គម​ស៊ីវិល លោក ធន សារាយ ថ្លែង​ថា ដោយសារ​តែ​មាន​ការ​ចល័ត​ទ័ព​ច្រើន​តែ​ក្នុង​ទីក្រុង និង​ខេត្ត​ក្បែរ​ក្រុង មិន​ពង្រាយ​ទ័ព​នៅ​តាម​ព្រំដែន ទើប​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​១០ មក​ជួប លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​សន្តិសុខ​បោះ​ឆ្នោត បំភ្លឺ​ទៅ​មហាជន​ពី​បំណង​ទ័ព​ចល័ត​នោះ​ផង និង​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ជំរុញ​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​២ បន្ថយ​កម្ដៅ​រៀង​ខ្លួន ដែល​នាំ​ឲ្យ​មាន​ហិង្សា មក​ជួប​ចរចា​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ក្រោយ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

បញ្ហា​ចល័ត​ទ័ព​នៅ​ក្នុង​ប្រទេស​កម្ពុជា ពី ២ ទៅ ៣​ថ្ងៃ​មក​នេះ លោក ស ខេង បំភ្លឺ​ថា ដើម្បី​ការពារ​សន្តិសុខ ក្រែង​គណបក្ស​សង្គ្រោះ​ជាតិ អាច​ធ្វេសប្រហែស​នាំ​ឲ្យ​ជន​ឱកាស​និយម ឆ្លៀត​យក​ពេល​មនុស្ស​ប្រមូល​ផ្តុំ​ច្រើន​ធ្វើ​មហា​បាតុកម្ម​អហិង្សា អាច​មាន​អ្នក​បន្លំ​ធ្វើ​សកម្មភាព​នាំ​ឲ្យ​កើត​មាន​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ស ខេង ថ្លែង​ថា យ៉ាង​ហោច​ណាស់ គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​២ បាន​ជួប​គ្នា​ចរចា​បណ្ដើរៗ​ហើយ ប៉ុន្តែ​ការ​ចរចា​បង្កើត​គណៈកម្មការ​ពិសេស​នោះ​លឿន​ដល់​កម្រិត​ណា មិន​ទាន់​អាច​ដឹង​ច្បាស់​នៅ​ឡើយ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី៩ ខែ​សីហា គ.ជ.ប បាន​ចេញ​សេចក្តី​អំពាវនាវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ចូល​រួម​ប្រជុំ ដើម្បី​សម្រេច​បង្កើត​គណៈកម្មការ​ពិសេស​មួយ សម្រាប់​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​របាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ដែល គ.ជ.ប បាន​ទទួល​ចាប់​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​២០១៣។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ថា គណៈ​ប្រតិភូ​នៃ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​២ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​គ្នា​ចរចា​នៅ​ក្នុង​រដ្ឋសភា កាល​ពី​ម៉ោង ៩ ដល់​ម៉ោង ១១ ថ្ងៃ​ទី៩ ខែ​សីហា ដើម្បី​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ត្រួត​ពិនិត្យ​បញ្ហា​មិន​ប្រក្រតី​ក្នុង​ពេល មុន និង​ថ្ងៃ​បោះ​ឆ្នោត។

ការ​ជួប​គ្នា​រវាង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នេះ កើត​មាន​ក្នុង​ពេល​មាន​ដំណឹង​ចចាមអារ៉ាម​ជាច្រើន ទាក់ទង​ការ​ប្រុង​ប្រៀប​ធ្វើ​មហា​បាតុកម្ម​តវ៉ា​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បើ​សិន​ជា​មាន​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ដែល​មិន​ត្រឹមត្រូវ និង​យុត្តិធម៌។

យោង​តាម​ប្រតិទិន​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ គ.ជ.ប នឹង​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃ​ទី១០ សីហា ប្រសិន​បើ​គ្មាន​គម្រោង​បោះ​ឆ្នោត​ឡើង​វិញ​ទេ។ លទ្ធផល​បឋម​ប្រកាស​ដោយ គ.ជ.ប បាន​អោយ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួល​ស្គាល់​លទ្ធផល​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។