នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការដាក់ពង្រាយកងកម្លាំងមានសមត្ថកិច្ច ជាច្រើននាក់ ឆែកឆេររថយន្តអ្នកដំណើរយ៉ាងប្រុងប្រយ័ត្ន។ ការត្រួតពិនិត្យនេះ ត្រូវបានគេទម្លាយឲ្យដឹងថា ជាវិធានការមួយដើម្បីទប់ស្កាត់ និងត្រៀមចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងនៅពេលវិលត្រឡប់ចូលមកប្រទេសកម្ពុជា។
ប្រជាពលរដ្ឋជាអ្នកដំណើរចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បញ្ជាក់ថា ការពង្រឹងសន្តិសុខ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត របស់រដ្ឋាភិបាលកម្ពុជា មានរូបភាពខុសពីពេលកន្លងមក ហើយសកម្មភាពនេះ បានចាប់ផ្ដើមអស់រយៈពេល ១សប្ដាហ៍មកហើយ។ កងកម្លាំងសមត្ថកិច្ចទាំងនោះបានអនុវត្តការឆែកឆេរចាប់តាំងពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៨ល្ងាច។
ប្រភពបង្ហើបឲ្យដឹងថា កងកម្លាំងសមត្ថកិច្ចទទួលបានបទបញ្ជាពីថ្នាក់លើដើម្បីពង្រឹងសន្តិសុខឆែកឆេរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយបើឃើញវត្តមានមេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី វិលចូលស្រុក ត្រូវឃាត់ខ្លួន និងរាយការណ៍បន្តទៅថ្នាក់លើជាបន្ទាន់។
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាន សារិទ្ធ ថ្លែងថា លោកពុំបានដឹងច្បាស់ថា មេដឹកនាំរបស់ខ្លួននឹងវិលត្រឡប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នោះទេ ប៉ុន្តែលោកកត់សម្គាល់ឃើញថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចដូច្នេះមែន។
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កន្លងទៅនេះ បានអះអាងជាសាធារណៈពីបរទេសមកថា រូបលោកនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញនៅមុខថ្ងៃបោះឆ្នោត ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។
ទាក់ទិនការត្រៀមចាប់ខ្លួន លោក សម រង្ស៊ី នេះ អគ្គនាយកទទួលបន្ទុកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា លោក សម រង្ស៊ី នឹងវិលត្រឡប់មកកម្ពុជា ពិតប្រាកដមែន ទោះបីប្រឈមមុខនឹងការចាប់ចងក៏ដោយ។ អ្នកស្រីសង្កត់ធ្ងន់ថា ការពង្រឹងវិធានរបស់រដ្ឋាភិបាលកម្ពុជា បានបង្ហាញឲ្យឃើញថា ការប្រុងប្រយ័ត្នខុសពីធម្មតា។ វិធានការ និងការពង្រឹងកងកម្លាំងសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែនរបស់អាជ្ញាធរកម្ពុជានោះ អ្នកស្រីថា គេគួរធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមានសុវត្ថិភាព ព្រោះមានប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅប្រទេសថៃ ពេលខ្លះត្រូវថៃសម្លាប់ ហើយគេគួរមើលឃើញបញ្ហាជានេះធំ។
ជុំវិញការលើកឡើងថា មានការដាក់កងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ការវិលត្រឡប់មកប្រទេសកម្ពុជា វិញរបស់លោក សម រង្ស៊ី ពុំមានអ្នកណាហាមឃាត់នោះទេ ព្រោះកន្លងទៅ លោក សម រង្ស៊ី បានចេញពីប្រទេសកម្ពុជា ដោយខ្លួនឯង។
ទាក់ទិនករណីមេដឹកនាំបក្សប្រឆាំងនេះ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី លើក ឡើងថា ក្នុងនាមជាអ្នកនយោបាយ ហើយដើម្បីគោលដៅកែប្រែសង្គមច្បាស់លាស់មួយ ពុំមានមូលហេតុអ្វីដែលលោក សម រង្ស៊ី មិនចូលមកកម្ពុជានោះទេ។ ការឈានជើងចូលមកកម្ពុជា បង្ហាញឲ្យឃើញពីភាពក្លាហាន ហើយបើសិនរដ្ឋាភិបាលចាប់ខ្លួនមែននោះ នឹងធ្វើឲ្យគណបក្សសង្គ្រោះជាតិ មានប្រជាប្រិយភាពខ្លាំងថែមទៀត។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា នៅពេលរដ្ឋាភិបាលចាប់ខ្លួនលោក សម រង្ស៊ី នោះ កម្ពុជានឹងជួបប្រទះនូវព្រឹត្តិការណ៍ថ្មីរវាងយុវជនរបស់គណបក្សសង្គ្រោះជាតិ និងយុវជនរបស់គណបក្សប្រជាជនកម្ពុជា ដែលអាចមានបញ្ហាប្រឈម ការបង្ហូរឈាមជាមួយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។
លោក កែម ឡី បន្តថា បើសិនបញ្ហាកើតឡើងហើយនោះ កម្ពុជានៅតែរៀបចំការបោះឆ្នោតមួយដែលពោរពេញទៅដោយស្ថានភាពភ័យខ្លាច អាចមានឥទ្ធិពលអាក្រក់ដល់ការផ្ដល់ជំនួយមកកម្ពុជា។ នៅគ្រានោះ សហគមន៍អឺរ៉ុបអាចចាប់ដៃជាមួយសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក មានកូរ៉េខាងត្បូង ជប៉ុន កោះតៃវ៉ាន់ ជាដើម។ នៅពេលនោះកម្ពុជា នឹងក្លាយខ្លួនដូចជាប្រទេសភូមា និងប្រទេសកូរ៉េខាងជើង។ ក្នុងហេតុផលនេះ បើសិនជាលោក សម រង្ស៊ី វិលមកសម្របសម្រួលខាងផ្នែកនយោបាយក្នុងវេលាមួយសប្ដាហ៍ទៀតនោះ លោកគិតថា ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់ផលប្រយោជន៍ជាតិ ប៉ុន្តែគណបក្សសង្គ្រោះជាតិ អាចធ្លាក់សំឡេងខ្លះ ហើយគណបក្សប្រជាជនទទួលបានប្រជាប្រិយភាពបន្ថែមវិញ។
ទាក់ទិនបញ្ហាទាំងនេះ លោក កែម ឡី ផ្ដល់អនុសាសន៍ថា លោក សម រង្ស៊ី គួរធ្វើការសម្របសម្រួលខាងផ្នែកនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានចូលមកកម្ពុជា ដោយសន្តិភាព ហើយលទ្ធផលនោះ នឹងអាចធ្វើឲ្យបរិយាកាសនៃការបោះឆ្នោតប្រព្រឹត្តទៅបានល្អ ដែលនាំទៅរកផលប្រយោជន៍ជាតិទាំងមូល។ នៅពេលនោះ ម្ចាស់ជំនួយអាចរក្សាជំហរជួយដល់កម្ពុជា ដដែល ហើយចំណុចមួយទៀត គណបក្សសង្គ្រោះជាតិ ក៏មិនមានការឈឺចាប់ទៅលើបុគ្គលនោះទេ ហើយគណបក្សប្រជាជន អាចទទួលបានលទ្ធផល។ ចំណុចសំខាន់មួយទៀត លោកសង្កត់ធ្ងន់ថា គឺ លទ្ធផលនៃការបោះឆ្នោតនៅពេលខាងមុខនេះ អាចមានការគាំទ្របន្ថែមទៀតពីប្រជាពលរដ្ឋនិងសហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
