បន្ទាប់ពីបានដង្ហែក្បួនយកញត្តិទៅដាក់នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ដែលជាថ្ងៃទី២នៃមហាបាតុកម្មអហិង្សា មេដឹកនាំគណបក្សសង្គ្រោះជាតិ បានបន្តដង្ហែក្បួនយកញត្តិទៅដាក់នៅស្ថានទូតបារាំង អង់គ្លេស និងអាមេរិក ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានដឹកនាំក្បួនដង្ហែចេញពីទីលានប្រជាធិបតេយ្យ នៅវេលាម៉ោងប្រហែល ៩ព្រឹក ដើរឆ្ពោះទៅកាន់ទីកន្លែងក្បែរស្ថានទូតប្រទេសបារាំង ដែលនៅទីនោះ លោក សម រង្ស៊ី បានឈររង់ចាំក្បួនរបស់ លោក កឹម សុខា ដើម្បីបន្តដំណើរជាមួយគ្នាឆ្ពោះទៅកាន់ស្ថានទូតប្រទេសបារាំង។ នៅពេលទៅដល់ តំណាងស្ថានទូតបារាំង ម្នាក់ បានចេញមកជួប លោក សម រង្ស៊ី និងលោក កឹម សុខា ដើម្បីនាំថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងពីរចូលក្នុងស្ថានទូត។
ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីប្រគល់ញត្តិរួច លោក សម រង្ស៊ី មានប្រសាសន៍ថា មន្ត្រីស្ថានទូតបារាំង បញ្ជាក់ជាមួយលោកថា អ្វីដែលប្រទេសបារាំង ទាមទារ គឺអោយមានការគោរពស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា និងជំរុញអោយមានការចរចារវាងភាគីខ្មែរទាំងអស់ ដើម្បីរកដំណោះស្រាយដោយសន្តិវិធីប្រកបដោយយុត្តិធម៌។
បន្ទាប់ពីស្ថានទូតបារាំង ក្បួនដង្ហែបានបន្តដំណើរទៅកាន់ស្ថានទូតចក្រភពអង់គ្លេស ដែលនៅក្បែរនោះ។ ដូចគ្នាទៅនឹងស្ថានទូតប្រទេសបារាំង មន្ត្រីស្ថានទូតអង់គ្លេស បានចេញមកទទួលមេបក្សប្រឆាំងទាំងពីរផងដែរ។ ក្រោយពីជំនួបប្រហែល ១០នាទីជាមួយមន្ត្រីស្ថានទូត លោក សម រង្ស៊ី បានឲ្យដឹងថា ចក្រភពអង់គ្លេស បានទាក់ទងជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាជៀសវាងនូវអំពើហិង្សា និងបានអបអរសាទរចំពោះបាតុកម្មគណបក្សសង្គ្រោះជាតិ ដែលកំពុងប្រព្រឹត្តទៅដោយសន្តិវិធី។

១-ក្បួនហែញត្តិរបស់បក្សសង្គ្រោះជាតិ នៅក្បែរស្ថានទូតបារាំង។

២-មេដឹកនាំបក្សសង្គ្រោះជាតិ ដឹកនាំក្បួនបាតុករយកញត្តិទៅស្ថានទូតបារាំង។

៣-មេដឹកនាំបក្សសង្គ្រោះជាតិ ដឹកនាំក្បួនបាតុករយកញត្តិទៅស្ថានទូតបារាំង។

៤-មន្ត្រីស្ថានទូតបារាំង ចេញមកជួបមេដឹកនាំបក្សសង្គ្រោះជាតិ។

៥-ក្បួនបាតុករហែចេញពីស្ថានទូតអង់គ្លេសឆ្ពោះទៅកាន់ស្ថានទូតអាមេរិក។

៦-ខ្មែរកម្ពុជាក្រោម ចូលរួមហែញត្តិនៅក្បែរស្ថានទូតអាមេរិក។

៧-មេដឹកនាំបក្សសង្គ្រោះជាតិ រង់ចាំមន្ត្រីទូតអាមេរិក ពេលហែញត្តិទៅដល់។

៨-បន្ទាប់ពីហែញត្តិ ក្រុមបាតុករនាំគ្នារាំច្រៀងលេងនៅទីលានប្រជាធិបតេយ្យ។

៩-បន្ទាប់ពីហែញត្តិ ក្រុមបាតុករនាំគ្នារាំច្រៀងលេងនៅទីលានប្រជាធិបតេយ្យ។

១០-បាតុករកាន់ទង់សញ្ញាពីការលេបយកទឹកដីកម្ពុជាក្រោមរបស់វៀតណាម។
លោក សម រង្ស៊ី៖ «គេក៏យកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅប្រទេសកម្ពុជា អំពីលទ្ធិប្រជាធិបតេយ្យនៅស្រុកយើង ហើយគេថា គេនឹងជួយប្រទេសយើងបន្តទៀត អោយបានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពេញលេញ»។
ក្បួនបាតុកម្មគណបក្សសង្គ្រោះជាតិ បានបញ្ចប់នៅស្ថានទូតសហរដ្ឋអាមេរិក នៅម៉ោងប្រហែល ១១ថ្ងៃត្រង់ ដែលនៅទីនោះ តំណាងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានចេញមកទទួលញត្តិពីថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងពីរ។ បន្ទាប់ពីតំណាងស្ថានទូតទទួលយកញត្តិរួច លោក សម រង្ស៊ី បាននិយាយថា លោកបានភ្ជាប់លិខិតមួយផ្ញើទៅអោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដើម្បីស្នើអោយសហរដ្ឋអាមេរិក ដែលជាប្រទេសហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជំរុញអោយមានការគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ លោក សម រង្ស៊ី ក៏បានសរសើរជំហរនយោបាយសហរដ្ឋអាមេរិក ចំពោះស្ថានភាពនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន។
លោក សម រង្ស៊ី៖ «ជំហរអាមេរិក ដែលសំខាន់ជាងគេ គឺពេលនេះគេទទូចអោយមានការស៊ើបអង្កេតឯករាជ្យ ដើម្បីលាតត្រដាងការពិត ហើយដោះស្រាយភាពមិនប្រក្រតី។ យើងថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលមានជំហរដ៏ច្បាស់លាស់ ដ៏រឹងមាំ ហើយជួយលទ្ធិប្រជាធិបតេយ្យចាក់ឫសចាក់គល់ពិតប្រាកដនៅកម្ពុជា»។
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ដែលជាថ្ងៃចុងក្រោយនៃមហាបាតុកម្ម គណបក្សសង្គ្រោះជាតិ នឹងដង្ហែក្បួនយកញត្តិទៅដាក់នៅតាមបណ្ដាប្រទេសមួយចំនួនផ្សេងទៀត ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូចជា ប្រទេសអូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងចិន។ ក្បួនដង្ហែនឹងចេញដំណើរពីទីលានប្រជាធិបតេយ្យនៅវេលាម៉ោង ៩ព្រឹក ដោយឆ្លងកាត់ផ្លូវមួយចំនួន រួមមាន ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ ផ្លូវសុធារស មហាវិថីព្រះនរោត្ដម មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីវង្ស និងផ្លូវក្រមួនស។
មេដឹកនាំបក្សសង្គ្រោះជាតិ ប្រកាសថានឹងសម្រាកពេលយប់នៅទីលានប្រជាធិបតេយ្យមួយរយៈ
ដោយ ទីន ហ្សាការីយ៉ា
លោក សម រង្ស៊ី និង លោក កឹម សុខា ជាប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសនៅចំពោះមុខក្រុមបាតុករ នាទីលានប្រជាធិបតេយ្យ នៅល្ងាចថ្ងៃទី២៤ តុលា ថា នៅយប់នេះ ពួកគាត់ទាំងពីរនឹងទៅសម្រាកនៅទីលានប្រជាធិបតេយ្យមួយរយៈជាមួយក្រុមបាតុករ។
លោក សម រង្ស៊ី បានប្រកាសថា ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងទៅដេកសម្រាកមួយរយៈពេលនៅក្នុងយប់នេះ ដើម្បីបញ្ជាក់ពីការស្ម័គ្រស្មោះជាមួយប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលមកពីតាមបណ្ដាខេត្តឆ្ងាយៗមកដេកនៅទីលានប្រជាធិបតេយ្យ ដើម្បីធ្វើបាតុកម្មនោះ។ លោក សម រង្ស៊ី បញ្ជាក់ថា ប្រជាពលរដ្ឋសំរាកនៅទីលានប្រជាធិបតេយ្យពេលយប់នោះ មានមកពីខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ ព្រៃវែង និងខេត្តដទៃទៀត។
អនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្មទាមទាររកយុត្តិធម៌លទ្ធផលបោះឆ្នោតនេះជាបន្តបន្ទាប់ទៀត នៅពេលខាងមុខរហូតទាល់តែមានដំណោះស្រាយ។ លោកបញ្ជាក់ថា ការធ្វើដូច្នេះ គឺធ្វើតាមសំណើរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។