ប៉ុន្តែតាមការសង្កេតឃើញថា នៅព្រឹកថ្ងៃអាទិត្យ ទី៨ កញ្ញា នេះ កម្លាំងប្រដាប់អាវុធចម្រុះមួយចំនួនបានដកចេញពីទីតាំងធ្លាប់ប្រចាំការ ហើយអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ អះអាងថា កម្លាំងចម្រុះនៅបន្តសកម្មភាពរក្សាសន្តិសុខសុវត្ថិភាពតាមគោលដៅជាធម្មតាទេ ព្រោះមិនដឹងថា បក្សប្រឆាំងនឹងមានផែនការអ្វីទៀតក្រោយការប្រកាសលទ្ធផលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ព្រលឹមថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឃើញមានសមត្ថកិច្ចស្ថាប័នជំនាញមួយចំនួន មានកងរាជអាវុធហត្ថ និងប៉ូលិសបង្ក្រាបបាតុករជាដើម បានដកចេញពីទីតាំងធ្លាប់ប្រចាំការ ឬឈរជើង បន្ទាប់ពីមហាបាតុកម្មអហិង្សាដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានបញ្ចប់ដោយសន្តិភាពកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣។ ប៉ុន្តែសមត្ថកិច្ចចម្រុះបានបង្ហាញវត្តមានជាថ្មីនៅល្ងាចថ្ងៃនេះ ក្រោយពេល គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតសភាអាណត្តិទី៥ ហើយបក្សប្រឆាំងប្រកាសដឹកនាំធ្វើមហាបាតុកម្មអហិង្សា ដើម្បីសម្ដែងពីឆន្ទៈប្រជាពលរដ្ឋខ្មែរ ៣ថ្ងៃបន្តទៀត ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា។
ទោះយ៉ាងណា លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនិងជាប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានឲ្យដឹងនៅរសៀលថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ថា សមត្ថកិច្ចចម្រុះនៅបន្តការងារជាធម្មតាតាមគោលដៅនីមួយៗ។ លោកមិនទាន់អាចវាយតម្លៃសភាការណ៍នៅក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការបែបណាទេ ហើយក៏មិនដឹងថា គណបក្សសង្គ្រោះជាតិ នឹងបន្តធ្វើសកម្មភាពអ្វីទៀតដែរ។
លោក គៀត ច័ន្ទថារិទ្ធ៖ អត់មានអីប្រែប្រួលទេ កម្លាំងយើងធ្វើការដូចរាល់ដង ដូចរាល់ថ្ងៃអ៊ីចឹង។ វិទ្យុអាស៊ីសេរី៖ ចុះតើសភាពការណ៍រលូនដែរទេឯកឧត្ដម?
លោក គៀត ច័ន្ទថារិទ្ធ៖ យើងមិនទាន់ដឹងទេ ដោយសារតែថ្ងៃនេះ គ.ជ.ប គាត់ប្រកាសលទ្ធផលជាផ្លូវការ។ អ៊ីចឹងយើងមិនដឹងថា តើគណបក្សសង្គ្រោះជាតិ ចង់ធ្វើអីទៀត គឺយើងអត់ទាន់ដឹងទេ អ៊ីចឹងយើងមិនហ៊ាននិយាយមុនទេ។
វិទ្យុអាស៊ីសេរី៖ ឯកឧត្ដមគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ (៨ កញ្ញា) បន្តធ្វើមហាបាតុកម្មអហិង្សារយៈពេល ៣ថ្ងៃបន្តទៀត ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា?
លោក គៀត ច័ន្ទថារិទ្ធ៖ អូ! យើងរង់ចាំមើលៗ ប៉ុន្តែជាធម្មតាគាត់ត្រូវសុំច្បាប់ជាមុន តែឥឡូវមិនទាន់ឃើញសុំច្បាប់ទេ ត្រូវរង់ចាំមើលសិន។
យ៉ាងណាក៏ដោយ ប៉ូលិសបង្ក្រាបបាតុករជាច្រើននាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេងថា ពួកគាត់បានដកថយវិលមកមូលដ្ឋានខ្លួនវិញនៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកញ្ញា បន្ទាប់ពីបានត្រៀមទប់ស្កាត់បាតុករគណបក្សប្រឆាំងប៉ុន្មានថ្ងៃមកនេះ។ ប៉ុន្តែប៉ូលិសនិយាយថា កម្លាំងត្រូវបានថ្នាក់លើឲ្យត្រៀមលក្ខណៈជានិច្ច។
ចំណែកអ្នកទទួលខុសត្រូវផ្គត់ផ្គង់កម្លាំងប្រដាប់អាវុធតាមអង្គភាពដែលមានតំណែងធំៗ នៅតាមសង្កាត់ ឬខណ្ឌខ្លះ ក៏បានរអ៊ូរទាំថា ពួកគេបានចំណាយថវិកាផ្ទាល់ខ្លួនជាច្រើនសម្រាប់ថ្លៃចំណាយទៅលើការផ្គត់ផ្គង់កម្លាំង ឬកូនចៅក្រោមឱវាទដើម្បីត្រៀមបង្ក្រាបក្រុមបាតុករប៉ុន្មានថ្ងៃមកនេះ។
អ្នកទទួលខុសត្រូវខ្លះនិយាយថា បើក្រុមបាតុករបក្សប្រឆាំងបន្តអូសបន្លាយធ្វើបាតុកម្មយូរថ្ងៃទៀតនោះ ពួកគេនឹងខាត់បង់ប្រាក់កាន់តែច្រើនទៅលើការហូបចុកនិងការចាយវាយផ្សេងៗ សម្រាប់អង្គភាពរៀងរបស់ខ្លួន។
ប៉ូលិសសង្កាត់ខ្លះទៀតបាននិយាយថា ពួកគេធុញទ្រាន់ចំពោះបទបញ្ជារបស់ថ្នាក់លើឲ្យត្រៀមបង្ក្រាបបាតុករបក្សប្រឆាំងប៉ុន្មានថ្ងៃមកនេះ។ ប៉ូលិសខ្លះបានរអ៊ូរទាំថា របបហូបចុកដែលពួកគេធ្លាប់ទទួលបានបាយ១កញ្ចប់ក្នុង១ថ្ងៃ ប៉ុន្តែក្រោយមកទទួលបានត្រឹមមី១កញ្ចប់ទេ។
កម្លាំងចម្រុះត្រូវបានគេដាក់ពង្រាយតាមទីសាធារណៈ ក្រោយថ្ងៃបោះឆ្នោតសភាអាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា បានបញ្ចប់ ហើយត្រូវបានគណបក្សប្រឆាំងប្ដឹងតវ៉ាស្នើបង្កើតគណៈកម្មការចម្រុះឯករាជ្យ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត។ ចាប់ពីពេលនោះមក កម្លាំងចម្រុះមានកងទ័ព កងរាជធាវុធហត្ថ ប៉ូលិស និងសព្វាវុធគ្រប់ធុនត្រូវរដ្ឋាភិបាលដឹកចល័តតាមរថយន្តពីតាមខេត្តចូលមកពង្រាយនៅតាមគោលដៅសំខាន់ៗ ទាំងក្នុង និងជាយរាជធានីភ្នំពេញ។ ប៉ុន្តែកម្លាំងក្នុងក្រុងមិនបង្ហាញអាវុធជាប់ខ្លួនទេ ជាសាធារណៈទេ ពេលបំពេញភារកិច្ច លើកលែងតែកម្លាំងនៅជាយក្រុង។
ទោះជាយ៉ាងណា កម្លាំងចម្រុះដែលធ្លាប់ឈរប្រចាំការនៅតាមគោលដៅ ឬតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ មិនបានបង្ហាញវត្តមានច្រើនដូចពេលមុនទៀតទេ។ ក្នុងនោះប៉ូលិសបង្ក្រាបបាតុករបានវេចខ្ចប់ខែល-ដំបងឆក់ និងសម្ភារៈផ្សេងៗ ដាក់ចូលក្នុងស្រោម ឬកញ្ចប់មានសុវត្ថិភាព ធ្វើដំណើរតាមម៉ូតូ ឬខ្លះតាមរថយន្តវិលមកមូលដ្ឋានដើមរៀងៗខ្លួនវិញ។
ប៉ូលិសខ្លះបានរអ៊ូរទាំប្រាប់វិទ្យុអាស៊ីសេរីថា ពួកគេមានការរារែកក្នុងអំឡុងពេលត្រៀមបង្ក្រាបក្រុមបាតុកររបស់គណបក្សប្រឆាំងប៉ុន្មានថ្ងៃមកនេះ ប៉ុន្តែដោយគ្មានជម្រើស និងខ្លាចថ្នាក់លើដកតួនាទី ក៏ចេះតែទ្រាំធ្វើសកម្មភាពទាំងមិនសប្បាយចិត្ត។ បញ្ហានេះ មន្ត្រីសង្គមស៊ីវិលក៏បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលមិនបានបង្ហាញវត្តមាន ឬដាក់ពង្រាយច្រើនតាមផ្លូវ ឬទីសាធារណៈច្រើនទេ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ប៉ុន្តែនៅពេលល្ងាចឃើញមានវត្តមានកម្លាំងកងរាជអាវុធហត្ថត្រូវបានគេដាក់ពង្រាយតាមផ្លូវសំខាន់ៗខ្លះក្នុងរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
