ព្រឹទ្ធសភា​អនុម័ត​ទាំងស្រុង​លើ​​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​គណ​បក្ស​នយោបាយ

ដោយ អ៊ុង សេរីវុទ្ធ
2017-02-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា លោក អ៊ុំ សារឹទ្ធ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​វិមាន​ព្រឹទ្ធសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ ឆ្នាំ​២០១៥។
អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា លោក អ៊ុំ សារឹទ្ធ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​វិមាន​ព្រឹទ្ធសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev

សមាជិក​ព្រឹទ្ធសភា​​​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៤៤​រូប សម្រេច​លើក​ដៃ​អនុម័ត​ទាំង​ស្រុង លើ​សេចក្ដី​ស្នើ​ច្បាប់ ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នា​កិច្ច​ប្រជុំ​វិសាមញ្ញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ។

អគ្គលេខាធិការ​ព្រឹទ្ធសភា លោក អ៊ុំ សារិទ្ធ ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ​អនុម័ត​នេះ ធ្វើ​ឡើង​ក្រោយ​ពី​គណៈកម្មការ​ជំនាញ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដី​ស្នើ​កែប្រែ​ច្បាប់​នេះ ក្នុង​រយៈពេល​ប្រមាណ​១​ម៉ោង បន្ទាប់​មក​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​វត្តមាន​សន្និដ្ឋាន​បញ្ចប់។

លោក អ៊ុំ សារិទ្ធ បន្ត​ថា ក្នុង​កិច្ច​ប្រជុំ​នេះ សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់​អំណាច​ចំនួន ៦​រូប អវត្តមាន​ដោយ​សមាជិក​ខ្លះ​មាន​ធុរៈ ហើយ​សមាជិក​ខ្លះ​ទៀត​មាន​ជំងឺ​ជាដើម។ ចំណែក​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​មក​ពី​គណបក្ស​សម រង្ស៊ី ទាំង​១០​រូប ពុំ​មាន​វត្តមាន​ទេ ដោយ​លោក​មិន​ដឹង​ពី​មូលហេតុ។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាចចំនួន​៦៦​រូប បាន​លើកដៃ​អនុម័ត​ទាំងស្រុង​ដូចគ្នា​លើ​សេចក្តីស្នើវិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដោយ​គ្មាន​ការ​ចូលរួម​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ឡើយ ខណៈ​ច្បាប់​នេះ​​បាន​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ថា ជាច្បាប់​ សំដៅ​ដាក់​សម្ពាធ​លើ​​គណបក្ស​ប្រឆាំង។

មាត្រា​៤៤ ថ្មី នៃ​ច្បាប់​នេះ ចែងថា តុលាការ​អាច​រំលាយ​គណបក្ស​នយោបាយ​បាន បើសិនជា​គណបក្ស​នោះ​ធ្វើ​ឱ្យ​មាន​អបគមន៍ ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ បង្កើត​កងកម្លាំង​ប្រដាប់​អាវុធ និង​ញុះញង់​ដែល​អាច​នាំ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ ព្រមទាំង​គណបក្ស​នយោបាយ​ណា​ដែល​ស្ថិត​ក្រោម​ចំណុះ ឬ ការ​បង្គាប់​បញ្ជា​របស់​គណបក្ស​នយោបាយ​បរទេស ឬ​របស់​រដ្ឋាភិបាល​បរទេស។

តុលាការ​ដែល​មាន​សមត្ថកិច្ច​ពិនិត្យ​លើ​ពាក្យ​បណ្ដឹង​នានា​ដោយ​អនុវត្ត​តាម​ច្បាប់​នេះ គឺ​តុលាការ​កំពូល ដែល​ត្រូវ​សម្រេច​សេចក្ដី​ដោយ​អង្គហេតុ និង​អង្គ​ច្បាប់ ដោយ​សភា​ពេញ​អង្គ ហើយ​សាលដីកា​របស់​តុលាការ​កំពូល​ជា​សេចក្ដី​សម្រេច​បិទ​ផ្លូវ​តវ៉ា។

សេចក្ដី​ស្នើ​កែប្រែ​ច្បាប់​នេះ ធ្វើឡើងក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចង់​ឲ្យ​មានការ​កែប្រែ​ច្បាប់ គណបក្ស​នយោបាយ​ដែល​រារាំង​មិន​ឲ្យ​ប្រធាន​បក្ស​ប្រឆាំង​ចូលរួម​ដឹកនាំ​ការប្រកួតប្រជែង និង ឈាន​ដល់​ការ​រំលាយ​គណបក្ស បើ​មេ​បក្ស​មានទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល