លោក ស៊ុយ សែម ចូល​បំភ្លឺ​ក្នុង​សភា​ពី​រឿង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា ចូល​សភា​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា អំពី​បញ្ហា​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ក្នុង​ខេត្ត​ស្ទឹងត្រែង។

សំណួរ​ដែល​សមាជិក​សភា​សាកសួរ​ទៅ​កាន់ លោក ស៊ុយ សែម ភាគ​ច្រើន គឺ​ជា​សំណួរ​ដែល​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​បាន​លើក​ឡើង​កន្លង​មក។ ក្នុង​ពេល​ជាមួយ​គ្នា ក៏​មាន​សមាជិក​សភា​ខ្លះ​ឡើង​ថ្លែង​គាំទ្រ និង​រៀបរាប់​ពី​ផល​ប្រយោជន៍ ដែល​នឹង​ទាញ​បាន​ពី​គម្រោង​នេះ ហើយ​ក៏​វាយ​ប្រហារ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​មនុស្ស​មួយ​ចំនួន ដែល​បាន​រិះគន់​ទៅ​លើ​គម្រោង​នេះ​ផង​ដែរ។

សភា​ដែល​មាន​តែ​សមាជិក​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំណាយ​ពេល​ប្រហែល ២​ម៉ោង​កន្លះ ដើម្បី​សាកសួរ និង​ស្តាប់​ការ​បំភ្លឺ​របស់ លោក ស៊ុយ សែម ដែល​ភាគ​ច្រើន​រដ្ឋមន្ត្រី​រូប​នេះ​អាន​ចម្លើយ​ដែល​លោក​បាន​ត្រៀម​ទុក​ជា​ស្រេច​ក្នុង​ក្រដាស ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​សួរ​របស់​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​តែ​មួយ​ជាមួយ​លោក។

សំណួរ​ដែល​បាន​ចោទ​សួរ​ដោយ​តំណាង​រាស្ត្រ​ចំនួន ៥​រូប ក្នុង​ចំណោម​តំណាង​រាស្ត្រ​ដែល​ឡើង​ថ្លែង​ចំនួន ៧​រូប គឺ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​មួយ​ចំនួន ដែល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​នេះ​កំពុង​ជួប​ប្រទះ ក្នុង​នោះ​រួម​មាន បញ្ហា​បន្លាស់​ទី​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីកន្លែង​ថ្មី បញ្ហា​ផ្តល់​ដី​ឲ្យ​ពលរដ្ឋ​បង្កបង្កើនផល បញ្ហា​កាប់​ព្រៃ​ឈើ ការ​ផ្តល់​សំណង​ផ្សេងៗ និង​ដំណើរ​ការ​អនុវត្ត​របស់​ក្រុមហ៊ុន ជាដើម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​រាស្ត្រ​ភាគ​ច្រើន​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ​គម្រោង​វារីអគ្គិសនី​នេះ ដោយ​លើក​ឡើង​ថា ជា​ការ​អភិវឌ្ឍ​មួយ​ត្រឹមត្រូវ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ថាមពល​ជាក់ស្តែង​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។

ចំណែក លោក ស៊ុយ សែម វិញ លោក​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​តំណាង​រាស្ត្រ ដោយ​អាន​ចម្លើយ​ក្នុង​ក្រដាស​ដែល​លោក​បាន​ត្រៀម​ទុក​ជា​ស្រេច។ ក្នុង​ការ​ឆ្លើយ​តប​នេះ លោក ស៊ុយ សែម ព្យាយាម​លើក​ឡើង​អំពី​មូលហេតុ និង​ផល​ប្រយោជន៍​ផ្សេងៗ កើត​ឡើង​ពី​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​មួយ​នេះ និង​គោលការណ៍​ផ្សេងៗ​សម្រាប់​ដោះស្រាយ ក្នុង​ការ​អនុវត្ត​គម្រោង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល រូប​នេះ ទទួល​ស្គាល់​ថា ការ​អភិវឌ្ឍ​នូវ​គម្រោង​នេះ ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​មួយ​ចំនួន តែ​លោក​ថា ក៏​មាន​ការ​សិក្សា​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​អំពី​គម្រោង​នេះ​រួច​ហើយ​ដែរ។

ចំពោះ​ការ​តាំង​លំនៅឋាន​ថ្មី​របស់​ពលរដ្ឋ លោក ស៊ុយ សែម មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ទៅ​តាម​ផែនការ​ដែល​បាន​កំណត់​រួច​ហើយ ដែល​ក្នុង​នោះ ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ភូមិ​ទំហំ ១​ពាន់​ម៉ែត្រ​ការ៉េ និង​ដី​បង្កបង្កើនផល​ចំនួន ៥​ហិកតារ។ ចំណែក​បញ្ហា​កាប់​ព្រៃ​វិញ លោក​ថា វា​មិន​មែន​ជា​សមត្ថកិច្ច​របស់​ក្រសួង​រ៉ែ និង​ថាមពល ទេ ប៉ុន្តែ​វា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម រីឯ​ការ​ប្រមូល​លុយ​ពី​ការ​កាប់​ឈើ​វិញ វា​ជា​ភារកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ លោក​ថា តួនាទី​របស់​ក្រសួង​រ៉ែ និង​ថាមពល គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​អាង​ស្អាត និង​ធ្វើ​ឲ្យ​ទំនប់​វារីអគ្គិសនី​ដំណើរ​ការ​ប៉ុណ្ណោះ។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ លោក ស៊ុយ សែម អះអាង​ថា ផល​ប្រយោជន៍​ដែល​ទទួល​បាន​ពី​គម្រោង​នេះ គឺ​មាន​ច្រើន​ជាង​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​គម្រោង។ ចំណែក​ប្រជាពលរដ្ឋ​វិញ លោក​ថា ក៏​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​គម្រោង​នេះ​ផង​ដែរ៖ «ដី​ម្នាក់ ៥​ហិកតារ ដី​បង្កបង្កើនផល ៥​ហិកតារ ដី​ភូមិ​ឲ្យ ១​ពាន់​ម៉ែត្រ​ការ៉េ ផ្ទះ​សង់​ឲ្យ​ម្នាក់ ៨០​ម៉ែត្រ​ការ៉េ គ្រប់​គ្នា ម្នាក់ ៨០​ម៉ែត្រ​ការ៉េ​ទាំងអស់ គឺ​មនុស្ស​មួយ​គ្រួសារ​មាន​តែ ២​នាក់ ក៏ ៨០​ម៉ែត្រ​ការ៉េ ៥​នាក់​ក៏ ៨០​ម៉ែត្រ​ការ៉េ អា​ធំ ហើយ​ថ្ម​ក៏​បាន ឈើ​ក៏​បាន ស្រេច​គាត់​យក​អាណា​សង់​ឲ្យ​អា​ហ្នឹង និង​ហេដ្ឋារចនាសម្ព័ន្ធ ស្រែ​ភ្លឺ​ឲ្យ​គាត់ ធារាសាស្ត្រ​ឲ្យ​គាត់ សាលារៀន ធ្វើ​ឲ្យ​គាត់ វត្ត មណ្ឌល​សុខភាព ធ្វើ​ជូន​គាត់​ទាំងអស់»

លោក ស៊ុយ សែម បន្ត​ថា ផ្ទៃដី​ប៉ះពាល់​សរុប​ដែល​ពលរដ្ឋ​ត្រូវ​បាត់​បង់​ដោយសារ​គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម​២ សរុប​ចំនួន ៩១០​ហិកតារ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ថា ចំនួន​ផ្ទៃដី​ដែល​រដ្ឋាភិបាល​សង​ពួក​គាត់​វិញ មាន​រហូត​ដល់ ៤​ពាន់ ៦៤​ហិកតារ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គម្រោង​ដ៏​ចម្រូងចម្រាស​មួយ​នេះ កំពុង​បន្ត​ដំណើរ​ការ​សាងសង់​ទៅ​មុខ ដោយ​ពុំ​ទាន់​បាន​ដោះស្រាយ​បញ្ហា​ឲ្យ​ចប់​សព្វគ្រប់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឡើយ ហើយ​ដែល​នៅ​ពេល​នេះ ប្រជាពលរដ្ឋ​ខ្លះ​បាន​យល់​ព្រម​ទទួល​សំណង​រួច​ហើយ ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត ពិសេស​ពលរដ្ឋ​ដែល​បាន​តាំង​ទីលំនៅ​នៅ​ក្នុង​តំបន់​សាងសង់​ទំនប់​ជា​យូរ​មក​ហើយ​នោះ មិន​ទាន់​យល់​ព្រម​ទទួល​សំណង​នៅ​ឡើយ ដោយ​ពួក​គេ​លើក​ឡើង​ថា សំណង​ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​គេ​នោះ មិន​ទាន់​សមរម្យ។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​ចំនួន ៤០០​មេហ្គា​វ៉ាត់ និង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​សាងសង់​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក នេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជិត ១​ពាន់​គ្រួសារ។ បើ​តាម លោក ស៊ុយ សែម គម្រោង​សាងសង់​នេះ​អាច​បញ្ចប់​នៅ​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។