ស្ថានការណ៍​​នៅ​តាម​ព្រំដែន​ខ្មែរ-​ថៃ​ស្ងប់ស្ងាត់

ស្ថានភាព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-​ថៃ មក​ដល់​ពេល​នេះ​ពុំ​មាន​អ្វី​ប្រែប្រួល​នៅ​ឡើយ​ទេ ក្រៅ​ពី​​បង្កើន​ការ​ប្រយ័ត្ន និង​ពង្រឹង​ការ​យាម​ល្បាត​នៅ​តាម​ជាយដែន​នៃ​ប្រទេស​ទាំង​ពីរ​ជាង​មុន​នោះ។
ដោយ វិទ្យុ អាស៊ីសេរី
2013-04-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ ឡើង​លើ​រថយន្ត​យោធា​ដើម្បី​ភៀស​ខ្លួន​ចេញ​ពី​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ទៅ​កាន់​ភូមិ​ថ្នល់​បំបែក ឃុំ​ថ្មី​ ស្រុក​គូលែន ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។ កងទ័ព​ខ្មែរ-​ថៃ បាន​ប៉ះទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។
ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ ឡើង​លើ​រថយន្ត​យោធា​ដើម្បី​ភៀស​ខ្លួន​ចេញ​ពី​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ទៅ​កាន់​ភូមិ​ថ្នល់​បំបែក ឃុំ​ថ្មី​ ស្រុក​គូលែន ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។ កងទ័ព​ខ្មែរ-​ថៃ បាន​ប៉ះទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។
RFA/Hang Savyouth

ស្រប​ពេល​​ភាគី​ទាំង​ពីរ​គឺ​កម្ពុជា-​ថៃ កំពុង​ប្រើប្រាស់​វេទិកា​នៃ​សវនាការ​បកស្រាយ​ផ្ទាល់​មាត់ ស្ដីពី​តំបន់​ជម្លោះ​ប្រាសាទ​ព្រះវិហារ នៅ​ទីក្រុង​ឡាអេ ដ៏​ស្វិតស្វាញ​នោះ ពលរដ្ឋ និង​មន្ត្រី​យោធា​កម្ពុជា នៅ​ជាប់​ព្រំដែន​អះអាង​ថា ស្ថានការណ៍​នៅ​តាម​ខ្សែ​បន្ទាត់​ខណ្ឌ​សីមា រវាង​កម្ពុជា-​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ជា​ធម្មតា និង​បន្ត​ទាក់ទង​គ្នា​ដូច​មុន​ថ្ងៃ​១៥ កក្កដា ឆ្នាំ​២០០៨។

មន្ត្រី​យោធា​​ឈរ​ជើង​នៅ​ច្រក​ព្រៃ​ជប់ ក្បែរ​ទំនប់​ក៥ ក្រុង​ប៉ោយប៉ែត ខេត្ត​​បន្ទាយមានជ័យ ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ មេសា ថា ទាំង​កម្ពុជា និង​ថៃ នៅ​ពេល​នេះ​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ការពារ​អធិបតេយ្យភាព​រៀង​ៗ​ខ្លួន​ជាង​មុន នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន។

លោក​បន្ត​ថា ក៏ប៉ុន្តែ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​ការ​ចេញចូល និង​ធ្វើ​អាជីវកម្ម​ជា​ធម្មតា​នៅ​ឡើយ៖ «ស្ដាប់​ទូរទស្សន៍​ទៅ​ចេះ​តែ​ត្រៀមៗ​ទៅ ខ្លាច​តែ​យើង​យ៉ាងណា​ៗ​បាន​អង្ករ​បាន​អី​ទៅ​ស៊ី ហើយ​មនុស្ស​ម្នាក់ៗ​ត្រូវ​តែ​ត្រៀម ខ្លាច​នៅ​តាម​ជាយដែន​វា​មិន​ដឹង​ថ្ងៃ​ណា នៅ​ព្រៃ​វា​​មិន​ដឹង​ដែរ»

លោក ញាណ សារុំ ពលរដ្ឋ​នៅ​ច្រក​អូស្មាច់ ខេត្ត​​ឧត្ដរមានជ័យ ឲ្យ​ដឹង​ថា ពលរដ្ឋ​​កម្ពុជា ត្រៀម​រួច​​ជា​ស្រេច​ដើម្បី​​ជម្លៀស​ចេញ ក្នុង​ករណី​ការ​ផ្ទុះ​អាវុធ​កើត​ឡើង​ដោយ​ចៃដន្យ​ណា​មួយ​នោះ៖ «ដឹង​ថា យ៉ាង​ម៉េច​ដែរ​បង! ប៉ុន្តែ​ចេញចូល ខ្ញុំ​ទៅ​ចេះ​តែ​ទៅ​បាន ទៅ​លេង​វត្ត​គេ​មួយ​ភ្លែត​អ៊ីចឹង​ទៅ​ត្រឡប់​មក​វិញ។ គេ​មក​មួយ​ភ្លែត​អី​អ៊ីចឹង​ទៅ បែក​គ្នា​ទៅ ប៉ុន្តែ​កម្លាំង​នៅ​តែ​ត្រៀម ជួរ​មុខ​អត់​មាន​ប្រហែស​ទេ ព្រោះ​ថា​បទ​បញ្ជា»

ទោះ​ជា​​បែប​ណា ទាំង​យោធា​ម្ពុជា និង​យោធា​ថៃ បាន​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាង​មុន នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។ ការ​បន្ត​រឹត​បន្តឹង​ផ្នែក​យោធា​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នេះ គឺ​ដើម្បី​ពង្រឹង​ផ្នែក​សន្តិសុខ ដែល​អាច​ប្រឈមមុខ​ដោយ​សព្វាវុធ​ណា​មួយ​នៅ​ចំ​ពេល​តុលាការ​យុត្តិធម៌​អន្តរជាតិ កំពុង​ដំណើរ​ការ​សវនាការ​ស្ដីពី​ពី​ប្រាសាទ​ព្រះវិហារ។

នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា នេះ​ដែរ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ហង្ស សាវយុត ក៏​បាន​​ធ្វើ​ដំណើរ​ពិនិត្យ​ស្ថានភាព​នៅ​តាម​ព្រំដែន​ខ្លះ ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហង្ស សាវយុត តាម​ការ​សាកសួរ​របស់​អ្នកស្រី ម៉ៅ សុធានី៖

 

មេបញ្ជាការ​ជាន់​ខ្ពស់​របស់​ខ្មែរ​បញ្ជាក់​បន្ថែម

មេបញ្ជាការ​ជាន់​ខ្ពស់​របស់​ខ្មែរ​ដែល​កំពុង​ប្រចាំ​ការ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ អះអាង​ថា ស្ថានការណ៍​តាម​ព្រំដែន​កម្ពុជា-​ថៃ នៅ​មាន​សភាព​ធម្មតា​នៅ​ឡើយ បើ​ទោះ​បី​ភាគី​ខ្មែរ និង​ថៃ កំពុង​ឡើង​បកស្រាយ​ផ្ទាល់​មាត់​អំពី​ករណី​ក្ដី​ប្រាសាទ​ព្រះវិហារ នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ក៏ដោយ។

មន្ត្រី​​យោធា​ខ្មែរ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ប្រាសាទ​ព្រះវិហារ​បាន​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ថែម​ទៀត។

សូម​ស្ដាប់​បទសម្ភាសន៍​តាម​ទូរស័ព្ទ​រវាង​លោក តាំង សារ៉ាដា និង​លោក​ឧត្តមសេនីយ៍ ស្រី ឌឹក ដែល​មាន​សេចក្ដី​ដូច​ត​ទៅ៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

តើបងប្អូនខ្មែរមានឆ្ងល់ឬទេ ហេតុអ្វីខ្មែរនិងថៃកាប់ចាក់គ្នារឿងដី៤.៦គីឡូមែត្រការ៉េ
ហើយហេតុអ្វីខ្មែរមិនទៅច្បាំងជាមួយយួន រឿងដីស្ទើរទាំងនគរដែលយួនយកជិតបានរាល់ថ្ងៃ?

Apr 18, 2013 05:26 PM

គេហទំព័រ​ទាំងមូល