មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ប្រេង​សាំង​រត់​ពន្ធ​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ជួយ​ទប់​ស្កាត់​សកម្មភាព​ទំនិញ​គេច​ពន្ធ មាន​ដូចជា​ប្រេងសាំង​ជាដើម ដែល​កំពុង​ធ្វើ​សកម្មភាព​ចូល​តាម​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ។

ប្រជាពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន​ចោទ​ថា មន្ត្រី​ពាក់ព័ន្ធ​ស្ថាប័ន​ជំនាញ​ការពារ​លំហ​សមុទ្រ​ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​នេះ ទើប​គ្មាន​សកម្មភាព​បង្ក្រាប។ ប៉ុន្តែ​ការ​ចោទ​នេះ ត្រូវ​មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​លំហ​សមុទ្រ​បដិសេធ។

សារ​អំពាវនាវ​របស់​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​ដូច្នេះ កើត​ឡើង​បន្ទាប់​មន្ត្រី​រាជការ​ថ្នាក់​ក្រោម និង​ប្រជាពលរដ្ឋ​នា​ខេត្ត​ព្រះសីហនុ អះអាង​ថា មាន​សកម្មភាព​រត់​ពន្ធ​ទំនិញ ពិសេស​ប្រេងសាំង បាន​ធ្វើ​សកម្មភាព​ក្នុង​លំហ​សមុទ្រ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា សកម្មភាព​រត់ពន្ធ​ប្រេងសាំង​ពី​ប្រទេស​ជិត​ខាង​ចូល​មក​កម្ពុជា តាម​ច្រក​ផ្សេងៗ ពិសេស​តាម​លំហ​សមុទ្រ​ខេត្ត​ព្រះសីហនុ ជាដើម បាន​នាំ​ឲ្យ​បាត់​ចំណូល​ថវិកា​ជាតិ និង​តម្លៃ​សាំង​កើន​ខ្ពស់​ជា​រៀងរាល់​ឆ្នាំ។

លោក កឹម សុខា ដែល​ជា​អនុ​ប្រធាន​សភា​ផង​នោះ បាន​ស្នើ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ស៊ើប​អង្កេត​និង​ទប់ស្កាត់ ព្រម​ទាំង​វែក​រក​មុខ​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​រត់ពន្ធ​ទំនិញ ឬ​ប្រេងសាំង​នា​ខេត្ត​ព្រះសីហនុ មក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ព្រមាន​ថា នឹង​លើក​យក​សកម្មភាព​ទំនិញ​គេច​ពន្ធ ឬ​ប្រេងសាំង​គេច​ពន្ធ ព្រមទាំង​បទល្មើស​ផ្សេងៗ​ទៀត​នា​ខេត្ត​ព្រះសីហនុ ដាក់​ជូន​គណៈកម្មការ​ជំនាញ​រដ្ឋ​សភាព​ពិនិត្យ និង​ស៊ើប​អង្កេត ព្រមទាំង​ឈាន​ដល់​កោះ​ហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​មក​បំភ្លឺ​នៅ​មន្ទីរ​រដ្ឋសភា​ជុំវិញ​បទល្មើស​នីមួយៗ​៖ «យើង​បាន​និយាយ​ច្បាស់ៗ​រឿង​រត់​ពន្ធ​ទំនិញ​គេច​ពន្ធ​មាន​ប្រេង​សាំង​ជាដើម នាំ​ឲ្យ​បាត់បង់​ចំណូល​ថវិកា​ជាតិ​ទៅ​មេដឹកនាំ​គណបក្ស​កាន់​អំណាច រួច​ហើយៗ​ករណី​នេះ កុំ​ថា​ឡើយ​​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ បើ​សិន​ជា​ទប់ស្កាត់​អំពើ​ពុករលួយ​ទាំង​ឡាយ ដែល​ពី​ការ​គេច​​ពន្ធ​នេះ គឺ​អាច​យក​មក​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ ឬ​ជួយ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ក្រីក្រ​ដោយ​មិន​គិត​ថ្លៃ​ក៏​បាន​ដែរ។ បញ្ហា​ទាំង​អស់​នេះ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ល្មម​ភ្ញាក់​ខ្លួន​ហើយៗ​ថា ករណី​នាំ​ទំនិញ​គេច​ពន្ធ មាន​ប្រេង​សាំង​ជាដើម​ផ្ដាច់​មុខ​នៅ​កម្ពុជា គឺ​ជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ខ្លួន​ឯង​បាន​ចំណេញ​ច្រើន ប៉ុន្តែ​តម្លៃ​សាំង​ឡើង​ថ្លៃ​ខ្ពស់ និង​បាន​ប៉ះពាល់​ដល់​មនុស្ស​គ្រប់គ្នា​ដែល​ប្រើប្រាស់​ប្រេង​ប្រចាំ​ថ្ងៃ។ សកម្មភាព​នេះ មិន​ខុស​គ្នា​ទៅ​នឹង​ព្រាយ​បិសាច​​​ជញ្ជក់​ឈាម​ទេ»

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​រាជការ​មាន​ឋានៈ​តូចតាច ប្រជាពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​នា​ខេត្ត​ព្រះសីហនុ សុទ្ធតែ​បាន​ដឹង​ឮ​លើ​ករណី​រត់ពន្ធ​ប្រេង​សាំង និង​អ្នក​នៅ​ពីក្រោយ​បទល្មើស​នេះ ថា​ជាប់​ពាក់ព័ន្ធ​សែស្រឡាយ​មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​តាម​លំហ​សមុទ្រ ឬ​ស្ថាប័ន​ប៉ូលិស និង​កងទ័ព​ជើង​ទឹក​ជាដើម។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លោក លី ឌី បាន​ទទួល​ស្គាល់​ថា ពិតជា​មាន​ករណី​រត់​ពន្ធ​ប្រេង​សាំង និង​បទល្មើស​នាំ​ទំនិញ​ផ្សេងៗ​គេច​ពន្ធ​តាម​ដែន​សមុទ្រ​ខេត្ត​នេះ​ពិត​មែន។ ប៉ុន្តែ​លោក​ស្នើ​មិន​ទាន់​បញ្ចេញ​អត្តសញ្ញាណ​អ្នក​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​បទល្មើស​ទាំង​នេះ​ទេ។

ករណី​នេះ លោក​ក៏​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល​ជួយ​បញ្ជូន​មន្ត្រី​ឯករាជ្យ​ចុះ​ស៊ើប​អង្កេត និង​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​ទំនិញ​គេច​ពន្ធ មាន​ប្រេងសាំង​ជាដើម នា​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ឲ្យ​មាន​ប្រសិទ្ធភាព៖ «នៅ​ខេត្ត​ព្រះសីហនុ អ្នក​ណាៗ​ក៏​បាន​ដឹង​ដែរ​ថា អ្នក​មាន​អំណាច ១​គ្រួសារ ទៅ ២​គ្រួសារ ជា​អ្នក​រក​ស៊ី​រត់ពន្ធ​ប្រេង និង​ទំនិញ​ផ្សេងៗ ហើយ​មន្ត្រី​ទាំង​នោះ​គេ​ស្គាល់​ទាំង​ឈ្មោះ និង​តួនាទី កំពុង​បំរើ​ការងារ​ក្នុង​ស្ថាប័ន​ជំនាញ​ប្រដាប់​អាវុធ ជាពិសេស​មាន​តួនាទី​សំខាន់​ក្នុង​សកម្មភាព​​បង្ក្រាប​បទល្មើស​នានា នៅ​លើ​លំហ​សមុទ្រ​ថែម​ទៀត។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មន្ត្រី​មួយ​ចំនួន​នោះ បាន​ ​នៅ​ពី​ក្រោយ​បទល្មើស​នាំ​ទំនិញ ពិសេស​ប្រេងសាំង​គេច​ពន្ធ​ចូល​តាម​ដែន​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ ជា​យូរ​ឆ្នាំ​មក​ហើយ»

​ទាក់ទិន​បញ្ហា​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​រឹត​បន្តឹង និង​មាន​វិធានការ​ជុំវិញ​បទល្មើស​ផ្សេងៗ មាន​ដូចជា​បទល្មើស​រត់​ពន្ធ​ប្រេងសាំង និង​បទល្មើស​នេសាទ​ជាដើម។

​លោក​ទទួល​ស្គាល់​ថា កន្លង​មក​ពិត​ជា​មាន​បទល្មើស​ផ្សេងៗ បាន​ធ្វើ​សកម្មភាព​នៅ​លើ​លំហ​សមុទ្រ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ មាន​ដូចជា​ប្រេងសាំង និង​បទល្មើស​នេសាទ​ជាដើម​ពិត​មែន ប៉ុន្តែ​មាន​មិន​ច្រើន​ទេ។ លោក​បង្ហាញ​ពី​ផលវិបាក និង​កង្វះ​មធ្យោបាយ​របស់​មន្ត្រី​ជំនាញ​ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​នៅ​ក្នុង​លំហ​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​នា​ខេត្ត​ព្រះសីហនុ៖ «នៅ​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​មាន​បង្កើត​នូវ​គណៈកម្មការ​បង្ក្រាប​បទល្មើស​ផ្សេងៗ មិន​ថា​តែ​ប្រេង​សាំង​ទេ គឺ​គ្រប់​បទល្មើស​​​ទាំង​អស់​ឲ្យ​តែ​រក​ឃើញ។ បទល្មើស​នេះ​នៅ​ក្នុង​លំហ​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ គឺ​មាន​បទ​​ល្មើស​ទាំង​នេះ​កើត​ឡើង ហើយ​អាជ្ញាធរ​ជំនាញ​ក៏​កំពុង​ចាត់​វិធានការ​ទៅ​លើ​បទល្មើស​ទាំង​នេះ​ហើយ​ដែរ»

​ចំណែក​លោក​ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​ជួរមុខ​នៃ​គណៈកម្មាធិការ​ជាតិ សន្តិសុខ​លំហ​សមុទ្រ ឆ្លើយ​បដិសេធ​ថា មិន​មាន​សកម្មភាព​បទល្មើស​ដឹក​ទំនិញ​គេច​ពន្ធ មាន​ដូចជា​ប្រេងសាំង​គគ្រឹកគគ្រេង​កើត​មាន​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ដូច​ការ​ចោទ​នោះ​ទេ។ លោក​ថា បទល្មើស​ទាំងនេះ​កម្លាំង​ជំនាញ​បាន​ឃ្លាំមើល​ជាប្រចាំ៖ «តាម​ដែល​កម្លាំង​ជំនាញ​ធ្វើ​ការ​ងារ​​ជាក់​ស្តែង​ដូច​ជា​មិន​ឃើញ​បទល្មើស​រត់​ពន្ធ​ទំនិញ ឬ​ប្រេងសាំង​កើត​មាន​តាម​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ​ទេ។ តាម​ដែល​ឯកឧត្តម កឹម សុខា បាន​លើក​ឡើង​ពី​បទល្មើស​ប្រេង​សាំង​គេច​ពន្ធ​នេះ​កើត​មាន​នៅ​កន្លង​ណា​ខ្លះ? ដូច​ជា​មិន​មាន​ទេ»

​យ៉ាង​នេះ​ក្តី មន្ត្រី​រាជការ​ថ្នាក់ក្រោម និង​មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​ព្រះសីហនុ ចោទ​ថា កងកម្លាំង​ក្នុង​ជួរ​កងទ័ពជើងទឹក និង​ប៉ូលិស​ជើង​ទឹក​ជាដើម បាន​នៅ​ពីក្រោយ​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​ពី​ប្រទេស​ជិត​ខាង មាន​ប្រេងសាំង​ជាដើម ចូល​មក​កម្ពុជា តាម​ខេត្ត​ជាប់​មាត់​សមុទ្រ​មាន​ខេត្ត​ព្រះសីហនុ ហើយ​ថា បទល្មើស​ទាំង​នេះ គ្មាន​ស្ថាប័ន​ណាមួយ​ហ៊ាន​ចេញមុខ​បង្ក្រាប ឬ​ទប់ស្កាត់​ទេ​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។